ឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រាប់ហេតុផលដែល បុរី ខេអេស រ៉េសុីដេន ដំណើរការបានល្អ និងមានអតិថិជនគាំទ្រច្រើន

ជុំវិញ​ឧកញ៉ា

ឧកញ៉ាបណ្ឌិត គីម ហ៊ាង ម្ចាស់បុរី ខេអេស រ៉េសុីដេន (Borey KS Residence) បានបង្ហើបប្រាប់ពីហេតុផលដែល បុរី ខេអេស រ៉េសុីដេន អាចដំណើរការបានល្អ និងមានអតិថិជនច្រើន ទោះស្ថិតក្នុងស្ថានភាពវិបត្តិសេដ្ឋកិច្ចប៉ុន្មានឆ្នាំចុងក្រោយនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកឧកញ៉ាបណ្ឌិត បានលើកឡើងតាមរយៈវីដេអូឃ្លីបដូច្នេះថា៖ «ឆ្លងកាត់រយៈពេល៥ឆ្នាំមកនេះ វិបត្តិសេដ្ឋកិច្ចកើតឡើងច្រើន ហើយអ្នកដែលរកស៊ីក្នុងវិស័យដីធ្លីមានបញ្ហាមួយចំនួន។ ដូច្នេះមានអ្នករកស៊ីវិស័យដីធ្លីជាច្រើន បានសួរខ្ញុំ តើការរកស៊ីបច្ចុប្បន្នយ៉ាងណាដែរ? តើការទិញលក់បុរី មានស្ថានភាពបែបណា? ពិសេសគឺចង់ដឹងពីស្ថានភាពទិញលក់បុរីរបស់ខ្ញុំផ្ទាល់គឺ បុរី ខេអេស រ៉េសុីដេន ដែលសាងសង់នៅកៀនស្វាយយ៉ាងម៉េចដែរ?»

លោកឧកញ៉ាបណ្ឌិត បានបន្តថា៖ «ខ្ញុំសូមបញ្ជាក់យ៉ាងខ្លីថា មែនទែនទៅវិបត្តិអចលនទ្រព្យ៥ឆ្នាំនេះ មនុស្សជាច្រើនប៉ះពាល់ច្រើន ប៉ុន្តែសម្រាប់ខាងបុរីខ្ញុំ គិតថាជាពេលវេលាមួយដែលចំណេញលុយបានច្រើនគួរសមដែរ ដោយសារតែមូលដ្ឋានគ្រឹះយើងរឹងមាំ ហើយបុរី ខេអេស រ៉េសុីដេន នៅកៀនស្វាយ គឺយើងដំណើរការទិញលក់ធម្មតា ដោយសារតែបុរីយើង បានបញ្ចប់ការសាងសង់រួចហើយ។ ម្យ៉ាងទៀត ប្លឹងរឹងក៏យើងបានបំបែករួចហើយស្រាប់ទៀត ហើយយើងជាបុរីមួយដែលគេទិញហើយ គឺអាចរស់នៅស្រួលតែម្តង»។

ឧកញ៉ាបណ្ឌិត គីម ហ៊ាង បានបញ្ជាក់ថា នៅលើដីជាង៥ហិកតា មានចំនួនជាង ៥០០ផ្ទះ គឺលោកបានធ្វើរបងជុំវិញទាំងអស់ ហើយមានតែក្លោងទ្វាមួយចេញចូល ដែលជាចំណុចមួយជួយឱ្យមានសុវត្ថិភាពខ្ពស់។ សម្រាប់ការលក់ដូរបុរីរបស់លោក មានភាពងាយស្រួល ដោយសារបុរីបានសហការជាមួយធនាគារ។ ភ្ញៀវដែលទិញបុរី ខេអេស រ៉េសុីដេន ពួកគាត់អាចខ្ចីធនាគារបាន ៥០% ៦០% ឬ៨០% បាន មានន័យថា បើផ្ទះមួយតម្លៃ ៥ម៉ឺនដុល្លារ ពួកគាត់មានត្រឹម ១ម៉ឺនដុល្លារគឺអាចទិញបាន ហើយសល់ប៉ុន្មានអាចបង់រំលស់បន្ត។ ពិសេសបើពួកគាត់មិនទាន់មានលុយគ្រប់ ១ម៉ឺនដុល្លារ មានត្រឹម ១ពាន់ដុល្លារក៏អាចកក់ចូលនៅបានជាមួយបុរី ដោយគ្រាន់តែបង់ប្រចាំខែ ២៥០ដុល្លារ ឱ្យគ្រប់ចំនួន ២០% ប៉ុណ្ណោះ។

សូមជម្រាបថា បុរី ខេអេស រ៉េស៊ីដេន (Borey KS Residence) របស់ឧកញ៉ាបណ្ឌិត គីម ហ៊ាង និងលោកជំទាវឧកញ៉ា គង់ សំណាង ជាគម្រោងលំនៅឋានសម្រាប់គ្រួសារវ័យក្មេងកម្ពុជា ដែលមានចំនួនផ្ទះ សរុប ៣៣៨ល្វែង លាតសន្ធឹងនៅលើផ្ទៃដីទំហំ ៥០,៥៤៧ ម៉ែត្រការ៉េ។ គម្រោង មានបែងចែកជា ៤ប្លុក រួមមាន៖ ប្លុក A, B, C & D និងមានប្រភេទម៉ូដផ្ទះវីឡា LM, LS និងប្រភេទផ្ទះវីឡាទោល ផងដែរ។ អ្វីដែលពិសេស និងជាភាពទាក់ទាញចិត្តអតិថិជន គឺបុរី KS Residence សាងសង់ផ្ទះរួចរាល់ ១០០% ជូនអតិថិជន ដូច្នេះភ្ញៀវដែលមានតម្រូវការចូលរស់នៅប្រញាប់ អាចទិញ រួចចូលរស់នៅបានតែម្ដង ជាមួយនឹងលក្ខខណ្ឌងាយស្រួលជាច្រើនទៀត៕