អ្នកឧកញ៉ា សួរ វីរៈ និងលោកជំទាវ ប៊ុន ចន្ធូ អញ្ជើញសម្ពោធសមិទ្ធផលនានាក្នុងបរិវេណវិទ្យាល័យរស្មីសោភ័ណ ដែលចំណាយថវិកាកសាងប្រមាណ ១៥ម៉ឺនដុល្លារអាមេរិក

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈប៊ុនថាំ អេចប្រេស និងលោកជំទាវ ប៊ុន ចន្ធូ បានអញ្ជើញចូលរួមសម្ពោធសមិទ្ធផលនានាក្នុងបរិវេណវិទ្យាល័យរស្មីសោភ័ណ ស្ថិតនៅក្នុងស្រុកស្ទោង ខេត្ដកំពង់ធំ ដែលចំណាយថវិកាកសាងប្រមាណ ១៥ម៉ឺនដុល្លារអាមេរិក កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងនៅក្នុងឱកាសនេះ អ្នកឧកញ៉ា សួរ វីរៈ បានលើកឡើងថា អ្នកឧកញ៉ា និងភរិយាពិតជាមានសេចក្ដីសោមនស្សរីករាយ ដោយបានមកដាក់សម្ភោធសមិទ្ធផលនានាក្នុងបរិវេណ វិទ្យាល័យរស្មីសោភ័ណនាថ្ងៃនេះ។

អ្នកឧកញ៉ាបានបន្ថែមទៀតថា សមិទ្ធផលដែលអ្នកឧកញ៉ា និងភរិយា ក៏ដូចជាក្រុមគ្រួសារ វិរៈ ប៊ុនថាំទាំងមូលបានចូលរួមឧបត្ថម្ភក្នុងបរិវេណ វិទ្យាល័យរស្មីសោភ័ណ និងដាក់សម្ពោធឱ្យប្រើប្រាស់នាពេលនេះមានដូចជា ផ្លូវបេតុងមួយខ្សែរ ប្រវែង៨១៤ម៉ែត្រ, តារាងបាល់បោះមួយ, អាហារដ្ឋានមួយ និងរូបចម្លាក់លម្អបរិវេណសាលា ដែលសរុបជា ទឹកប្រាក់ចំនួន ១៥ ម៉ឺនដុល្លារ។

អ្នកឧកញ៉ា សង្ឃឹមថា សមិទ្ធផលទាំងនេះ គឺជាចំណងដៃថ្មីបន្ថែមទៀត សម្រាប់វិស័យអប់រំនៅក្នុងខេត្តកំពង់ធំ និងជាពិសេសសម្រាប់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋទាំងអស់ ជាអាណាព្យបាលសិស្សនៅក្នុងស្រុកស្ទោងនេះផ្ទាល់។ សូមរីករាយសាទរ និងចូលរួមថែរក្សាសមិទ្ធិផលដែលបានដាក់សម្ពោធឲ្យប្រើប្រាស់ក្នុងថ្ងៃនេះ ឱ្យបានគង់វង្ស ដើម្បីជាការចូលរួមចំណែកក្នុងការលើកស្ទួយដល់វិស័យអប់រំជាតិ។

អ្នកឧកញ៉ា សួរ វីរៈ ក៏សម្ដែងនូវការកោតសរសើរដោយស្មោះសរចំពោះលោកអ្នកដែលបានរួមចំណែកធ្វើឱ្យគម្រោងនេះដំណើរការដោយរលូន និងអរគុណសម្រាប់ការអញ្ជើញចូលរួមពិធីសម្ភោធ សមិទ្ធផលនានាក្នុងបរិវេណ នៃវិទ្យាល័យរស្មីសោភ័ណ នាពេលនេះ។

សូមជម្រាបជូនថា ចាប់តាំងពីដំណើរការអាជីវកម្មនៅឆ្នាំ២០០៤មក ក្រុមហ៊ុន វិរៈ ប៊ុនថាំ តែងតែមិនភ្លេចរួមចំណែកទៅសហគមន៍វិញ តាមរយៈសកម្មភាពមនុស្សធម៌ជាច្រើនដូចជា ការបរិច្ចាគថវិកាជូនមន្ទីរពេទ្យ ការបរិច្ចាគឈាម ការកសាងវត្តអារាម សាលារៀន ផ្លូវថ្នល់ ជីកអណ្តូង និងការចែកអំណោយជូនជនក្រីក្រជាប្រចាំផងដែរ៕