មជ្ឍមណ្ឌលភស្តុភារកម្មថ្មីរបស់កម្ពុជាតម្លៃ២០០លានដុល្លារអាមេរិក និងជួយលើកកម្ពស់ការតភ្ជាប់និងសមាហរណកម្មក្នុងតំបន់

សង្គម​និង​សេដ្ឋកិច្ច

ដើម្បីជួយកម្ពុជាឱ្យសម្រេចបាននូវគោលបំណងរបស់ខ្លួន ដើម្បីក្លាយជាមជ្ឈមណ្ឌលភស្តុភារកម្មថ្មីនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ IFC បានចុះកិច្ចព្រមព្រៀងថ្មីមួយ ជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន កាលថ្ងៃទី១៩ ខែមេសា២០២៣ ដើម្បីបង្កើតភាពជាដៃគូរវាងវិស័យសាធារណៈ និងវិស័យឯកជន (PPP) សម្រាប់មជ្ឈមណ្ឌលភស្តុភារកម្មមួយក្នុងខេត្តព្រះសីហនុ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាម IFC, ក្រោមកិច្ចព្រមព្រៀងថ្មីនេះ IFC ជាទីប្រឹក្សាដឹកនាំផ្តាច់មុខ ក្នុងការរៀបចំរចនាសម្ព័ន្ធប្រតិបត្តិការ PPP និងគាំទ្ររដ្ឋាភិបាលក្នុងការដេញថ្លៃដែលមានលក្ខណ:ប្រកួតប្រជែងជាអន្តរជាតិ ដើម្បីជ្រើសរើសក្រុមហ៊ុនវិនិយោគឯកជនដែលមានគុណវុឌ្ឍិស្របតាមច្បាប់ PPP របស់ប្រទេសកម្ពុជា។ គម្រោងនេះត្រូវបានគេរំពឹងថានឹងត្រូវបានដំណើរការឡើងជាដំណាក់កាល ជាមួយនឹងដើមទុនសរុបប្រមាណជា ២០០ លានដុល្លារ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនមានប្រសាសន៍ថា «មជ្ឈមណ្ឌលភស្តុភារកម្មក្រុងព្រះសីហនុ គឺជាមជ្ឈមណ្ឌលភស្តុភារកម្មអាទិភាពមួយក្នុងចំណោម មជ្ឈមណ្ឌលភស្តុភារកម្មអាទិភាពចំនួនពីរ ដែលត្រូវអភិវឌ្ឍក្នុងប្រទេសកម្ពុជា។ គោលបំណងរបស់យើង គឺយកប្រទេសកម្ពុជាធ្វើជាមជ្ឈមណ្ឌលផ្ទេរភស្តុភារកម្មប្រចាំតំបន់ក្នុងតំបន់អាស៊ីអាគ្នេយ៍»។

តាមរយៈការធ្វើការជាមួយ IFC យើងអាចទាញយកផលពីជំនាញជាសាកលរបស់ពួកគេ នៅពេលដែល យើងស្វែងរកជម្រើសដ៏ល្អបំផុត ដើម្បីជំរុញការចូលរួមពីវិស័យឯកជនក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធភស្តុភារកម្មដ៏សំខាន់នេះនៅក្នុងប្រទេសកម្ពុជា។

ជាមួយនឹងទីតាំងយុទ្ធសាស្ត្ររបស់ខ្លួននៅភាគនិរតីតាមឆ្នេរសមុទ្រកម្ពុជា និងដោយមានការតភ្ជាប់ល្អ ជាមួយផ្លូវថ្នល់ ផ្លូវដែក និងផ្លូវអាកាស មជ្ឈមណ្ឌលមណ្ឌលភស្តុភារកម្មនេះអាចបំពេញបន្ថែមទៅឲ្យកំពង់ផែក្រុងព្រះសីហនុ ដែលជាកំពង់ផែសមុទ្រទឹកជ្រៅអន្តរជាតិ និងពាណិជ្ជកម្មតែមួយគត់របស់កម្ពុជា ដែលគ្រប់គ្រងពីរភាគបីនៃចំនួនកុងតឺន័រទាំងអស់ដែលឆ្លងកាត់ប្រទេសកម្ពុជា ។

មជ្ឈមណ្ឌលភស្តុភារកម្មទំនើប រួមជាមួយការដឹកជញ្ជូនដែលគាំទ្រកំពង់ផែនេះ នឹងជួយពន្លឿនចលនានៃការនាំចេញ ការនាំចូល និងកាត់បន្ថយការកកស្ទះនៅកំពង់ផែ។ គម្រោងនេះនឹងធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាព និងកាត់បន្ថយ ថ្លៃដើមដឹកជញ្ជូននៅក្នុងប្រទេស ដែលបច្ចុប្បន្ននេះកម្ពុជាកំពុងស្ថិតក្នុងចំណោមប្រទេសដែលមានថ្លៃដឹកជញ្ជូនខ្ពស់បំផុតនៅអាស៊ីបូព៌ា និងជាឧបសគ្គដ៏ធំមួយចំពោះការប្រកួតប្រជែង និងការធ្វើពិពិធកម្ម។

ក្រុមហ៊ុនវិនិយោគត្រូវបានរំពឹងថានឹងផ្តល់ហិរញ្ញប្បទាន អភិវឌ្ឍ និងដំណើរការហេដ្ឋារចនាសម្ព័ន្ធ គ្រឿង បរិក្ខារ និងប្រព័ន្ធនានានៅក្នុងមជ្ឈមណ្ឌលភស្តុភារកម្មក្រោមកិច្ចសន្យារយៈពេលវែងក្នុងភាពជាដៃគូររវាងរដ្ឋាភិបាល និងវិស័យឯកជន។ ការផ្តល់កិច្ចសន្យាទៅឲ្យអ្នកដេញថ្លៃឈ្នះ ទំនងជានឹងត្រូវធ្វើឡើងនៅចុងឆ្នាំ ២០២៤ ដោយមជ្ឈមណ្ឌលនេះនឹងត្រូវសាងសង់ក្នុងរយៈពេល ៣ ឆ្នាំ។

លោក Asad Yaqub តំណាងរបស់ IFC ប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ថា«ការវិនិយោគទ្រង់ទ្រាយធំលើហេដ្ឋារចនាសម្ព័ន្ធមានសារៈសំខាន់ណាស់ក្នុងការជួយដល់វិស័យផលិតកម្មដែលផ្តោតលើការនាំចេញរបស់កម្ពុជា ជំរុញច្រវ៉ាក់ផ្គត់ផ្គង់របស់កម្ពុជា និងការតភ្ជាប់ផ្នែកដឹកជញ្ជូនជាមួយនឹងតំបន់»។

ដោយមានការគាំទ្រពី IFC នេះគឺជាគម្រោងមួយដែលនឹងត្រូវរៀបចំឡើងស្របតាមឧត្តម្មានុវត្តន៍សកល ដើម្បីបង្កើតទីផ្សារដែលមានលក្ខណ:ប្រកួតប្រជែង និងទាក់ទាញវិនិយោគិនដែលមានគុណវុឌ្ឍិគ្រប់គ្រាន់។ ការនាំមកនូវហិរញ្ញប្បទានពីវិស័យឯកជននឹងជួយកាត់បន្ថយបន្ទុកលើ ហិរញ្ញប្បទានរបស់ប្រទេស ហើយក៏ជាគំរូមួយសម្រាប់ការអភិវឌ្ឍប្រតិបត្តិការដឹកជញ្ជូន និងភស្តុភារកម្មក្នុងភាពជាដៃគូររវាង វិស័យសាធារណ: និង វិស័យឯកជន (PPP) នៅក្នុងប្រទេសផងដែរ៕ អត្ថបទ៖សារេត