អ្នកឧកញ៉ា ទៀ វិចិត្រ អគ្គនាយកក្រុមហ៊ុន ជីធីវីសុី គ្រុប កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ បានបង្ហាញនូវរាងរាងហាងកាហ្វេថ្មីមួយឈ្មោះថា «កាហ្វេ សន្តិភាព» របស់លោក ជំនួសឱ្យយីហោចាស់ កាហ្វេ Amazon ស្ថិតនៅក្នុងកំពង់ផែទេសចរណ៍ ខេត្តព្រះសីហនុ។

តាមរយៈបណ្តាញសង្គម អ្នកឧកញ៉ា បានបង្ហោះរូបភាពសកម្មភាពក្រុមជាងកំពុងរុះរើយីហោចាស់ និងបំពាក់ស្លាកឈ្មោះយីហោថ្មី «កាហ្វេ សន្តិភាព»។ អ្នកឧកញ៉ា ទៀ វិចិត្រ បានបញ្ជាក់បន្ថែមជាមួយសារបែបនេះថា៖ “អូនប្រែហើយ ! មកជា កាហ្វេ សន្តិភាព កំពង់ផែទេសចរណ៍ ខេត្តព្រះសីហនុ វិញ»។
គួររំឭកថា កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥ អ្នកឧកញ៉ា ទៀ វិចិត្រ និងលោក ទៀ ស្យាម ដែលជាអ្នកជំនួញបានទិញសិទ្ធិប្រេនប្រេងឥន្ទនៈ ភីធីធី ផងដែរនោះ បានជួបប្រជុំជាមួយម្ចាស់ស្ថានីយប្រេងឥន្ធនៈ ភីធីធី (ខេមបូឌា) PTT CAMBODIA ជាច្រើនរូប ដើម្បីរំលាយកិច្ចសន្យា និងបង្កើតម៉ាកយីហោខ្មែរថ្មីមួយជំនួសវិញ បន្ទាប់ពីមានបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ។
ជាលទ្ធផល ម្ចាស់អាជីវកម្មទាំងនោះ បានឯកភាពបង្កើតស្ថានីយប្រេងថ្មីរបស់កូនខ្មែរពិតៗ មានឈ្មោះថា «PEACE Petroleum Cambodia-PPC» ដែលប្រែថា «សន្ដិភាព»។ រីឯហាងកាហ្វ Amazon ដែលស្ថិតក្នុងស្ថានីយប្រេងទាំងនោះ ក៏គ្រោងនឹងប្តូរមកយីហោខ្មែរថ្មី «កាហ្វេ សន្តិភាព» ផងដែរ៕






