អគារមជ្ឈមណ្ឌលពហុឯកទេស «តេជោអភិវឌ្ឍន៍» បំពាក់ដោយឧបករណ៍វេជ្ជសាស្ត្រទំនើបៗ ដាក់ឱ្យដំណើរការហើយ

សង្គម​និង​សេដ្ឋកិច្ច

អគារតេជោអភិវឌ្ឍន៍» ដែលបំពាក់ឧបករណ៍ទំនើបៗ នៅក្នុងមន្ទីរពេទ្យកាល់ម៉ែត ដាក់ឱ្យដំណើរការជាផ្លូវការហើយ ក្រោមវត្តមានរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា កាលព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា អគារមជ្ឈមណ្ឌលពហុឯកទេស «អគារតេជោអភិវឌ្ឍន៍» នៅមន្ទីរពេទ្យកាល់ម៉ែត ដែលស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញនេះ គឺបានបំពាក់ដោយឧបករណ៍វេជ្ជសាស្ត្រ ទំនើបៗនាំចូលមកពីអាលឺ្លម៉ង់ និងអាមេរិក ដើម្បី​ឆ្លើយ​តប​ទៅនឹង​តម្រូ​វការ ក៏ដូច​ជា​ក្តី​រំពឹង​របស់​ប្រជា​ពលរដ្ឋ​កម្ពុជា​ លើ​សេវា​សុខ​ភាព​សា​ធារណៈ​នៅកម្ពុជា។

ជាមួយគ្នានេះ សម្ដេចតេជោ ក៏បានបន្តថា៖« ការកសាងបាននូវមន្ទីរពេទ្យដែលមានសមត្ថភាពសង្គ្រោះ ពិនិត្យព្យាបាល គឺបានជួយកម្ពុជា ក្នុងការបង្កើតបាននូវជំនឿទុកចិត្តនៃអ្នកការទូតដែលមកធ្វើការនៅកម្ពុជា, បង្កើតបាននូវជំនឿទុកចិត្តសម្រាប់វិនិយោគិននានា, បង្កើតបាននូវជំនឿទុកចិត្ត សម្រាប់ទេសចរ ដែលមកកាន់កម្ពុជា»។

នាឱកាសនោះ សម្តេចតេជោ ហ៊ុន សែន ថែមទាំងបានបញ្ជាក់ទៀតថា កម្ពុជាត្រូវមានការខិតខំរួមគ្នា ដើម្បីឱ្យវិស័យសុខាភិបាលរបស់កម្ពុជាសម្រាប់បំពេញតម្រូវការរបស់ប្រជាពលរដ្ឋក្នុងប្រទេសផង និងបរទេសដែលមកកាន់កម្ពុជាផងដែរ។

គួរបញ្ជាក់ដែរថា អគារ​មជ្ឈ​មណ្ឌល​ពហុ​ឯកទេស​នេះ ត្រូវ​បាន​ធ្វើ​ពិធី​បញ្ចុះ​បឋម​សិលា​បើក​ការដ្ឋាន​សាង​សង់កាល​ពីដើម​ខែ​មីនា​ ឆ្នាំ​២០១៨​ កន្លងទៅ។ អគារ​ទំនើប​ថ្មី​មួយ​នេះមាន​ប្រមាណ​៤៦៥​គ្រែ និង​មាន​បន្ទប់​វះកាត់​ចំនួន​១០ ដោយ​បំពាក់​បច្ចេក​វិទ្យា​វេជ្ជ​សាស្ត្រ​ឈានមុខ​ដែល​ប្រមូលផ្តុំ​​ទៅដោយ​ឯកទេស​វេជ្ជ​សាស្ត្រ និង​ស​ល្យ​សាស្ត្រសំខាន់ៗ​ទាំង​អស់ រួមទាំងផ្នែក​សង្គ្រោះ​បន្ទាន់ ផ្នែក​ប្រ​ពោ​ធន​កម្ម​ពហុ​ឯក​ទេស​ទំនើប​ទៀតផង៕

អត្ថបទ៖ ពិសី