កូនស្រីបង្កើតរបស់អ្នកឧកញ៉ា ទៀ វិចិត្រ អគ្គនាយកក្រុមហ៊ុន ជីធីវីសុី គ្រុប និងជាសមាជិកសមាគមឧកញ៉ាកម្ពុជា ឈ្មោះ TEA Ketaravatey បានបញ្ចប់ការសិក្សាកម្រិតថ្នាក់វិទ្យាល័យ នៅសាលា Northbridge International School Cambodia (NISC) ដែលជាសាលារបស់អ្នកឧកញ៉ា គិត ម៉េង ក្នុងឆ្នាំសិក្សា២០២៥នេះ។

លោកជំទាវ ហេង គីមជី ភរិយារបស់អ្នកឧកញ៉ា ទៀ វិចិត្រ បានបង្ហោះរូបភាពអបអរសាទរកូនស្រីនៅលើទំព័រហ្វេសប៊ុក កាលពីរសៀលថ្ងៃទី២៤ ខែឧសភា ជាមួយសារដ៏មានអត្ថន័យបែបនេះថា៖ “អបអរសាទកូនស្រីទី២ និងរីករាយថ្ងៃកំណើតកូនស្រីធំ ម៉ាក់ប៉ាជូនពរកូនៗមានសុខភាពល្អ មានអនាគតត្រចះត្រចង់ ជួបតែមនុស្សល្អៗនៅជុំវិញខ្លួន ហើយមានសំណាងល្អ មានក្ដីសុខសុភមង្គលពេញមួយជីវិត”។
សាលាអន្តរជាតិ Northbridge មានទីតាំងនៅផ្លូវ ២០០៤ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ជាសាលាតែមួយគត់នៅកម្ពុជា ក្លាយជាសមាជិករបស់ Nord Anglia Education ជាសមាគមសាលា ដែលគេទទួលស្គាល់ជាសាលានាំមុខគេលើពិភពលោក។ សាលានេះ ជាសាលាមួយ ដែលអ្នកឧកញ៉ា ឧកញ៉ា អ្នកមាន និងអ្នកធំៗស្រុកខ្មែរជាច្រើន បានបញ្ជូនកូនទៅសិក្សានៅទីនោះ។ កាលឆ្នាំ២០២២ កូនស្រីរបស់អ្នកឧកញ៉ា គួច ម៉េងលី ស្ថាបនិកក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ក៏បានបញ្ចប់ការសិក្សានៅសាលានេះផងដែរ។
សូមជម្រាបថា សាលាអន្តរជាតិ Northbridge មានកម្រិតសិក្សាពីបឋមសិក្សា ដល់វិទ្យាល័យ ហើយតម្លៃសិក្សាត្រូវបានគេដឹងថា អាចដល់ ២៤០០០ ដុល្លារក្នុងមួយឆ្នាំ៕





