តុលាការខេត្តកណ្តាល អនុញ្ញាតឱ្យអតីតឧកញ៉ា ឆេង ស្រីរ័ត្ន ហៅ Love Riya ចេញពីពន្ធនាគារ ដើម្បីពិនិត្យ​សុខភាព

ជុំវិញ​ឧកញ៉ា

សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកណ្តាល កាលពីពេលថ្មីៗនេះ បានអនុញ្ញាតឱ្យអតីតឧកញ៉ា ឆេង ស្រីរ័ត្ន ហៅ Love Riya ចេញពីពន្ធនាគារបណ្តោះអាសន្ន ដើម្បីពិនិត្យ​សុខភាពនៅមន្ទីរពេទ្យ ខណៈដែលជនជាប់​ចោទរូបនេះកំពុងមានផ្ទៃពោះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ចំពោះរូបភាពបែកធ្លាយ អតីតឧកញ៉ា ឆេង ស្រីរ័ត្ន ហៅ Love Riya ចេញពីមន្ទីរឃុំឃាំង នៃពន្ធនាគារខេត្តកណ្តាល បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនយល់ច្រឡំថា អតីតអ្នកជំនួញលក់ឡេរូបនេះ ត្រូវបានតុលាការ​ដោះ​លែង​វិញ។ ទោះយ៉ាងណា តាមការបញ្ជាក់របស់សមត្ថកិច្ចខេត្តកណ្តាល គិតត្រឹមថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០២៦នេះ អ្នកនាង Love Riya មិនទាន់ដោះលែងពីពន្ធនាគារនោះទេ។ សម្រាប់រូបភាពរបស់អ្នកនាង (កំពុងមានផ្ទៃពោះ) ដែលស្លៀកពាក់​ខោអាវអ្នកទោសនោះ គឺមន្រ្តីអនុរក្សពន្ធនាគារ នាំទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យ ដោយមានការ​អនុញ្ញាត​​ពីតុលាការ។

សូមជម្រាបថា កាលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកណ្តាល បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីចំណាត់ការលើសំណុំរឿងព័ន្ធករណីញុះញង់ឱ្យមានការរើសអើង និងធ្វើឲ្យខូចទឹកចិត្តកងទ័ព ដោយសម្រេចឃុំខ្លួនបណ្តោះអាសន្នលើ ឧកញ៉ា ឆេង ស្រីរ័ត្ន ហៅ Love Riya នៅពន្ធនាគារខេត្តកណ្តាល។ ការចាប់ខ្លួនអ្នកនាង ធ្វើឡើងបន្ទាប់ពីអ្នកលក់ឡេល្បីឈ្មោះរូបនេះ ប្រើប្រាស់ពាក្យ​សម្ដីនៅលើបណ្ដាញសង្គមដែលមានលក្ខណៈញុះញង់ បំបាក់ទឹកចិត្តកងទ័ព និងប៉ះពាល់ដល់ប្រជាពលរដ្ឋខ្មែរ ពាក់ព័ន្ធបញ្ហាព្រំដែនកម្ពុជា-ថៃ និងការប្រើប្រាស់ផលិតផលថៃ៕