ឧកញ៉ា ប៉ិច បូឡែន អញ្ជើញជាអធិបតីភាពសម្ពោធសាខាថ្មី សាលារៀនសហគមន៍២១ សាខាទី១០ នៅទីរួមស្រុកមោងឫស្សី ខេត្តបាត់ដំបង

ជុំវិញ​ឧកញ៉ា

នាថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៦ ឧកញ៉ា ប៉ិច បូឡែន បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធបើកដំណើរការជាផ្លូវការនូវ សាខាថ្មី សាលារៀនសហគមន៍២១ សាខាទី១០ ដែលស្ថិតនៅក្នុងស្រុកមោងឫស្សី ខេត្តបាត់ដំបង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឧកញ៉ា ប៉ិច បូឡែន បានគូសបញ្ជាក់លើបណ្តាញសង្គមហ្វេសប៊ុកថា ការបើកដំណើរការសាខាថ្មីនេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់គុណភាពអប់រំ និងពង្រីកកាលានុវត្តភាពសិក្សាជូនដល់សិស្សានុសិស្សនៅក្នុងសហគមន៍ ឲ្យទទួលបាននូវចំណេះដឹង ប្រកបដោយស្តង់ដារ និងសមត្ថភាពខ្ពស់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍសង្គមជាតិ និងសហគមន៍មូលដ្ឋានផ្ទាល់។

សូមជម្រាបថា សាលារៀនសហគមន៍២១ គឺជាបណ្តាញគ្រឹះស្ថានអប់រំថ្មីមួយរបស់ វេសឡាញ អេឌ្យូខេសិន គ្រុប ដែលត្រូវបានបង្កើតឡើងនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ ដោយឧកញ៉ា ប៉ិច បូឡែន។ បណ្តាញសាលានេះមានបេសកកម្មចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍជំនាញឌីជីថល សហគ្រិនភាព និងសេដ្ឋកិច្ចសហគមន៍ តាមរយៈការផ្តល់ការអប់រំប្រកបដោយគុណភាព និងតម្លៃសិក្សាសមរម្យសម្រាប់ប្រជាជននៅតំបន់ជាយក្រុង និងបណ្តាខេត្ត។ 

កម្មវិធីសិក្សារបស់សាលារៀនសហគមន៍២១ រួមមានកម្មវិធីអប់រំទូទៅភាសាខ្មែរ (មត្តេយ្យដល់បឋមសិក្សា) កម្មវិធីមត្តេយ្យភាសាអង់គ្លេស កម្មវិធីភាសាអង់គ្លេសជំនាញសតវត្សទី២១ និងការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈនៅកម្រិតវិទ្យាល័យ។ ក្រៅពីនេះ សាលារៀនក៏បានបញ្ចូលកម្មវិធីអមជាច្រើនទៀតដូចជា កម្មវិធីបណ្តុះបណ្តាលផ្នែកហិរញ្ញវត្ថុ (MoneyTree) កម្មវិធីទម្លាប់ល្អទាំង៧ (7 Habits of Highly Effective People) កម្មវិធី STEM កម្មវិធីកុំព្យូទ័រសម្រាប់ថ្នាក់បឋមសិក្សា ការផ្លាស់ប្តូរបទពិសោធន៍សិក្សា និងការធ្វើទស្សនកិច្ចសិក្សា។