លោក យ៉េង ឈាងលី និងលោក សែម ឫទ្ធី បានសម្ពោធស្នាដៃសហនិពន្ធរបស់ខ្លួនជាផ្លូវការនៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចំការដូង កាលពីព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ ក្រោមអធិបតីភាពរបស់អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ចាងហ្វាងបោះពុម្ពផ្សាយនៃគ្រឹះស្ថានបោះពុម្ពនៃសាកលវិទ្យាល័យ ម៉េងលី ជេ. គួច ដោយមានការអញ្ជើញចូលរួមពីសំណាក់ភ្ញៀវកិត្តិយស សាធារណជន សិស្សនិស្សិត និងអ្នកសារព័ត៌មានយ៉ាងច្រើនកុះករ។

សៀវភៅដែលមានចំណងជើងថា «គួច ម៉េងលី ជាមនុស្សបែបណា?» នេះ គឺជាស្នាដៃដែលនិយាយអំពីសិល្បៈដឹកនាំនិងបុគ្គលិកលក្ខណៈគំរូ៥១ចំណុចរបស់អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី។ ចំណុចទាំង៥១ដែលអ្នកនិពន្ធទាំងពីររូបបានសម្រិតសម្រាំងនិងកត់ត្រានៅក្នុងសៀវភៅនេះ គឺជាសិល្បៈដឹកនាំនិងបុគ្គលិកលក្ខណៈដ៏វិសេសដែលធ្វើឱ្យអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ទទួលបានជោគជ័យដ៏ឧត្ដុង្គឧត្ដមបំផុតលើមុខជំនួញវិស័យអប់រំ ដែលធ្វើឱ្យមនុស្សគ្រប់ស្រទាប់វ័យនៅក្នុងសង្គមខ្មែរគោរពស្រឡាញ់លោកជាអតិបរមា។ ស្នាដៃនេះនឹងនាំមិត្តអ្នកអានឱ្យបានឈ្វេងយល់អំពីវិធីសាស្ត្ររក្សាវឌ្ឍនភាពក្រុមហ៊ុនក្នុងកាលៈទេសៈប្រទេសជាតិនិងពិភពលោកជួបប្រទះវិបត្តិសេដ្ឋកិច្ច វិធីសាស្ត្រលើកទឹកចិត្តបុគ្គលិកឱ្យខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយប្រសិទ្ធភាពនិងចងចិត្តបុគ្គលិកឱ្យបំពេញការងារបានរយៈពេលយូរឆ្នាំ វិធីសាស្ត្រកសាងកេរ្តិ៍ឈ្មោះល្អនៅក្រុមហ៊ុននិងនៅក្នុងសង្គម ជាដើម។

សូមជម្រាបជូនថា ស្នាដៃដែលមានកម្រាស់៤៥២ទំព័រនេះ អ្នកនិពន្ធបានប្រើពេលជិត១០ឆ្នាំក្នុងការនិពន្ធចងក្រងឡើង។ ការប្រើរយៈពេលដ៏យូរបែបនេះ ក៏ព្រោះតែអ្នកនិពន្ធត្រូវការសង្កេតអំពីអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ឱ្យបានហ្មត់ចត់និងច្បាស់លាស់បំផុត ព្រមទាំងត្រូវប្រើពេលសម្ភាសអ្នកឧកញ៉ាផ្ទាល់និងសម្ភាសមនុស្សដែលស្គាល់អ្នកឧកញ៉ាផងដែរ ដើម្បីផ្ទៀងផ្ទាត់ទិន្នន័យនិងចៀសវាងការសរសេរប្រាសចាកពីការពិត។

គួរជម្រាបជូនថា ពិធីសម្ពោធសៀវភៅ «គួច ម៉េងលី ជាមនុស្សបែបណា?» ត្រូវបានរៀបចំឡើងដោយក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក តាមរយៈគ្រឹះស្ថានបោះពុម្ពនៃសាកលវិទ្យាល័យ ម៉េងលី ជេ. គួច និងដៃគូចែកផ្សាយ បណ្ណាគារ អន្តរទ្វីប។ ចំពោះការចំណាយលើថ្លៃប្រតិបត្តិការនិពន្ធ ការបោះពុម្ពផ្សាយ និងការសម្ពោធសៀវភៅនេះ គឺគាំទ្រដោយក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក ខណៈចំណូលពីការលក់សៀវភៅនេះនឹងត្រូវបរិច្ចាគចូលមូលនិធិ ម៉េងលី ជេ. គួច ដើម្បីគាំទ្រដល់សកម្មភាពជួយសង្គ្រោះប្រជាជនក្រីក្រនិងប្រជាជនដែលងាយរងគ្រោះនៅទូទាំងប្រទេសកម្ពុជា។

ប្រសិនបើប្រិយមិត្តចង់ជ្រាបកាន់តែច្បាស់អំពីខ្លឹមសារសំខាន់ៗនៅក្នុងសៀវភៅ «គួច ម៉េងលី ជាមនុស្សបែបណា?» ប្រិយមិត្តអាចរកទិញស្នាដៃនេះនៅបណ្ណាគារ អន្តរទ្វីប (១២ទីតាំង), បណ្ណាគារ អន្តរជាតិ (១៣ទីតាំង), បណ្ណាគារ LA (ក្រុងសៀមរាប), បណ្ណាគារសន្តិភាព (៤ទីតាំង) បណ្ណាគារ បាក់ទូក ជាដើម ដែលមានតម្លៃត្រឹមតែ៣៤ ៩០០រៀល ឬ ៨.៥ដុល្លារក្នុងមួយក្បាលតែប៉ុណ្ណោះ ឬប្រិយមិត្តអាចបញ្ជាទិញតាមប្រព័ន្ធឌីជីថលបាន ដោយគ្រាន់តែចូលទៅកាន់តំណភ្ជាប់ https://shorturl.at/Al9k4 ឬឈែតចូលប្រអប់សាររបស់ បណ្ណាគារ អន្តរទ្វីប តាមរយៈតំណ https://www.facebook.com/ib.mjqeducation ដើម្បីបញ្ជាទិញ ជាការស្រេច។ (អត្ថបទដោយ៖ MJQUP)











