តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ របស់អ្នកឧកញ៉ា គិត ម៉េង ទទួលបានប្រាក់ចំណេញសុទ្ធ ៨,៤លានដុល្លារ ក្នុងត្រីមាសទី១ ឆ្នាំ២០២៥ កើនឡើង ៥៣ដងធៀបឆ្នាំមុន

ជុំវិញ​ឧកញ៉ា

ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត របស់អ្នកឧកញ៉ា គិត ម៉េង ដែលជាក្រុមហ៊ុនអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ (Royal Group Phnom Penh Special Economic Zone) បានរាយការណ៍ពីការកើនឡើងយ៉ាងខ្លាំង នៃប្រាក់ចំណេញសុទ្ធ សម្រាប់ត្រីមាសទី១ ឆ្នាំ២០២៥នេះ ដោយទទួលបានប្រាក់ចំនួន ៨,៤ លានដុល្លារអាម៉េរិក ស្មើនឹងកើន ៥៣ដងខ្ពស់ជាងកំណត់ត្រាក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន មានត្រឹម ១៥៨,៩៩៨ ដុល្លារអាម៉េរិក ដែលភាគច្រើនដោយសារតែការលក់អចលនទ្រព្យវិនិយោគ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រាក់ចំណូលប្រចាំត្រីមាស បានកើនឡើងដល់ទៅ ៥១២% ពីមួយឆ្នាំទៅមួយឆ្នាំ គិតជាប្រាក់ដល់ ២៤,៩ លានដុល្លារអាម៉េរិក ពី ១៨,៧ លានដុល្លារអាម៉េរិក។ នេះបើយោងតាមឯកសាររបស់ក្រុមហ៊ុនបានរាយការណ៍ជូនទៅកាន់ផ្សារមូលបត្រកម្ពុជា (CSX) កាលពីថ្ងៃព្រហស្បតិ៍ ទី៨ ខែឧសភា ម្សិលមិញនេះ។

“ការលក់សម្រាប់ត្រីមាសបច្ចុប្បន្ន គឺខ្ពស់ជាងគួរឱ្យកត់សម្គាល់បើប្រៀបធៀបទៅនឹងត្រីមាសដូចគ្នា កាលពីឆ្នាំមុន ដែលបណ្តាលឱ្យមានការកើនឡើងយ៉ាងខ្លាំងនៃការលក់ និងប្រាក់ចំណេញសុទ្ធ។ នេះភាគច្រើនដោយសារតែការលក់ដីធ្លីកើនឡើង បើធៀបនឹងត្រីមាសឆ្នាំមុន”។ របាយការណ៍ក្រុមហ៊ុន បានបញ្ជាក់។

សូមជម្រាបថា អាជីវកម្មស្នូលរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត គឺពាក់ព័ន្ធនឹងការបង្កើត អភិវឌ្ឍ និងប្រតិបត្តិការតំបន់សេដ្ឋកិច្ចពិសេស លើផ្ទៃដីប្រមាណ ៣៥៧ ហិកតា ក្នុងរាជធានីភ្នំពេញ ដែលមានក្រុមហ៊ុនបរទេសចំនួន ៩០ មកពី ១៤ ប្រទេស។ ក្រុមហ៊ុននេះ ក៏កាន់កាប់ទាំងស្រុងនូវក្រុមហ៊ុន Royal Group Kandal SEZ Co Ltd និង Royal Group Poipet SEZ Co Ltd. ផងដែរ៕