បន្ទាប់ពីមានការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្រ្ដី ឱ្យប្រជាពលករខ្មែរដែលចំណាកស្រុកទៅធ្វើការនៅប្រទេសថៃ ត្រឡប់មកធ្វើការក្នុងប្រទេសវិញ, នៅពេលនេះ ឧកញ៉ា សឹង ចាតវិជ្ជា ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ម៉ូរៀ បានប្រកាសផ្ដល់ការងារជាច្រើនរយកន្លែងជូនដល់បងប្អូនខ្មែរយើងដែលមានជំនាញច្បាស់លាស់។

តាមរយៈការផ្ដល់បទសម្ភាសន៍ជាមួយឧកញ៉ាញូស៍នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥នេះ ឧកញ៉ា សឹង ចាតវិជ្ជា បានឱ្យដឹងថា ក្រុមហ៊ុន ម៉ូរៀ នឹងផ្ដល់ឱកាសការងារជូនដល់បងប្អូនខ្មែរដែលត្រឡប់មកពីធ្វើពលករនៅប្រទេសថៃ ដែលមានជំនាញច្បាស់លាស់លើការផលិតសាប៊ូកក់សក់ សាប៊ូដុសខ្លួន និងសាប៊ូសម្អាតផ្ទះ។
ឧកញ៉ា សឹង ចាតវិជ្ជា បានបន្ថែមថា ទោះបីជាក្រុមហ៊ុន មានអ្នកជំនាញកូរ៉េដែលមកធ្វើការក្នុងក្រុមហ៊ុនក៏ដោយ ក៏លោកឧកញ៉ានឹងសម្រេចផ្ដល់ការងារជូនពលករខ្មែរយើង ទៅតាមចំណេះ ជំនាញ តួនាទ និងបទពិសោធន៍ ត្បិតបច្ចុប្បន្ន រោងចក្រលោកឧកញ៉ា ផ្ដល់ប្រាក់ខែ ជូនបុគ្គលិកចន្លោះចាប់ពី ២៥០ដុល្លារ រហូតដល់ ៥០០០ដុល្លារ ប្រសិនបើបងប្អូនមានជំនាញច្បាល់លាស់។
លោកឧកញ៉ាបានបញ្ជាក់ថា ទីតាំងក្រុមហ៊ុនគឺស្ថិតនៅខណ្ឌច្បារអំពៅ ប្រសិនបងប្អូនពលករខ្មែរចាប់អារម្មណ៍ អាចទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ៖ 077 941 099។

សូមជម្រាបជូនថា ក្រុមហ៊ុន ម៉ូរៀ ជាក្រុមហ៊ុនបង្កើតឡើងដោយកូនខ្មែរ ដែលមានលោកឧកញ៉ា សឹង ចាតវិជ្ជា ជានាយកប្រតិបត្តិ ដោយបានសហការណ៍ជាមួយដៃគូនៅប្រទេសកូរ៉េ ផលិតនូវផលិតផលសម្អាងមានអាហារបំប៉ន និងគ្រឿងសម្អាងសុទ្ធមកពីកូរ៉េ១០០% សម្រាប់អតិថិជន ឱ្យទទួលបាននូវផលិតផលមានគុណភាពនិងស្តង់ដាអន្តរជាតិ។ គ្រប់ផលិតផលទាំងអស់របស់ ម៉ូរៀ មានការធានាត្រឹមត្រូវ និងមានការទទួលស្គាល់ពីក្រសួងសុខាភិបាល និងជាពិសេសមានការធានាពីក្រុមហ៊ុនយក្សសាំសុងនៅប្រទេសកូរ៉េ ថែមទៀតផង៕




