អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន Royal Group Co.,Ltd និងជាប្រធានសភាពាណិជ្ជកម្មកម្ពុជា បានបរិច្ចាគថវិកាចំនួន ១០,០០០ដុល្លារ ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦។ នេះបើតាមរដ្ឋបាលខេត្តកោះកុង បានបង្ហាញឱ្យដឹង នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦នេះ។

ឯកឧត្តមនាយឧត្តមសេនីយ៍ យន្ត មីន ប្រធានកិត្តិយសសាខា លោកជំទាវ ឈី វ៉ា ប្រធានគណៈកម្មាធិការសាខា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ អ្នកឧកញ៉ា គិត ម៉េង ដែលបានបរិច្ចាគថវិកាចំនួន ១០,០០០ដុល្លារ ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦ ក្នុងឱកាសខួបទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ក្រោមប្រធានបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌»។
សាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ក៏បានប្រកាសសូមអំពាវនាវចំពោះសម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា សូមបន្តចូលរួមបរិច្ចាគថវិកា សម្ភារៈ ជូនកាកបាទក្រហមកម្ពុជា ដើម្បីឱ្យសមាគមជាតិមានធនធាន និងលទ្ធភាពគ្រប់គ្រាន់ ក្នុងការបន្តផ្តល់សេវាកម្មមនុស្សធម៌ជួយដល់ជនរងគ្រោះ និងជនងាយរងគ្រោះបំផុត ប្រកបដោយបរិយាប័ន្ន។
សូមជម្រាបថា កាលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ ឧកញ៉ា គិត ស៊ូឡា អគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប អ៊ិនធើណេសិនណល អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង អនុប្រធានក្រុមប្រឹក្សាភិបាល អ្នកនាង គិត ស៊ូណាវីន ទេវី និងអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយក ក៏បាននាំយកថវិកាចំនួន ១.៥៥៥.៥៥៥ ដុល្លារ បរិច្ចាគជូនកាកបាទក្រហមកម្ពុជា ក្រោមអធិបតីភាពលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជាផងដែរ៕



