កិច្ចព្រមព្រាងស្តីពីពាណិជ្ជកម្មតាមព្រំដែនរវាងកម្ពុជា-វៀតណាម ចំណេញអ្វីដល់កម្ពុជា?

សង្គម​និង​សេដ្ឋកិច្ច

សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រម«លើកិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្មតាមព្រំដែនរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាម» ត្រូវបានគណៈកម្មការទី៩ នៃព្រឹទ្ធសភា ឯកភាពទាំងស្រុងទៅលើបែបបទ និងនីតិវិធីនៃការស្នើសុំសច្ចាប័នកាលពីថ្ងៃទី២៤ខែមេសារឆ្នំា២០២៣។ ផ្អែកលើច្បាប់ឬកិច្ចព្រមព្រាងខាងលើនេះក្រៅពីជួយធ្វើឱ្យប្រសើរឡើងនៅជីវភាពរបស់ប្រជាជនរស់នៅតាមព្រំដែនទំាងពីរប្រទេស វាក្លាយជាយន្តការសម្រួលពាណិជ្ជកម្មទ្វេភាគីកាន់តែប្រសើរជាងមុន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមក្រសួងពាណិជ្ជកម្ម, លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មមានប្រសាសន៍ថា សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងនេះនឹងចូលរួមចំណែកក្នុងការអនុវត្តនូវយុទ្ធសាស្រ្តក្នុងការបន្តពង្រឹងការតភ្ជាប់ផ្នែកធុរកិច្ច សំដៅលើកកម្ពស់ការចាប់ដៃគូពាណិជ្ជកម្ម ការផ្តល់ឱកាសការងារ ឱកាសធុរកិច្ច ជំរុញផលិតកម្ម និងអាជីវកម្មគ្រួសារដែលនឹងជួយជំរុញលើកកម្ពស់ និងធ្វើឱ្យប្រសើរឡើងជីវភាពរបស់ប្រជាជនកម្ពុជាដែលរស់នៅតាមព្រំដែនកម្ពុជា-វៀតណាម។

លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិសង្កត់ធ្ងន់ថា «ជាពិសេស កិច្ចព្រមព្រៀងនេះនឹងក្លាយជាយន្តការក្នុងការជួយសម្រួលដល់ពាណិជ្ជកម្មតាមព្រំដែនរវាងប្រទេសទាំង២ឱ្យកាន់តែមានភាពល្អប្រសើរជាងមុន ឆ្លើយតបទៅនឹងការអភិវឌ្ឍសេដ្ឋកិច្ចក៏ដូចជាស្ថានភាពវិវត្តន៍ថ្មីៗ»។

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ា លឹម ហេង មានប្រសាសន៍ថា «បើយើងមានច្បាប់ស្តីពីពាណិជ្ជកម្មតាមព្រំដែនរវាងកម្ពុជា វៀតណាម វាជួយការពារនិងផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមករវាងប្រទេស ជាប្រជាជនក៏ដូចជាអាជីវករទំាងពីរប្រទេស។កន្លងមកយើងបញ្ហាបិទព្រំដែនឯកត្តោភាគីវាធ្វើឱ្យប៉ះពាល់ដល់ការធ្វើជំនួញឆ្លងកាត់ព្រំដែន តែបើយើងមានច្បាប់ខាងលើវាល្អប្រសើរ ហើយវាដើរស្របទៅនិងការជំរុញពាណិជ្ជកម្មជាមួយបណ្តាប្រទេសអាស៊ាន ពិសេសជាមួយវៀតណាម ដែលថ្នាក់ដឹកនំាទំាងពីរប្រទេសបានឯកភាពគ្នាដើម្បីបង្កើតតំបន់សេដ្ឋកិច្ចពិសេសរួមនៅតាមព្រំដែនក៏ដូចផ្សារសម្រាប់លក់ផលិតផលកសិកម្មរបស់កម្ពុជា»។

បើយោងតាមលោកឧកញ៉ា លឹមហេង នៅពេលកន្លងមកកម្ពុជាមិនទាន់មានច្បាប់ឬកិច្ចព្រមព្រៀងពាណិជ្ជរវាងប្រទេរសនិងប្រទេសផង តែធ្វើការជួញដូរជាមួយគ្នាមានទឹកប្រាក់ជាង១០ពាន់លានដុល្លារអាមេរិក ហើយបើសិននាពលេខាងមុខមានកិច្ចព្រមព្រាងពាណិជ្ជកម្មតាមព្រំដែនថែមទៀតនោះ ការធ្វើពាណិជ្ជកម្មទ្វេភាគវាកាន់តែល្អប្រសើរ។

លោកឧកញ៉ា មានប្រសាសន៍ថា «កិច្ចព្រមព្រាងពាណិជ្ជកម្មតាមព្រំដែនរវាងកម្ពុជានិងវៀតណាមនេះវានឹងផ្តល់ផលប្រយោជន៍ទំាងសងខាង នៅពេលយើងមានច្បាប់នេះ អ៊ីចឹងយើងអាចទាក់ទាញវិនិយោគិនវៀតណាមឱ្យចូលមកវិនិយោគនៅលើទឹកដីកម្ពុជា»។

លោកឧកញ៉ាលើកឡើងថា យុទ្ធសាស្ត្រចំពោះកន្លងទៅជាយូរឆ្នំាឃើញថាស្រូវ ដំឡូងមីស្រស់ ពោត សណ្តែក កៅស៊ូ កម្ពុជាបាននាំចេញទៅវៀតណាម ហើយមកដល់ក្រោយនេះវៀតណាមបានផ្អាកទិញគ្រាប់ស្វាយចន្ទីពីខាងទ្វីបអាហ្វ្រិច អ៊ីចឹងវាជាឱកាសសម្រាប់កម្ពុជាដើម្បីផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីបន្ថែមទៀតទៅវៀតណាម៕ អត្ថបទ៖សារេត