ឧកញ៉ា សុខ ចន្ធី អនុប្រធានក្រុមហ៊ុន សូគីម៉ិច អុិនវេសមេន គ្រុប កាលពីពេលថ្មីៗកន្លងទៅនេះ បានទទួលបដិសណ្ឋារកិច្ចស្វាគមន៍ សម្ដេចព្រះឧត្ដមវង្សា គូ សុភាព គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និមន្តទស្សនា ការដ្ឋានសាងសង់ព្រះពុទ្ធប្បដិមាកម្ពស់ ១០៨ម៉ែត្រ និងការដ្ឋានសាងសង់វត្តព្រះអង្គធំភ្នំបូកគោ នៅលើខ្នងភ្នំបូកគោ ខេត្តកំពត។

នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ក្រុមហ៊ុនបានបង្ហាញពីវឌ្ឍនភាពនៃការសាងសង់ ដែលបច្ចុប្បន្ននេះ ខឿននិងបល្ល័ង្កព្រះអង្គ មានកម្ពស់សរុប ២៧ម៉ែត្រ នឹងបញ្ចប់ការងារសាងសង់ក្នុងពេលឆាប់ៗ ហើយបន្ទាប់ពីនេះ នឹងចាប់ផ្ដើមបន្តតម្លើងពុម្ព ដើម្បីកសាងរូបព្រះអង្គ។ ក្រុមហ៊ុន បានបញ្ជាក់ថា ដូច្នេះក្នុងពេលឆាប់ៗនេះ ព្រះពុទ្ធប្បដិមាកម្ពស់១០៨ ម៉ែត្រ នឹងលេចរូបរាងឡើងបន្តិចម្តងៗ។
សូមជម្រាបថា អ្នកឧកញ៉ា សុខ គង់ ប្រធានក្រុមហ៊ុន សូគីម៉ិច អុិនវេសមេន គ្រុប បាននឹងកំពុងដឹកនាំដំណើរការសាងសង់ព្រះពុទ្ធប្បដិមាកម្ពស់១០៨ម៉ែត្រដ៏ស្កឹមស្កៃ នៅលើខ្នងភ្នំបូកគោ ដើម្បីរំលឹកគុណដល់ព្រះសម្មាសម្ពុទ្ធជាព្រះបរមគ្រូ ដែលព្រះអង្គបានត្រាស់ដឹងចម្លងសត្វលោកឱ្យរួចផុតចាកទុក្ខ និងដើម្បីរក្សានូវអត្តសញ្ញាណវប្បធម៌សាសនាជាតិខ្មែរ សម្រាប់ជាទីគោរពសក្ការៈដ៏ថ្លៃថ្លាឧត្តុងឧត្តមរបស់បងប្អូនពុទ្ធសាសនិកជនទាំងអស់គ្នា គោរពប្រណិប័តន៍ ហើយព្រះពុទ្ធបដិមាដ៏ស្កឹមស្កៃនេះ នឹងគង់ជាសម្បត្តិវប្បធម៌សាសនាជាតិខ្មែរជារៀងរហូត៕









