អ្នកឧកញ៉ា គិត ម៉េង៖ គ្មានអ្នកណាម្នាក់អាចទទួលជោគជ័យបាន ដោយខំប្រឹងតែឯងនោះទេ

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប យល់ឃើញថា គ្មានអ្នកណាម្នាក់អាចទទួល​ជោគជ័យ​បាន ដោយខំប្រឹងតែឯងនោះទេ ពោលគឺទាមទារឱ្យមានការចូលរួមជួយជ្រោមជ្រែងពីអ្នកជុំវិញខ្លួន និងអ្នកដទៃផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅលើបណ្តាញសង្គម កាលពីពេលថ្មីៗនេះ អ្នកឧកញ៉ា បានលើកឡើងថា ការខិតខំធ្វើការជារឿងសំខាន់ ប៉ុន្តែ អ្វីដែលសំខាន់ដែរនោះគឺកាលៈទេសៈត្រឹមត្រូវ។ មនុស្សជាច្រើនមានទេពកោសល្យដូចគ្នា ប៉ុន្តែ អ្នកខ្លះបរាជ័យ។ មូលហេតុមិនមែនដោយសារតែពួកគាត់ខ្វះជំនាញនោះទេ ប៉ុន្តែដោយសារពួកគាត់គ្មានឱកាស។ ដូចទស្សនវិទូ​មួយពោលថា “សំណាងកើតឡើងនៅពេលឱកាសចូលមកដល់ ស្របពេលដែលយើងត្រៀមខ្លួនរួចជាស្រេច”។

អ្នកឧកញ៉ា បានបន្តថា គ្មានអាជីវកម្មណាមួយអាចរីកចម្រើនបានដោយគ្មានផ្លូវ គ្មានអគ្គិសនី ឬគ្មានប្រព័ន្ធ​ច្បាប់​នោះទេ។ បើមើលហាង​កាហ្វេមួយកន្លែងនៅទីក្រុងភ្នំពេញ ហាក់ដូចជាអាជីវកម្មហាងនោះ​ត្រូវបានកសាងទ្បើង​ដោយម្ចាស់ហាងជាស្ត្រី ប៉ុន្តែភាពជោគជ័យពិតរបស់ហាងនោះ គឺពឹងផ្អែកលើស្ថិរភាពនៃ​ការផ្គត់ផ្គង់អគ្គិសនីដោយ​វិស្វករ ការរក្សាសណ្តាប់ធ្នាប់ និងសុវត្ថិភាពតាមដងផ្លូវដោយមន្រ្តីនគរបាល និងអតិថិជនដែលមានចំណេះដឹង ហើយចំណេះដឹងរបស់អតិថិជនមិនមែនផ្តល់ឲ្យដោយម្ចាស់ហាងកាហ្វេនោះទេ។ ដូចពាក្យមួយលើកឡើងថា “ដើមឈើមួយមិនអាចលូតលាស់ខ្ពស់បានដោយគ្មានឫសរឹងមាំនោះទេ”។

“អ្នកកាន់តែមានប្រាជ្ញា អ្នកកាន់តែឃើញថា៖ មនុស្សជាច្រើនបានជួយសម្រួចគំនិត“ដើម”របស់អ្នក, ការខិតខំប្រឹង​ប្រែងរបស់អ្នកអាចទទួលជោគជ័យបាន ក៏អាស្រ័យលើមនុស្សផ្សេងទៀតផងដែរ, សំណាង និងកាលៈទេសៈដើរ​តួនាទី​សំខាន់ក្នុងភាពជោគជ័យរបស់អ្នក។”។ អ្នកឧកញ៉ា បានបន្ថែម។

អ្នកឧកញ៉ា គិត ម៉េង បានគូសបញ្ជាក់ថា ភាពជោគជ័យពិតប្រាកដមិនមែនជាការអួតសម្ញែង​មុខមាត់របស់អ្នក​នោះទេ ប៉ុន្តែជាការទទួលស្គាល់ និងឲ្យតម្លៃដល់មនុស្សផ្សេងទៀត ដែលបានចូលរួមចំណែកដល់​ភាពជោគជ័យ​របស់អ្នក៕