តម្រូវការជ្រូកខ្វៃក្នុងរដូវកាលសែនឆេងនៅក្រុងភ្នំពេញមានប្រហែល២ពាន់ក្បាល

សង្គម​និង​សេដ្ឋកិច្ច

ស្របពេលរដូវកាលសែនឆេងម៉េងរបស់ប្រជាពលរដ្ឋជាប់ខ្សែស្រឡាយចិន-វៀតណាមចាប់ផ្តើមពីថ្ងៃទី១មេសាឆ្នំា២០២៣នេះមក មានការប៉ាន់ប្រមាណថា នៅក្រុងភ្នំពេញមានតម្រូវការជ្រូកខ្វៃប្រហែលជិត២ពាន់ក្បាល ពោលគឺមានចំនួនតិចជាងការប៉ាន់ប្រមាណនៅក្នុងឆ្នាំ២០២២ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា លោក ស្រ៊ុន ពៅ បានឱ្យដឹងថា ផ្អែកទៅតាមការសង្កេតនៅលើផ្សារក្នុងឆ្នាំ២០២៣នេះតម្រូវការជ្រូកខ្វៃឱ្យមានលើសជាងឆ្នាំមុនគឺមិនអាចនោះទេ។ នៅឆ្នាំនេះតម្រូវការជ្រូកខ្វៃអាចនិងមានការធ្លាក់ចុះខ្លះ ប៉ុន្តែតម្លៃជ្រូកខ្វៃគឺនៅដដែល ពោលជ្រូកខ្វៃមួយក្បាលដែលមានទម្ងន់១០គីឡូក្រាមមានតម្លៃប្រមាណ១លានរៀល។

លោកបញ្ជាក់ថា«តម្រូវការជ្រូកខ្វៃនៅទូទាំងប្រទេសយើងមិនអាចធ្វើការប៉ាន់ប្រមាណថាមានចំនួនសរុបប៉ុន្មាននោះទេ ព្រោះមួយឆ្នាំមានតែម្តង។តែយើងអាចធ្វើការប៉ាន់ប្រមាណនៅក្រុងភ្នំពេញថានៅក្នុងមួយរដូវសែនឆេងម៉េងឆ្នាំ២០២៣នេះមានប្រហែលជិត២ពាន់ក្បាល ពោលតិចជាងឆ្នាំមុនមានជាង២ពាន់ក្បាល»។

ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា លើកឡើងថា ក្នុងរដូវសែនឆេងម៉េងរបស់ប្រជាពលរដ្ឋជាប់ខ្សែស្រឡាយចិននេះតម្រូវការជ្រូកខ្វៃវាមិនពាក់ព័ន្ធនិងពូជជ្រូកយកមកចិញ្ចឹមនោះទេដោយសារជ្រូកពូជស្បែករបស់វាស្តើងហើយមិនស្រួយ តែនៅលើទីផ្សារគេនិយមច្រើនទៅលើប្រភេទជ្រូកស្រែដែលចិញ្ចឹមនៅតាមផ្ទះរបស់ប្រជាកសិករនៅតាមតំបន់នានានៅក្នុងប្រទេសកម្ពុជា៕ អត្ថបទ៖សារេត