កាលថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥ ឧកញ៉ា ភួ ពុយ តំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង និងជាប្រធានក្រុមហ៊ុនកែច្នៃអង្ករបៃតងកម្ពុជា បានរៀបចំពិធីសិរីមង្គលកាត់ចំណងដៃជូនដល់កូនស្រី យ៉ាងធំអស្ចារ្យ ដោយមានការអញ្ជើញចូលរួមពីឥស្សរជន លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ាៗ និងភ្ញៀវកិត្តិយសជាច្រើនរូប នៅរាជធានីភ្នំពេញ។

ពិធីសិរីមង្គលកាត់ចំណងដៃកូនប្រុសស្រីលំដាប់អភិជននៅភូមិភាគពាយ័ព្យនេះ កូនប្រុសនាម រិន សុភារៈ ត្រូវជាកូនប្រុសរបស់លោក ហាយ វណ្ណរិន និង លោកស្រី ឈរ ហុងឆាយ។ រីឯកូនស្រីនាម ភួ យូនីលីវឺ ជាកូនស្រី របស់ឧកញ៉ា ភួ ពុយ និងលោកជំទាវ អុឹង ណងពីន ហើយត្រូវជាប្អូនស្រីរបស់ អ្នកឧកញ៉ា ភួ វាសនា ប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង។
ក្នុងពិធីនេះដែរ បានរៀបចំតុបតែងយ៉ាងប្រណិត ប្រៀបបានឋានសួគ៌ក្រោមមេឃ ដោយមានការដេគ័រជាមួយនឹងផ្កាចម្រុះពណ៌ និងភ្លើងពណ៌ដ៏ស្រស់ស្អាត។ ជាមួយគ្នានោះ គេឃើញមានការអញ្ជើញចូលរួមពីសំណាក់ លោកអ្នកឧកញ៉ា លាង ឃុន, អ្នកឧកញ៉ា លាង ម៉េង, អ្នកឧកញ៉ា សំ អាង និងលោកជំទាវអ្នកឧកញ៉ា ឈុន លាង ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនទៀត។
សូមជម្រាបថា កូនប្រុសនាម រិន សុភារៈ និងកូនស្រីនាម ភួ យូនីលីវឺ ដែលជាគូស្វាមីភរិយាថ្មីនេះ បានរៀបអាពាហ៍ពិពាហ៍ដ៏ធំ នៅខេត្តបាត់ដំបង កាលពីថ្ងៃទី៩-១០ ខែឧសភា ឆ្នាំ២០២៥ ខណៈដែលពេលនោះ ក៏មានឥស្សរជន ថ្នាក់ដឹកនាំកំពូលៗ ព្រមទាំង លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ាៗជាច្រើនរូប បានអញ្ជើញចូលរួមផងដែរ៕















រូបភាព៖ The Ring

