ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប (Royal Group) របស់អ្នកឧកញ៉ា គិត ម៉េង បានបើកចេញនូវយុទ្ធនាការ “មូលនិធិទ្រទ្រង់ជនភៀសសឹក” ដើម្បីជួយដល់គ្រួសារខ្មែរដែលត្រូវបានជម្លៀសចេញពីលំនៅឋាន ពីវិបត្តិតាមព្រំដែនកម្ពុជា-ថៃ។

ជាមួយគ្នានេះ ក្រុមហ៊ុនសូមអំពាវដល់បងប្អូនជនជាតិខ្មែរទាំងនៅក្នុង និងក្រៅប្រទេស ចូលរួមជាមួយគ្នា ដោយបរិច្ចាគទឹកចិត្តទាំងជាសម្ភារៈ និងថវិកា។ សម្ភារៈដែលកំពុងត្រូវការយ៉ាងខ្លាំង រួមមាន៖ ១.អាហារ៖ អាហារកំប៉ុង អាហារស្ងួត មីកញ្ចប់ អង្ករ ទឹកបរិសុទ្ធ, ២.សម្ភារៈស្នាក់នៅ៖ តង់ ភួយ កន្សែង អាវភ្លៀង, ៣.សុខភាព និងអនាម័យ៖ ឧបករណ៍សង្គ្រោះបឋម ក្រដាសអនាម័យ សាប៊ូ, ៤.អគ្គិសនី៖ Powerbank ខ្សែសាក ព្រីភ្លើង ពិល។
“សាមគ្គីជាកម្លាំង ដើម្បីកម្ពុជា!” សូមរួមគ្នាជាជាតិមួយ គ្រួសារមួយ ដើម្បីជួយសង្រ្គោះ និងស្ដារការរស់នៅរបស់ប្រជាជនយើងឡើងវិញ។
សូមជម្រាបថា អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប, ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា កន្លងមកក៏បានបង្កើត «មូលនិធិCTNទ្រទ្រង់កងទ័ពនិងជនភៀសសឹក» ដើម្បីជួយទ្រទ្រង់ដល់វីរៈកងទ័ពកម្ពុជា ដែលកំពុងឈរជើងយ៉ាងស្វាហាប់ ក្នុងការពារដែនអធិបតេយ្យភាព និងជនភៀសសឹកផងដែរ៕




