អ្នកឧកញ៉ា ទៀ វិចិត្រ អគ្គនាយកក្រុមហ៊ុន ជីធីវីសុី គ្រុប (GTVC Group) បានប្រមូលទិញទុរេន អ្នកឧកញ៉ា បណ្ឌិត ម៉ុង ឫទ្ធី ជិត ៣តោន អស់ថវិកាប្រមាណជិត ១៥០០០ដុល្លារ ដើម្បីចែកជូនបុគ្គលិក និងកម្មករទទួលទាន។

អ្នកឧកញ៉ា បណ្ឌិត ម៉ុង ឫទ្ធី បានឱ្យដឹងតាមរយៈបណ្តាញសង្គម កាលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ បែបនេះថា៖ “ថ្ងៃពុធ ១២រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា រដូវប្រមូលផលផ្លែទុរេននៅតំបន់ឆ្នេរសមុទ្រកែវផុសឆ្នាំ២០២៦ ក្មួយទៀ វិចិត្រ មកប្រមូលទិញយកទៅចែកឱ្យបុគ្គលិក កម្មករហូប ចំនួន ៩២៨ផ្លែ ស្មើនឹង ២,៩៣៨គីឡូក្រាម គិតជាទឹកប្រាក់អស់ចំនួន ៥៨,៧៦០,០០០រៀល ស្មើនឹងប្រាក់ដុល្លារ ១៤,៧០០ដុល្លារ។ ពូសូមជូនពរឱ្យក្មួយជួបតែសំណាងល្អគ្រប់ទិវារាត្រី”។
សូមជម្រាបថា នេះមិនមែនជាលើកទីមួយនោះដែរ ដែលអ្នកឧកញ៉ា ទៀ វិចិត្រ ទិញផ្លែទុរេនចែកជូនបុគ្គលិកហូប។ ជាក់ស្តែង កាលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ អ្នកឧកញ៉ា ក៏បានទិញទុរេន ៨០០ផ្លែ ដើម្បីចែកជូនបុគ្គលិកចំនួន ៨០០នាក់ ហូបឱ្យឆ្ងាញ់មាត់គ្រប់គ្នាផងដែរ៕











