នារសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ អ្នកឧកញ៉ា ឧកញ៉ាៗ ចំនួន ៥រូប បានអញ្ជើញចូលជួបប្រជុំពិភាក្សាការងារ ដើម្បីត្រួតពិនិត្យវឌ្ឍនភាពនៃគម្រោងក្នុងវិស័យស្រូវអង្ករ ជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅវិមានសន្តិភាព។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី អ្នកឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមប្រឹក្សាគោលនយោបាយសហព័ន្ធស្រូវអង្ករកម្ពុជា និងជាអគ្គលេខាធិការសមាគមឧកញ៉ាកម្ពុជា, ឧកញ៉ា សុង សារ៉ន ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា, ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា, ឧកញ៉ា សុខ ពិសិដ្ឋ និងឧកញ៉ា លឹម សុជាតិ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ព្រមទាំងតំណាងមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធ សហព័ន្ធស្រូវអង្ករកម្ពុជា និងវិស័យឯកជនផងដែរ។
មុនជំនួបជាមួយសម្តេចធិបតីនាយករដ្ឋមន្ត្រី កាលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ អ្នកឧកញ៉ា ឧកញ៉ាៗគណៈប្រតិភូសហព័ន្ធស្រូវអង្ករកម្ពុជា ក៏បានអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សារការងារ ជាមួយលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅទីស្តីការក្រសួងពាណិជ្ជកម្មផងដែរ ដោយពិភាក្សាអំពីការរៀបចំយុទ្ធសាស្ត្រលើការពង្រឹងគុណភាពពាណិជ្ជកម្ម ជំរុញការនាំចេញអង្ករ ការបង្កើតវេទិការជួញដូរស្រូវអង្ករ យន្តការនៃការដោះដូរមុខទំនិញផលិផល និងការបោះឆ្នោតជ្រើសរើសប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ប្រធានក្រុមប្រឹក្សា និងសមាជិកក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជាសម្រាប់អាណត្តិទី៥ នាពេលដ៏ខ្លីខាងមុខនេះ។
សូមជម្រាបថា សហព័ន្ធស្រូវអង្ករកម្ពុជា មានអាយុកាល១ទស្សវត្សរ៍ហើយ។ ក្នុងរយៈពេល ១០ឆ្នាំកន្លងមកនេះ សហព័ន្ធស្រូវអង្ករកម្ពុជា បានដើរតួរយ៉ាងសំខាន់ និងភាពជាតំណាងឱ្យវិស័យ សម្រាប់ការចរចា និងការពារផលប្រយោជន៍ដល់វិស័យស្រូវអង្ករកម្ពុជា តាមរយៈការធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួង អាណាព្យាបាលផ្នែកបច្ចេកទេស ក្រសួង ស្ថាប័នពាក់ព័ន្ធ និងការជំរុញការធ្វើពិពិធកម្មទីផ្សារ បច្ចេកវិទ្យា និងការធ្វើការជាមួយដៃគូអន្តរជាតិលើការអភិវឌ្ឍ ការពង្រឹងខ្សែច្រវាក់ផលិតកម្ម ខ្សែច្រវាក់តម្លៃ និងខ្សែច្រវាក់ផ្គត់ផ្គង់ របស់ វិស័យនេះឱ្យកាន់តែមានឧត្ដមភាពបន្ថែមទៀតផងដែរ ដែលជាហេតុធ្វើឱ្យផលិតកម្មស្រូវនៅកម្ពុជាបានកើនឡើងដល់ជិត ១៤លានតោន នៅឆ្នាំ២០២៤ និងការនាំចេញអង្ករកម្ពុជាប្រមាណជាជាង ៦០ម៉ឺនតោនប្រចាំឆ្នាំ៕







