អ្នកឧកញ៉ា ម៉ម វណ្ណឌី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ឌីភីម្ចាស់ចម្ការ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ បានសម្រេចសាងភ្នួសរយៈពេលខ្លី ចំនួន ៤យប់ ៥ថ្ងៃ ក្នុងគោលបំណងដើម្បីតបស្នងសងគុណចំពោះអ្នកមានគុណទាំងទ្វេ គឺលោកឪពុក និងអ្នកម្តាយ ជាទីស្រឡាញ់។

តាមរយៈទំព័រហ្វេសប៊ុក អ្នកឧកញ៉ា ម៉ម វណ្ណឌី បានបង្ហាញរូបភាពពិធីសាងភ្នួសនេះ បានធ្វើឡើងក្រោមព្រះធិបតីសម្ដេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះប្រធានគណៈសង្ឃនាយក នៃគណៈសង្ឃធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា គង់ប្រថាប់នៅវត្តបុទុមវតីធម្មយុត្ត ស្ថិតនៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ជាមួយគ្នានេះ ក៏មានវត្តមាន អ្នកឧកញ៉ា ទៀង ផល្លា ដែលជាភរិយាផងដែរ។
«អាត្មាភាពសាងភ្នួសបួសចំនួនបួនយប់ប្រាំថ្ងៃ ដើម្បីសងគុណចំពោះ អ្នកដែលមានគុណគឺ ឪពុក និងអ្នកម្តាយ សូមទានជ្រាបនិងសូមជ្រាប ចម្រើនពរញាតិញោម»។ អ្នកឧកញ៉ា ម៉ម វណ្ណឌី បានបង្ហាញសារលើបណ្តាញសង្គម។
សូមជម្រាបថា អ្នកឧកញ៉ា ម៉ម វណ្ណឌី គឺជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ឌីភីម្ចាស់ចម្ការ ដែលមានកសិដ្ឋានចិញ្ចឹមគោ ឌីភី ស្ថិតនៅភូមិអូរល្ពៅ ឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ អ្នកឧកញ៉ា ក៏មានតួនាទីជា ទីប្រឹក្សាគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ មានឋានៈស្មើ «រដ្ឋមន្ត្រី»។ អ្នកឧកញ៉ា និងអ្នកឧកញ៉ា ទៀង ផល្លា កន្លងមកតែងបរិច្ចាគថវិកាផ្ទាល់ខ្លួនជាច្រើន ជួយដល់សង្គមជាតិ និងលើផ្នែកព្រះពុទ្ធសាសនា៕







