អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន (MJQE) តាមរយៈមូលនិធិ ម៉េងលី ជេ. គួច កាលពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ កន្លងទៅនេះបានអញ្ជើញចុះសួរសុខទុក្ខដោយផ្ទាល់ ព្រមទាំងផ្តល់ជំនួយជាស្បៀងជូនដល់ពលរដ្ឋភៀសសឹកចំនួន ១,៥០០ គ្រួសារនៅតាមជំរំភៀសសឹកស្ថិតក្នុងខេត្តបាត់ដំបង និងខេត្តឧត្តរមានជ័យ។

សូមបញ្ជាក់ផងដែរថា នេះគឺជាជំនួយសប្បុរសធម៌ជូនដល់ពលរដ្ឋភៀសសឹកលើកទី៥ និងទី៦ ដែលអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ដោយមានការចូលរួមពីសំណាក់គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូនៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) បុគ្គលិកនៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន អ្នកអាណាព្យាបាល សិស្សានុសិស្ស ព្រមទាំងសប្បុរជន តាមរយៈមូលនិធិ ម៉េងលី ជេ. គួច បានរៀបចំជួយដល់ពលរដ្ឋភៀសសឹកទាំង ១,៥០០ គ្រួសារក្នុងនោះរួមមានដូចជា អង្ករ ៣០ តោន, មី ១,៥០០ កេស, ទឹកស៊ីអ៊ីវ ១,៥០០ យួរ, ទឹកត្រី ១,៥០០ យួរ, សាច់ក្រក ១,៥០០ គីឡូ, ឆៃប៉ូវ ១,៥០០ គីឡូ ទឹកសុទ្ធ ១០០ យួរ, ទឹកដោះគោសម្រាប់ក្មេង ១២៥ កេស, នំបុ័ងបាក់យ៉ុង ១,០០០ ដើម និងសម្លៀកបំពាក់ចម្រុះចំនួន ១០០ កេសធំ ក្នុងគោលបំណងចូលរួមចំណែកក្នុងកិច្ចការងារសង្គម ជាពិសេសឆ្លើយតបទៅនិងតម្រូវការជាស្បៀង អាហារ ថ្នាំសង្កូវ សម្ភារៈអនាម័យ និងសម្ភារៈចាំបាច់ប្រើប្រាស់ប្រចាំថ្ងៃរបស់ពលរដ្ឋភៀសសឹកដោយគិតសរុបជាថវិកាប្រមាណជាជាង ៧ ម៉ឺនដុល្លារអាមេរិក។

កាលពីអំលុងខែ សីហា ឆ្នាំ២០២៥ កន្លងទៅនេះ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ក៏បានធ្លាប់ចុះសួរសុខទុក្ខពលរដ្ឋភៀសសឹកចំនួន ៤ ដងរួចមកហើយផងដែរក្នុងនោះមានពលរដ្ឋភៀសសឹកចំនួន ១,២៨៨ គ្រួសារ និងគ្រួសារកងទ័ពចំនួន ១០០ គ្រួសារស្ថិតនៅស្រុកចំនួនបីផ្សេងគ្នាក្នុងខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ដោយបានផ្តល់ជំនួយជាស្បៀង ថ្មាំពេទ្យ និងសម្ភារៈប្រើប្រាស់ចាំបាច់ផ្សេងៗជាច្រើនទៀតគិតជាថវិកាសរុបប្រមាណជា៨១,៦១៨.២៤ ដុល្លាផងដែរ។











