ឧកញ៉ាបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានសមាគមវិនិយោគិន នវានុវត្តន៍ និងអភិវឌ្ឍន៍ (IDI) នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមពិធីសម្ពោធការនាំចេញផលិតផលកម្ពុជាទៅកាន់ប្រទេសអូស្រ្តាលី ក្រោមអធិបតីភាព ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញនៃក្រសួងពាណិជ្ជកម្ម។

ពិធីសម្ពោធការនាំចេញផលិតផលកម្ពុជាទៅកាន់ប្រទេសអូស្រ្តាលី ក៏មានការចូលរួមពី ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំនៅកម្ពុជា អគ្គនាយក RTT តំណាងសហគ្រិនខ្មែរ (KE) និងតំណាងវិស័យឯកជនពាក់ព័ន្ធផ្សេងទៀត។
ឧកញ៉ាបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានសមាគមវិនិយោគិន នវានុវត្តន៍ និងអភិវឌ្ឍន៍ (IDI) បានមានប្រសាសន៍ថា សមាគមបានដឹកនាំការទំនាក់ទំនងផ្សារភ្ជាប់ទីផ្សារផ្ទាល់ ដែលឈានដល់មានការឯកភាពបញ្ជាទិញ ដោយក្រោមគាំទ្រដោយ ក្រសួងពាណិជ្ជកម្ម សហគ្រិនខ្មែរ (KE) និងកម្មវិធីភាពជាដៃគូ កម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) រួមជាមួយនិងក្រុមហ៊ុន អាយឌី ខេបភីថល (ID Capital)។
ថ្លែងក្នុងសុន្ទរកថានៃពិធីសម្ភោធនេះ ឯកឧត្តមរដ្ឋលេខាធិការបានគូសបញ្ជាក់អំពី កិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងក្រសួងពាណិជ្ជកម្ម និងវិស័យឯកជន ក្នុងការជំរុញការនាំចេញផលិតផលដែលផលិតពីកម្ពុជា ដែលមានសារៈសំខាន់ណាស់ក្នុងការលើកកម្ពស់វិស័យកសិ-កែច្នៃរបស់កម្ពុជា នាពេលបច្ចុប្បន្នខណៈពេលដែលបរិយាកាសនៃការធ្វើពាណិជ្ជកម្មក្នុងពិភពលោកមានភាពមិនច្បាស់លាស់។
ការនាំចេញផលិតផលកសិកម្មទៅប្រទសអូស្ត្រាលីលើកដំបូងនេះ មានចំនួន ១២ តោន ដែលនៅក្នុងនោះមាន គ្រាប់ស្វាយចន្ទី ដំណាប់ស្វាយ ខ្នុរស្ងួត ចេក និង នំត្រាវ។ តាមការគ្រោងទុក ការនាំចេញផលិតផលកសិកម្មទៅប្រទសអូស្ត្រាលីបន្តបន្ទាប់ទៀត នឹងមានចំនួនកើនឡើង និងមានផលិតផលកសិកម្មកាន់តែច្រើនផងដែរ។
គួរបញ្ជាក់ថា សមាគមវិនិយោគិន នវានុវត្តន៍ និងអភិវឌ្ឍន៍ (IDI) ត្រូវបានបង្កើតឡើងដោយសហគ្រិន ម្ចាស់សហគ្រាស ម្ចាស់ក្រុមហ៊ុនអាជីវកម្ម ដែលជាសមាជិកជាច្រើនស្ថាប័នចូលរួមជាបន្តបន្ទាប់។ IDI បច្ចុប្បន្ន កំពុងតែផ្តោតការវិនិយោគលើវិស័យសំខាន់ៗចំនួន៣ រួមមាន៖ អចលនទ្រព្យ សេវាកម្ម និងកសិកម្ម ដែលជាវិស័យឆ្អឹងខ្នងសំខាន់របស់កម្ពុជា៕










