លោកអ្នកឧកញ៉ា ទ្រី ភាព អគ្គនាយកក្រុមហ៊ុន ទ្រី ភាព គ្រុប បេសកជនពិសេស របស់សមេ្តចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងលោកជំទាវអ្នកឧកញ៉ា គៀន ស្រីនាង បានប្រកាសឧបត្ថម្ភថវិកាចំនួន ២០០,០០០ ដុល្លារអាម៉េរិក ជូនដល់កងទ័ពជួរមុខដែលឈរជើងតាមព្រំដែន។ នេះបើតាមក្រុមហ៊ុន ទ្រី ភាព គ្រុប បានបញ្ជាក់ឱ្យដឹង នៅរសៀលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៥នេះ។

ការចូលរួមឧបត្ថម្ភថវិកានេះ គឺជាការចូលរួមចំណែកលើកទឹកចិត្ត ដល់កងទ័ពកម្ពុជាដ៏អង់អាចក្លាហានរបស់កម្ពុជា ដែលកំពុងឈរជើងជាប់ជាប្រចាំ ដើម្បីការពារបូរណភាពទឹកដី នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។
សម្តេចតេជោ ហ៊ុន សែន តាមរយៈថ្លែងការណ៍ចេញពីព្រឹទ្ធសភា នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ បានអំពាវនាវប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមឧបត្ថម្ភតាមការស្ម័គ្រចិត្តដល់កងទ័ព ដើម្បីបង្ហាញពីភាពរួបរួមគ្នាជាធ្លុងមួយនៃខឿនការពារជាតិរបស់កម្ពុជា។
ឆ្លៀតឱកាសនេះ យើងខ្ញុំសូមបួងសួងដល់ទេវតារក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា បុព្វបុរសខ្មែរគ្រប់ព្រះអង្គ និងវត្ថុសក្តិសិទ្ធិក្នុងលោក សូមតាមថែរក្សាការពារកងទ័ពកម្ពុជារបស់យើង ឱ្យជួបប្រទះតែសេចក្តីសុខ ជៀសផុតពីជំងឺដង្កាត់ទាំងឡាយ ហើយឈ្នះអស់ខ្មាំងសត្រូវ៕
