ឧកញ៉ា សួរ វីរៈ បង្ហាញរថយន្តក្រុងថ្មីគាស់កេសក្រុមហ៊ុន វិរៈប៊ុនថាំ ទំនើបចង់ដូចយន្តហោះ

ជុំវិញ​ឧកញ៉ា

នៅព្រឹកថ្ងៃអាទិត្យនេះ លោកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស ​​បាន​​​បង្ហាញ​​នូវ​រូបភាព​រថយន្ត​ក្រុង​​ទំនើប​ថ្មី​ស្រឡាង (រថយន្ត​​ក្រុង​ថ្មី​គាស់កេស)​ របស់​ក្រុមហ៊ុន​ ​វិរៈ ប៊ុនថាំ ​​ដែលមាន​លក្ខណៈ​ទំនើប ទាន់សម័យ ​​បំពាក់​ដោយ​បច្ចេកវិទ្យា​ដំបូង​គេ​នៅកម្ពុជា និង​ចង់​ទំនើប​ដូចយន្តហោះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកឧកញ៉ា សួរ វីរៈ ​​បាន​បង្ហាញ​រូបភាព និង​សារ​លើ​បណ្តាញ​សង្គម​ នៅ​ព្រឹក​ថ្ងៃទី​២៥ ខែ​ធ្នូ​នេះ ​​យ៉ាង​ដូច្នេះ​ថា៖ “តិចច្រឡំថាយន្តហោះទៅ ការពិតជារថយន្តក្រុងទំនើប វីរ:ប៊ុនថាំ តើ! ទំនើប ទាន់សម័យ ប្រកបដោយ​បច្ចេកវិទ្យា ដំបូងគេ និងតែមួយគត់នៅកម្ពុជា ជាប្រភេទរថយន្តថ្មីស្រឡាង”។

លោកឧកញ៉ា បាន​បញ្ជាក់​បន្ថែម​ថា រថយន្ត​ក្រុង​​ថ្មី​ទំនើប​នេះ នឹង​ចាប់ដំណើរការ ចាប់ពី​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ឆ្នាំ២០២២​ នេះហើយ ក្នុង​គោលដៅ​ឆ្ពោះទៅក្រុងព្រះសីហនុ ដោយ​ចំណាយពេល​ត្រឹម​តែ​ ៣ម៉ោងប៉ុណ្ណោះ។ លោកឧកញ៉ា បន្ត​ថា រថយន្ត​ថ្មី​នេះ នឹង​ធ្វើ​ឱ្យ​ភ្ញៀវ​ទទួលបាន​បទពិសោធន៍​ថ្មីជាមួយ​ការធ្វើដំណើរ​ប្រកបដោយ​ផាសុខភាព​ មាន​ទាំង​ប្រព័ន្ធ​អ៊ិនធើណែត WiFi, YouTube,​ Play Game និងមានបន្ទប់ទឹក អំឡុងពេល​ធ្វើ​ដំណើរ។

“កុំថាភ្ញៀវ ខ្ញុំខ្លួនឯងក៏ចង់ជិះដែរ ព្រោះអត់ដែលជិះឡានក្រុងគាស់កេសទេ។ វិរៈប៊ុនថាំ ឈានមុខគេជានិច្ច មិនចំឡងគេ មិនធ្វើតាមគេ តែពួកយើងអភិវឌ្ឍន៏ទៅមុខជានិច្ច”។ លោកឧកញ៉ា សួរ វីរៈ បាន​បញ្ជាក់​បន្ថែម​យ៉ាង​ដូច្នេះ។

គួរ​បញ្ជាក់​ថា ក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស គឺជាក្រុមហ៊ុនខ្មែរ ​ដែលឈានមុខគេតែមួយគត់ក្នុងប្រទេសកម្ពុជា សម្រាប់​សេវាកម្មដឹកអ្នកដំណើរ និងសេវាកម្មបញ្ញើទំនិញ ទៅដល់គ្រប់កន្លែងទាំងអស់ មិនថាតំបន់ដាច់​ស្រយាល​នោះទេ។ ដោយគិតមកដល់សព្វថ្ងៃនៅក្នុងឆ្នាំ២០២២​នេះ​ ​គឺក្រុមហ៊ុនបានពង្រីកសាខា​ ​បាន​ច្រើន​ជាង ៧០០ សាខា នៅ​ទូទាំង​ប្រទេសកម្ពុជា និង​មានទាំងសាខានៅប្រទេសថៃ និង​វៀតណាមផងដែរ៕