សហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា (CAIF) នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ បានចេញសារថ្លែងអំណរគុណជូនចំពោះ ឧកញ៉ា តាន់ មុនីវណ្ណ សម្រាប់ការរួមចំណែកនិងដឹកនាំសហព័ន្ធឲ្យទទួលបានសមទ្ធផលដ៏ត្រចះត្រចង់ នាពេលកន្លងមក ក្នុងអាណត្តិឆ្នាំ២០១៩-២០២៥។

តាមរយៈបណ្តាញសង្គមហ្វេសប៊ុក សហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា បានបង្ហាញសារបែបនេះថា៖ “តាងនាម ថ្នាក់ដឹកនាំ សមាជិក សមាជិកាសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា (CAIF) យើងខ្ញុំសូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅជូនចំពោះ ឧកញ៉ាបណ្ឌិត តាន់ មុនីវណ្ណ សម្រាប់ការរួមចំណែក និងដឹកនាំសហព័ន្ធឲ្យទទួលបាន សមទ្ធផលដ៏ត្រចះត្រចង់នាពេលកន្លងមក”។
សហព័ន្ធបានបន្តថា តាមរយៈការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងប្រកបដោយថាមពល បានប្រែក្លាយ វិស័យយានយន្តឲ្យក្លាយជាវិស័យមួយ ដែលប្រកបដោយសក្តានុពល ជំរុញកំណើនការវិនិយោគិនផ្នែកផលិតគ្រឿងបន្លាស់ និងដំឡើងយានយន្តមកកាន់ប្រទេសកម្ពុជា នាំយកមកនូវយានយន្តដែលមានលក្ខណៈស្តង់ដារអន្តរជាតិប្រកបដោយគុណភាព និងសុវត្ថិភាពខ្ពស់មកកាន់ទីផ្សារប្រទេសកម្ពុជា បង្កើតការងារជូនដល់ប្រជាពលរដ្ឋ និងជំរុញបន្ថែមដល់កំណើនសេដ្ឋកិច្ចជាតិ។
ការចូលរួមចំណែករបស់ឧកញ៉ាបណ្ឌិត បានជួយឲ្យវិស័យនេះប្រែផ្លាស់មុខមាត់ទាំងស្រុង ដោយបានផ្លាស់ប្តូរពីការនាំចូលទាំងស្រុងពីបរទេស មកជាមជ្ឈមណ្ឌលកណ្តាលសម្រាប់ផលិតគ្រឿងបន្លាស់រថយន្ត និងដំឡើងរថយន្ត; ផ្លាស់ប្តូរពីការប្រើប្រាស់រថយន្តជជុះមកប្រើប្រាស់រថយន្តថ្មីជំនួសវិញ។
សហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា បានបន្ថែមថា៖ “ការចូលរួមចំណែករបស់ឧកញ៉ាបណ្ឌិត ពិតពុំអាចកាត់ថ្លៃបាន យើងខ្ញុំទាំងអស់គ្នាសូមជូនពរ ឧកញ៉ាបណ្ឌិត សូមទទួលបានជោគជ័យគ្រប់ភារកិច្ចនិងទទួលបានសុខសុភមង្គលគ្រប់ក្រុមគ្រួសារ និងសូមឲ្យជួបនូវពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ”។
សូមជម្រាបថា បន្ទាប់ពីការដឹកនាំរបស់ឧកញ៉ា តាន់ មុនីវណ្ណ, លោក ខេនសូកេ ស៊ឺជីយ៉ាក់ (KENSUKE TSUCHIYA) អគ្គនាយក្រុមហ៊ុន Toyota (Cambodia) Co.,Ltd ត្រូវបានជ្រើសតាំងជា ប្រធានក្រុមប្រឹក្សា សហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា នៅអាណត្តិថ្មី ចាប់ពីឆ្នាំ២០២៥ តទៅ៕



