កាលពីរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ អ្នកឧកញ៉ា និងឧកញ៉ាៗចំនួន ៨រូប បានបង្ហាញខ្លួនជាចូលជាសមាជិកក្រុមប្រឹក្សាភិបាលថ្មី នៃសមាគមឧកញ៉ាកម្ពុជា ជាផ្លូវការ។

ពិធីប្រកាសបង្ហាញខ្លួនបានធ្វើឡើងក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលពេញអង្គ លើកទី១០ អាណត្តិទី១ ត្រីមាសទី៣ ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានក្រុមប្រឹក្សាភិបាល និងជាប្រធានអង្គប្រជុំ ដោយមានវត្តមានចូលរួមពីសំណាក់ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា ដែលជាអនុប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាល នៃសមាគមចំនួន ៣៩រូប។
សមាគមឧកញ៉ាកម្ពុជា បានឱ្យដឹងថា ការប្រកាសស្វាគមន៍សមាជិកក្រុមប្រឹក្សាភិបាលបំពេញបន្ថែមថ្មី ដែលទើបជាប់ឆ្នោតទាំង ៨រូប រួមមាន៖ ឧកញ៉ាបណ្ឌិត លី រិទ្ធ, ឧកញ៉ាវេជ្ជបណ្ឌិត ជា សុខឃាង, អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន, អ្នកឧកញ៉ា សុខ សុភាព, អ្នកឧកញ៉ា ហេង បូរិន, ឧកញ៉ាបណ្ឌិត ត្រាំង លី, ឧកញ៉ា ម៉ៅ បញ្ចពណ៌ និងអ្នកឧកញ៉ា អុឹង លីហេង។
គួរបញ្ជាក់ថា សម្រាប់អាណត្តិទី១នេះ សមាគមឧកញ៉ាកម្ពុជា មានសមាជិកក្រុមប្រឹក្សាភិបាលសរុបចំនួន ៥៣រូប។
សមាគមឧកញ៉ាកម្ពុជា ជាស្ថាប័នតែមួយគត់ ដែលតំណាងឱ្យគោរមវន្តទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងបានចែងអំពីតួនាទី ភារកិច្ច ព្រមទាំងសិទ្ធិនិងកាតព្វកិច្ចរបស់សមាគម ដើម្បីរក្សានិងលើកកម្ពស់គុណតម្លៃ និងឧត្ដមភាពដ៏ឧត្ដុង្គឧត្ដម នៃគោរមងារឧកញ៉ា ដែលជាព្រះរាជទានដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា តាំងពីបុរាណកាលរៀងមក ជាពិសេសការពង្រឹងសាមគ្គីភាព និងការគោរពច្បាប់ជាធរមានរបស់គោរមវន្ត ដើម្បីរួមចំណែកថែរក្សា និងការពារវប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ជាតិ ក៏ដូចជាសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម។
សូមជម្រាបជូនថា សមាគមឧកញ៉ាកម្ពុជា ត្រូវបានបង្កើតឡើង និងទទួលស្គាល់ជាផ្លូវការដោយក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈលិខិតលេខ ៥៩៧៩ ប្រ.ក. ចុះថ្ងៃទី២៥ ខែតុលាឆ្នាំ២០២២ ស្តីពីការសុំចុះឈ្មោះសមាគមឧកញ៉ាកម្ពុជា ក្នុងបញ្ជីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល និងព្រះរាជក្រឹត្យលេខ នស/រកត/១០២៤/១៣០៩ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ស្តីពីគោរមងារឧកញ៉ា៕











