អ្នកឧកញ៉ា គិត ម៉េង សរសើរអ្នកឧកញ៉ា ម៉ុង ឫទ្ធី ជាមនុស្សម្នាក់មានលុយច្រើនជាងគេ នៅឆ្នាំ១៩៩១

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានសរសើរដល់ អ្នកឧកញ៉ា ម៉ុង ឫទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប ថាជាមនុស្សម្នាក់មានបញ្ញាឆ្លាតពូកែ និងជាមនុស្សម្នាក់មានលុយច្រើនជាងគេ អំឡុងឆ្នាំ១៩៩១។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការលើកឡើងរបស់អ្នកឧកញ៉ា គិត ម៉េង បែបនេះគឺក្នុងឱកាសដែលអ្នកឧកញ៉ា អញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកាធុរកិច្ច និងនវានុវត្តន៍ ឆ្នាំ២០២៥ នារសៀលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥ នៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ ខណៈដែលអ្នកឧកញ៉ា ម៉ុង ឫទ្ធី ប្រធានគណៈកម្មកាទី៣ នៃព្រឹទ្ធសភា ជាស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប ក៏បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសក្នុងពិធីនោះផងដែរ។

អ្នកឧកញ៉ា គិត ម៉េង បានគូសបញ្ជាក់ថា លោកនិងអ្នកឧកញ៉ា ម៉ុង ឫទ្ធី បានស្គាល់គ្នារយៈពេល ៣៥ឆ្នាំមកហើយ និងបានចាត់ទុកគាត់ដូចជាឪពុកមា និងជាគ្រូផងដែរ។ អ្នកឧកញ៉ា បន្តថា នៅឆ្នាំ១៩៩១ អ្នកឧកញ៉ា ម៉ុង ឫទ្ធី គឺជាមនុស្សម្នាក់ដែលមានបញ្ញាខ្លាំងពូកែ ហើយនៅសម័យនោះគាត់មានលុយច្រើនជាងគេ។ ជាមួយគ្នានេះដែរ អ្នកឧកញ៉ា គិត ម៉េង ក៏បានកោតសរសើរដល់ អ្នកឧកញ៉ា ម៉ុង ឫទ្ធី ដែលនៅមានសុខភាពរឹងមាំល្អ និងនៅបន្តជួយចែករំលែកគំនិតល្អៗដល់អ្នកបន្តវេនជំនាន់ក្រោយ។

សូមជម្រាបថា អ្នកឧកញ៉ា ម៉ុង ឫទ្ធី បានចាប់ផ្តើមបង្កើតក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប (MRT) ចាប់តាំងពីខែមករា ឆ្នាំ១៩៨៩ ហើយបច្ចុប្បន្នបានក្លាយជាក្រុមហ៊ុនកសិ-ឧស្សាហកម្មធំបំផុតនៅក្នុងប្រទេសកម្ពុជា។ ជោគជ័យដ៏អស្ចារ្យនេះ គឺបានមកពីការដឹកនាំប្រកបដោយ ចក្ខុវិស័យវែងឆ្ងាយរបស់មហាសេដ្ឋី ម៉ុង ឫទ្ធី និងថ្នាក់ដឹកនាំកំពូលៗផ្សេងទៀត។ ម៉ុង ឫទ្ធី គ្រុប មានសាជីវកម្មស្ទើរគ្រប់វិស័យរួមមាន៖ ក្រុមហ៊ុន សំណង់ក្មេងវត្ត, ក្រុមហ៊ុន ម៉ុង ឫទ្ធី វិនិយោគទុនដំណាំដូងប្រេងកម្ពុជា, ក្រុមហ៊ុន ផែ ឧកញ៉ាម៉ុង, ក្រុមហ៊ុន អិម ភីក អេស៊ីអិមស៊ី(ខេមបូឌា), ក្រុមហ៊ុន អិមអធី រ៉ាប់ប៊ើរ ផ្លេនថេសិន, ក្រុមហ៊ុន ម៉ាល់ធីកូ អិមអេស (ខេមបូឌា) និងក្រុមហ៊ុន ឃីងដឹម ហ្រ្វ៊ូត អ៊ិនធើណេសិនណល ជាដើម៕