អ្នកឧកញ៉ា គិត ម៉េង អញ្ជើញចូលរួមអម សម្តេចធិបតីនាយករដ្ឋមន្ត្រី ជួបជាមួយគណៈប្រតិភូសភាពាណិជ្ជកម្មចិន​ប្រចាំទីក្រុងហុងកុង និងសម្ព័ន្ធសហគ្រិនតំបន់ឆ្នេរសមុទ្រ​​ក្វាង​ទុង-ហុងកុង-ម៉ាកាវ

ជុំវិញ​ឧកញ៉ា

នារសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធាន​ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានអញ្ជើញចូលរួមអម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដែល សម្តេចធិបតីនាយករដ្ឋមន្ត្រី បានអនុញ្ញាតជូន គណៈប្រតិភូសភាពាណិជ្ជកម្មចិនប្រចាំទីក្រុងហុងកុង(CGCC) និងសម្ព័ន្ធសហគ្រិនតំបន់ឆ្នេរសមុទ្រក្វាងទុង-ហុងកុង-ម៉ាកាវ (GBA Alliance) ដឹកនាំដោយ លោក Jonathan K.S. Choi ប្រធានក្រុមហ៊ុន Sunwah Group, ប្រធាន CGCC និងជាប្រធាន GBA Alliance ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងជំនួបនេះ គណៈប្រតិភូCGCC និង GBA Alliance បានសម្ដែងចំណាប់​អារម្មណ៍ និងវាយតម្លៃខ្ពស់ចំពោះ​ភាពរីកចម្រើន​យ៉ាងឆាប់រហ័ស​លើគ្រប់​វិស័យ​នៅកម្ពុជា និងបានបង្ហាញជំនឿទុកចិត្តយ៉ាងមុតមាំចំពោះឱកាស​ការវិនិយោគ​នៅកម្ពុជា។ គណៈប្រតិភូ បានជម្រាបជូនសម្ដេចមហាបវរធិបតីថា ដំណើរ​ទស្ស​ន​​កិច្ចធុរកិច្ចមកកាន់​កម្ពុជានាឱកាសនេះ គឺដើម្បីស្វែងយល់ពីកាលានុវត្តភាព​ក្នុង​ការវិនិយោគលើវិស័យសក្ដានុពលសំខាន់ៗ​ជាច្រើននៅកម្ពុជា ដែលរួមមាន៖ ហេដ្ឋា​រចនាសម្ព័ន្ធ និងអចលនទ្រព្យ, ធនាគារ និងហិរញ្ញវត្ថុ, បច្ចេកវិទ្យា, បញ្ញា​សិប្បនិម្មិត,ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (e-Commerce), ថាមពល, ការដឹកជញ្ជូននិងឡូជីស្ទីក, អាកាសចរណ៍, កសិកម្ម, អប់រំ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ និងសុខាភិបាល។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានស្វាគមន៍ចំពោះចំណាប់អារម្មណ៍​របស់​គណៈប្រតិភូ ក្នុងការស្វែងរកឱកាស​វិនិយោគលើវិស័យសក្តានុពលនៅកម្ពុជា។ សម្តេចប្រមុខរាជរដ្ឋាភិបាល បានគូសរំលេចអំពីការដាក់ចេញ​គោលនយោបាយ និងវិធានការចាំបាច់នានារបស់រាជរដ្ឋាភិបាល ក្នុងការលើកទឹកចិត្តដល់​វិនិយោ​គិន, ការកែទម្រង់​ស្ថាប័ន, ការធ្វើសាមញ្ញកម្មនីតិវិធីនានា ព្រមទាំងការផ្តល់​ការ​លើកចិត្តផ្នែកពន្ធដារលើវិស័យសក្តានុពលមួយចំនួន សំដៅធានាភាពរីក​ចម្រើន និងជោគជ័យរបស់វិនិយោគិននៅកម្ពុជា។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកទឹកចិត្តគណៈប្រតិភូ CGCC និង GBA Alliance ឱ្យបន្តផ្សារភ្ជាប់​ទំនាក់ទំនង​ឱ្យ​កាន់តែជិត​ស្និទ្ធ​ជាមួយ​ក្រសួង-ស្ថាប័នកម្ពុជា ដើម្បីចាប់យកឱកាសក្នុងការវិនិយោគជាក់​ស្ដែងនៅ​កម្ពុជាផងដែរ៕