ឧកញ៉ា អ៊ឹង វណ្ណម៉ៅ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា អមដំណើរដោយ អ្នកឧកញ៉ា ភួ វាសនា អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង នឹងដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ប្រមាណ ៤០រូប ធ្វើទស្សនកិច្ចពាណិជ្ជកម្មទៅកាន់ទីក្រុងក្វាងចូវ សាធារណរដ្ឋប្រជាមានិតចិន រយៈពេល ៤យប់ ៥ថ្ងៃ។

សភាពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា ដំណើរទស្សនកិច្ចពាណិជ្ជកម្មនេះ នឹងចាប់ពីថ្ងៃទី ១៧ មេសា ដល់ថ្ងៃទី ២១ ខែមេសា ឆ្នាំ២០២៦។ ក្នុងដំណើរទស្សនកិច្ចពាណិជ្ជកម្មនេះ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា នឹងត្រូវ៖ ១.ចូលរួមកម្មវិធីពិព័រណ៍ផលិតផលនាំចេញ នាំចូលប្រទេសចិន (The 139th Canton Fair), ២.ចូលរួមកិច្ចប្រជុំ និងវេទិកាចែករំលែក, ៣.ជំនួបពាណិជ្ជកម្ម និងចាប់ដៃគូរជាមួយក្រុមហ៊ុនចិនល្បីៗ, ៤.ទស្សនកិច្ចរោងចក្រ សហគ្រាសផលិត ដែលមានឧបករណ៍ និងបច្ចេកវិទ្យាទំនើបៗ នៅក្នុងវិស័យឧស្សាហកម្មប្រទេសចិន។
សូមជម្រាបថា ដំណើរទស្សនកិច្ចពាណិជ្ជកម្មទៅកាន់ទីក្រុងក្វាងចូវខាងលើនេះ រៀបចំដោយសភាពាណិជ្ជកម្មកម្ពុជា និងសហការរៀបចំដោយ មជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច (BDC) និងមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) ព្រមទាំងគាំទ្រដោយ សហគ្រិនខ្មែរ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍៕




