ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារ «អ្នកឧកញ៉ា» ជូនដល់ឧកញ៉ា សុខ ដារ៉ា កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ តបតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

អ្នកឧកញ៉ា សុខ ដារ៉ា ជាអនុប្រធានក្រុមប្រឹក្សាភិបាល នៃសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC)។
សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា កាលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ក៏បានចេញលិខិតអបអរសាទរ និងគោរពជូនដល់ អ្នកឧកញ៉ា សុខ ដារ៉ា ផងដែរ ដែលទទួលបានគោរមងារ «អ្នកឧកញ៉ា»។ តាមរយៈខ្លឹមសារលិខិត បានគូសបញ្ជាក់ថា ព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារ អ្នកឧកញ៉ា នេះគឺពិតជាបង្ហាញកិត្តិយសដ៏ឧត្តុងឧត្តម និងជាសក្ខីភាពឆ្លុះបញ្ចាំងអំពីកិច្ចខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី លះបង់ដោយមិនខ្លាចនឿយហត់ ដោយបានចំណាយពេលវេលា និងថវិកាផ្ទាល់ខ្លួនរបស់អ្នកឧកញ៉ា ក្នុងការចូលរួមកិច្ចការមនុស្សធម៌ជាច្រើន ដែលជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។
សូមជម្រាបថា កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ ពោលគឺប្រមាណ៨ឆ្នាំមុន លោក សុខ ដារ៉ា ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជា «ឧកញ៉ា» តាមសេចក្ដីក្រាបបង្គំទូលថ្វាយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា៕






