ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន សម្រាប់កម្ពុជា នឹងដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញអមដំណើរសម្តេចធិបតីនាយករដ្ឋមន្ត្រី បំពេញទស្សនកិច្ចការងារ និង ចូលរួមសន្និសីទស្តីពីបញ្ញាសុប្បនិម្មិត នៅសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦។

តាមសេចក្តីប្រកាសព័ត៌មាន ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា នឹងជួបពិភាក្សាការងារជាមួយ ក្រុមប្រឹក្សាជំរុញពាណិជ្ជកម្មអន្តរជាតិចិន (CCPIT) ដើម្បីពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ ព្រមទាំងជំរុញសកម្មភាពធុរកិច្ច និងវិនិយោគរវាងកម្ពុជា-ចិន ឱ្យកាន់តែសកម្មថែមទៀត។
ទន្ទឹមនឹងនេះ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ក៏នឹងអញ្ជើញចូលរួមកិច្ចប្រជុំពាក់ព័ន្ធសំខាន់ៗផ្សេងទៀត ដើម្បីស្វែងរកកាលានុវត្តភាពវិនិយោគថ្មីៗ ពង្រីកបណ្តាញទំនាក់ទំនងធុរកិច្ច និងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ក៏ដូចជានៅក្នុងក្របខណ្ឌភាពជាដៃគូ ក្នុងតំបន់ឱ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាពខ្ពស់៕



