លោកជំទាវឧកញ៉ា ស្រ៊ៀត មុំសុភា ទទួលការតែងតាំងជាកុងស៊ុលកិត្តិយសបង់ក្លាដេស ប្រចាំនៅកម្ពុជា

ជុំវិញ​ឧកញ៉ា

នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦នេះ លោកជំទាវឧកញ៉ា ស្រ៊ៀត មុំសុភា បានទទួលការតែងតាំងជាកុងស៊ុលកិត្តិយសបង់ក្លាដេស ប្រចាំនៅកម្ពុជា ជាផ្លូវការ ដែលពិធីប្រគល់លិខិតតែងតាំងនេះ ត្រូវបានរៀបចំឡើងដោយ ស្ថានកុងស៊ុលកិត្តិយសនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដេស ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល អ្នកតំណាងស្ថានទូត មេដឹកនាំអាជីវកម្ម និងភាគីពាក់ព័ន្ធសំខាន់ៗពីប្រទេសទាំងពីរ នៅ Novotel Phnom Penh។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីដ៏សំខាន់នេះបានធ្វើឡើងក្រោមអធិបតីភាពរបស់ ឯកឧត្តម ហ៊ួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ព្រះរាជាណាចក្រកម្ពុជា និងមានការចូលរួមពី ឯកឧត្តម កាស៊ី ហ្វៃយ៉ាស មួរស៊ីដ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតបង់ក្លាដេស ព្រមទាំង ឯកឧត្តម វេជ្ជបណ្ឌិត អ៊ុន ខេង រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង ឯកឧត្តម ឧកញ៉ា បណ្ឌិត តាន់ មុន្នីវណ្ណ តំណាងសភាពាណិជ្ជកម្មកម្ពុជា។

កម្មវិធីនេះមានព្រឹត្តិការណ៍សំខាន់ៗជាច្រើន រួមមាន៖ ១.ពិធីប្រគល់លិខិតតែងតាំងផ្លូវការ លោកជំទាវ ឧកញ៉ា ស្រ៊ៀត មុំសុភា ជាកុងស៊ុលកិត្តិយសបង់ក្លាដេស ប្រចាំនៅកម្ពុជា, ២.សុន្ទរកថា ថ្នាក់ខ្ពស់ពីមន្ត្រីរដ្ឋាភិបាល និង ឯកអគ្គរដ្ឋទូតបង់ក្លាដេស, ៣.ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់ (MOU) ជាមួយស្ថាប័នច្បាប់នៅកម្ពុជា ដើម្បីគាំទ្រកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងច្បាប់, ៤.ការបង្ហាញវប្បធម៌កម្ពុជា និងបង់ក្លាដេស បង្ហាញពីមិត្តភាព និងការទូតវប្បធម៌, ៥.វេទិកាភ្ជាប់អាជីវកម្ម (B2B) រវាងសហគមន៍អាជីវកម្មកម្ពុជា និងបង់ក្លាដេស និង ៦.ពិធីទទួលស្គាល់ និងតែងតាំងទីប្រឹក្សាកិត្តិយស និងមន្ត្រីទំនាក់ទំនង។

ចំណុចសំខាន់នៃកម្មវិធី គឺពិធីប្រគល់លិខិតតែងតាំងផ្លូវការ ដែលបានទទួលស្គាល់ លោកជំទាវ ឧកញ៉ា ស្រ៊ៀត មុំសុភា ជា កុងស៊ុលកិត្តិយសបង់ក្លាដេស ប្រចាំនៅកម្ពុជា។ ពិធីនេះបានបង្ហាញពីការពង្រឹងទំនាក់ទំនងការទូត និងការប្តេជ្ញាចិត្តរួមក្នុងការអភិវឌ្ឍកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ការពិភាក្សា និងបទបង្ហាញបានផ្តោតលើវិស័យសំខាន់ៗរួមមាន៖ ពាណិជ្ជកម្ម និងវិនិយោគ, អភិវឌ្ឍន៍វិស័យទេសចរណ៍, កិច្ចសហប្រតិបត្តិការផ្នែកច្បាប់ និងស្ថាប័ន, ការផ្លាស់ប្តូរវប្បធម៌ ទំនាក់ទំនងប្រជាជននិងប្រជាជន។

សូមជម្រាបថា ចាប់តាំងពីដំណើរការតែងតាំងនៅឆ្នាំ២០២៤ និងការទទួលស្គាល់ផ្លូវការនៅឆ្នាំ២០២៥ ស្ថានកុងស៊ុលកិត្តិយសបង់ក្លាដេស ប្រចាំនៅកម្ពុជា បានខិតខំអភិវឌ្ឍវេទិកាសហប្រតិបត្តិការដោយភ្ជាប់ជាមួយក្រសួង ស្ថាប័នច្បាប់ និងវិស័យឯកជន ដើម្បីលើកកម្ពស់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព៕