កាលពីព្រឹកថ្ងៃទី០៥ កញ្ញា ២០២៦ នៅវិទ្យាស្ថានជាតិអប់រំ ស្ថាប័នអប់រំ អេជី (AG) បានរៀបចំកម្មវិធីបើកបវេសនកាលថ្មី (២០២៦-២០២៧) ព្រមទាំងប្រគល់វិញ្ញាបនបត្រជាតិ-អន្តរជាតិ ពានរង្វាន់ មេដាយ និងប័ណ្ណសរសើរ ជូនដល់សិស្សឆ្នើម និងសិស្សនិទ្ទេស A សម័យប្រឡង ១០ សីហា ២០២៦ របស់បុត្រសម្ព័ន្ធខ្លួន រួមមាន៖ សាលារៀនអារីហ្សូន, សាលាអន្តរជាតិហ្គេនម៉ោន, មជ្ឈមណ្ឌលបណ្តុះបណ្តាលអេជី និង Global Student Cambodia។ កម្មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឧកញ៉ា វេជ្ជបណ្ឌិត ជា សុខឃាង ស្ថាបនិក និងជាប្រធាននាយកប្រតិបត្តិនៃស្ថាប័នអប់រំ អេជី និងលោកជំទាវ ទា ដាវី។

ផ្អែកលើបទពិសោធជាង ៣០ ឆ្នាំក្នុងវិស័យអប់រំឯកជន ឧកញ៉ា វេជ្ជបណ្ឌិត ជា សុខឃាង បានបញ្ជាក់ថា ស្ថាប័នអប់រំ អេជី (AG) ដែលមានបុត្រសម្ព័ន្ធដូចជា សាលារៀនអារីហ្សូន, សាលាអន្តរជាតិហ្គេនម៉ោន, មជ្ឈមណ្ឌលបណ្តុះបណ្តាលអេជី និង Global Student Cambodia បានចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍមូលធនមនុស្សស្របតាមគោលនយោបាយរាជរដ្ឋាភិបាល ដោយឈរលើគោលការណ៍គ្រឹះបីគឺ «គ្រប់គ្រងល្អ បង្រៀនល្អ និងរៀនល្អ»។
លោកឧកញ៉ា វេជ្ជបណ្ឌិត បានបញ្ជាក់ថា សាលារៀនអារីហ្សូន គឺជាសាលាជម្រើសទី១ ដែលផ្តល់ការអប់រំគុណភាពខ្ពស់ តាមបែបទំនើបកម្មវិធីសិក្សានាសតវត្សទី២១ ជូនដល់សិស្សចាប់ពីអាយុ ៣ ឆ្នាំឡើងទៅ។ សាលារៀនមានកម្មវិធីសិក្សាបីភាសា (ជាតិ សឹង្ហបុរី និងចិន) ពីកម្រិតមត្តេយ្យដល់ថ្នាក់ទី១២ ដោយផ្តោតអាទិភាពលើកម្មវិធី STEM ព្រមទាំងមានវគ្គបណ្តុះបណ្តាលភាសាអង់គ្លេស និងចិនទូទៅ ទាំងពេញម៉ោងនិងក្រៅម៉ោងផងដែរ។ សាលាអន្តរជាតិ ហ្គេនម៉ោន (GMIS) គឺជាសាលាចំណេះទូទៅត្រីភាសា ដែលផ្តល់កម្មវិធីសិក្សាជាតិ, កម្មវិធីអន្តរជាតិស្តង់ដារចក្រភពអង់គ្លេស (Cambridge IGCSE) និងភាសាចិន រួមទាំងមុខវិជ្ជាបន្ថែមដូចជា ព័ត៌មានវិទ្យា សិល្បៈ និងកីឡា។ សាលាផ្តោតលើការបណ្តុះបណ្តាលសិស្សឱ្យមានសមត្ថភាពពេញលេញ ដើម្បីត្រៀមខ្លួនបន្តការសិក្សាថ្នាក់ឧត្តមសិក្សា និងក្លាយជាអ្នកដឹកនាំឆ្នើមប្រកបដោយស្មារតីសហគ្រិនភាព នាពេលអនាគត។
លោកឧកញ៉ាក៏បានប្តេជ្ញាពង្រឹងគោលការណ៍ «គ្រប់គ្រង បង្រៀន និងរៀនល្អ» ដើម្បីបណ្តុះបណ្តាលសិស្សឱ្យទទួលបាន វិជ្ជាសម្បទា បំណិនសម្បទា និងចរិយាសម្បទា ស្របតាមយុគសម័យសកលភាវូនីយកម្ម និងឧស្សាហកម្ម 4.0 ព្រមទាំងត្រៀមខ្លួនបង្កើតគ្រឹះស្ថានឧត្តមសិក្សានៅចុងទសវត្សរ៍នេះ។
សូមបញ្ជាក់ដែរថា ស្ថាប័នអប់រំ អេជី (AG) គឺជាគ្រឹះស្ថានអប់រំស្តង់ដារខ្ពស់ដ៏រឹងមាំមួយនៅកម្ពុជា ដែលបច្ចុប្បន្នមាន ១០ ទីតាំង/សាខា និងមានបុត្រសម្ព័ន្ធល្បីៗដូចជា៖ សាលារៀនអារីហ្សូន, សាលាអន្តរជាតិហ្គ្រេនម៉ោន, មជ្ឈមណ្ឌលបណ្តុះបណ្តាលអេជី និង Global Student Cambodia។ ជាមោទនភាពក្នុងការប្រឡងបាក់ឌុបឆ្នាំ២០២៦នេះ ស្ថាប័នអប់រំ អេជី ទទួលបានសិស្សនិទ្ទេស A ចំនួន ១១ នាក់ ក្នុងនោះយុវសិស្ស សេន កេតរ៍ស័កធនិន មកពីសាលារៀនអារីហ្សូន សាខាខេត្តសៀមរាប សម្រេចបានលំដាប់ពិន្ទុល្អឥតខ្ចោះ ១០០.០០%៕












