អ្នកឧកញ៉ា គិត ម៉េង ជំរុញឱ្យវិស័យឯកជនកម្ពុជា មានវិធានការឆ្លើយតបសកម្ម ចំពោះបញ្ហាប្រឈមសេដ្ឋកិច្ចក្នុងតំបន់ និងសកល

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា នារសៀលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥ បានជំរុញឱ្យវិស័យឯកជនរបស់កម្ពុជា ត្រូវមានវិធានការឆ្លើយតបយ៉ាងសកម្ម ចំពោះបញ្ហាប្រឈមសេដ្ឋកិច្ចក្នុងតំបន់ និងសកល តាមរយៈការបង្កើតគំនិតច្នៃប្រឌិតប្រកបដោយនវានុវត្តន៍ ការធ្វើពិពិធកម្ម និងភាពបត់បែនតាមយុទ្ធសាស្ត្រ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សំណូមពររបស់អ្នកឧកញ៉ា គិត ម៉េង ខាងលើនេះ គឺធ្វើឡើងក្នុងឱកាសដែលអ្នកឧកញ៉ា អញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកាធុរកិច្ច និងនវានុវត្តន៍ ឆ្នាំ២០២៥ នារសៀលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥ នៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ ដែលរៀបចំឡើងដោយសភាពាណិជ្ជកម្មកម្ពុជា។

អ្នកឧកញ៉ា គិត ម៉េង បានគូសបញ្ជាក់ថា៖ «សន្តិភាព បានបង្កើតបរិយាកាសប្រតិបត្តិការដ៏សំខាន់សម្រាប់កំណើនអាជីវកម្ម។ ផ្អែកលើកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងមានការចូលរួមបំពេញបន្ថែមយ៉ាងបុរេសកម្មពីវិស័យឯកជនរបស់យើង បានជំរុញឱ្យសេដ្ឋកិច្ចកម្ពុជា មានសន្ទុះ និងវិវឌ្ឍន៍ទៅមុខប្រកបដោយភាពវិជ្ជមាន និងធន់នឹងវិបត្តិ។»

អ្នកឧកញ៉ា បានបន្តថា គោលដៅរបស់កម្ពុជា គឺការសម្រេចបានឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅ ឆ្នាំ២០៣០ និងឋានៈជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។ ទោះយ៉ាងនេះក្តី មហិច្ឆតាទាំងនេះ ក៏កំពុងប្រឈមនឹងស្ថានភាពសេដ្ឋកិច្ចពិភពលោកបច្ចុប្បន្ន កំពុងស្ថិតក្នុងភាពមិនហ្នឹងនរ ដែលកើតចេញពីកត្តាសំខាន់ៗ មួយចំនួន៖ ការផ្លាស់ប្តូរនៅក្នុងលក្ខខណ្ឌសេដ្ឋកិច្ចនិងហិរញ្ញវត្ថុពិភពលោក, ការកើនឡើងនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយក្នុងចំណោមមហាអំណាចសេដ្ឋកិច្ចធំៗ, សង្គ្រាមពាណិជ្ជកម្មកាន់តែខ្លាំងក្លា, ការកើនឡើងការគាំពារនិយម, ការប្រែប្រួលអាកាសធាតុ និងជម្លោះអន្តរជាតិដែលកំពុងបន្ត ជាពិសេសនៅអឺរ៉ុបដែលលាតសន្ធឹងទៅមជ្ឈិមបូព៌ា និងអាស៊ី កំពុងជះឥទ្ធិពលអវិជ្ជមានដល់សេដ្ឋកិច្ចកម្ពុជា។

លើសពីនេះ អ្នកឧកញ៉ា គិត ម៉េង ក៏បានធ្វើការកត់សម្គាល់ផងដែរថា កម្ពុជាក៏កំពុងជួបប្រទះឥទ្ធិពលនៃការបិទព្រំដែនដែលកំពុងបន្ត និងការរឹតបន្តឹងពាណិជ្ជកម្មជាមួយប្រទេសថៃ ដែលជាការរំខានដល់លំហូរពាណិជ្ជកម្ម ទេសចរណ៍ និងលំហូរការងារផងដែរ។

សូមជម្រាបថា វេទិកាដ៏មានសារសំខាន់នេះ ក៏មានការអញ្ជើញចូលរួមជាវាគ្មិនកិតិ្តយសដោយ អ្នកឧកញ៉ា ម៉ុង ឫទ្ធី ប្រធានគណៈកម្មកាទី៣ នៃព្រឹទ្ធសភា ជាស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប ដែលបានចែករំលែកការយល់ដឹងពីបទពិសោធន៍ជាច្រើនទសវត្សរ៍ ក្នុងទិដ្ឋភាពកសិកម្ម និងធុរកិច្ចរបស់កម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃសភាពាណិជ្ជកម្មកម្ពុជាជាច្រើនរូប៕