លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ដឹកនាំសិល្បករ-សិល្បការិនី បរិច្ចាគឈាម ក្រោមប្រធានបទ «តំណក់ឈាមសិល្បករ បន្តជីវិត និងស្នាមញញឹម»

ជុំវិញ​ឧកញ៉ា

លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង ប្រធានសមាគមសិល្បករខ្មែរ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (Mou) រវាងសមាគមសិល្បករខ្មែរ និងមជ្ឈមណ្ឌលជាតិផ្តល់ឈាម ស្តីពី កិច្ចសហប្រតិបត្តិការផ្សព្វផ្សាយ និងបរិច្ចាគឈាមសង្គ្រោះជីវិត ហើយបន្ទាប់មកលោកជំទាវអ្នកឧកញ៉ា ក៏បានចូលរួមបរិច្ចាគឈាមដោយផ្ទាល់ កាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្នាក់ការសមាគមសិល្បករខ្មែរ។ 

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមសមាគមសិល្បករខ្មែរ ក្នុងឱកាសនោះដែរ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង មានប្រសាសន៍ថា នៅថ្ងៃនេះ ក្រៅពីពិធីចុះអនុស្សរណៈនៃការយោគយល់គ្នាដ៏មានអត្ថន័យខ្លឹមសារ ទាំងរូបលោកជំទាវ ក្រុមការងារ និងសិល្បករសិល្បការិនី នៃសមាគមសិល្បករខ្មែរ ក៏ត្រូវរួមគ្នាបរិច្ចាគឈាមដោយស្ម័គ្រចិត្តផងដែរ។

លោកជំទាវអ្នកឧកញ៉ា បានបញ្ជាក់ថា តាមរយៈរបាយការណ៍របស់មជ្ឈមណ្ឌលជាតិផ្តល់ឈាម បានឱ្យដឹងថា ក្នុងមួយឆ្នាំ តម្រូវការឈាមនៅកម្ពុជាមានប្រមាណ ១៧ម៉ឺនប្លោក។ ដូច្នេះ ប្រសិនបើមិនមានវត្តមានចូលរួមបរិច្ចាគដ៏សកម្មពីប្រជាជនកម្ពុជានោះទេ បញ្ហាកង្វះខាតឈាមនឹងកើតមានជាក់ជាមិនខាន។ ត្រង់ចំណុចនេះ គួរបញ្ជាក់ឱ្យច្បាស់ផងដែរថា ទោះបីជាពិភពលោកកំពុងមានវិបុលភាពរីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យ ពិសេសវិទ្យាសាស្ត្រ បច្ចេកវិទ្យាសកលកំពុងឈរនៅកម្រិតកំពូលក៏ពិតមែន ក៏ប៉ុន្តែយើងទាំងអស់គ្នាត្រូវដឹងថា មកទល់នឹងម៉ោងនេះ មិនទាន់មានរោងចក្រណាអាចផលិតឈាមសម្រាប់បំពេញតម្រូវការនៅលើទីផ្សារ ឬសង្គ្រោះជីវិតមនុស្សបាននៅឡើយទេ ពោលគឺឈាមមានប្រភពតែមួយគត់ គឺចេញពីមនុស្ស។

មួយវិញទៀត លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង ក៏ចង់ចូលរួមចំណែកផ្សព្វផ្សាយបន្ថែមផងដែរថា ក្នុងមួយឆ្នាំមនុស្សប្រុសអាចធ្វើការបរិច្ចាគឈាមបានចំនួន ៤ដង, រីឯមនុស្សស្រីអាចបរិច្ចាគឈាមបានចំនួន ៣ដង។ ដូច្នេះ តាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងសមាគមសិល្បករខ្មែរ និងមជ្ឈមណ្ឌលជាតិផ្តល់ឈាម នាថ្ងៃនេះ គឺជាសក្ខីភាពបញ្ជាក់ពីការរួមគ្នាជាកម្លាំងធ្វើការងារសង្គមប្រកដដោយក្តីសប្បុរសសុទ្ធសាធ៕