កម្ពុជា ដឹកវ៉ាក់សាំង ១លានដូស ទៅប្រគល់ជូន​មីយ៉ាន់ម៉ា

សង្គម​និង​សេដ្ឋកិច្ច

រាជរដ្ឋាភិបាលកម្ពុជា សម្រេចផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទសុីណូវ៉ាក ចំនួន១លានដូស ដល់ប្រទេសមីយ៉ាន់ម៉ា ដែលដឹកជញ្ជូនតាមជើងយន្តហោះទៅប្រគល់ជូនមីយ៉ាន់ម៉ា នៅព្រឹកថ្ងៃទី២៦ ខែឧសភានេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា យើងនៅសល់វ៉ាក់សាំង ដូច្នេះយើងត្រូវជូនទៅដល់មិត្តភ័ក្តិដែលមានតម្រូវការ ហើយពេលនេះលោកស្រី យក់ សម្បត្តិ ក៏កំពុងហោះហើរទៅកាន់ប្រទេសមីយ៉ាន់ម៉ា។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិតនៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រូបភ្នំពេញ។

សូមជម្រាបថា នេះជាលើកទី៣ហើយ ដែលរាជរដ្ឋាភិបាលកម្ពុជាបានផ្ដល់ជំនួយដល់ប្រទេសមីយ៉ាន់ម៉ា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ កាលពីខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅ កម្ពុជាបានផ្តល់ម៉ាស់ប្រមាណ ២លានម៉ាស់ និងបរិក្ខារពេទ្យមួយចំនួនទៅកាន់ប្រទេសមីយ៉ាន់ម៉ា។ នៅខែសីហា ឆ្នាំ២០២១ កម្ពុជាក៏បានបន្តឧបត្ថម្ភទៅមីយ៉ាន់ម៉ា រួមមានដូចជា ម៉ាស់ចំនួន ៣លាន, ឧបករណ៍តេស្ដរហ័ស ចំនួន ៥០០,០០០, សំលៀកបំពាក់សុវត្ថិភាព PPE ចំនួន ២,០០០, ឈុតម៉ាស៊ីនផលិតអុកស៊ីហ្សែនស្វ័យប្រវត្តិចំនួន១០០គ្រឿង, ម៉ាស៊ីនជំនួយដកដង្ហើមចំនួន ២០គ្រឿង និងម៉ាស៊ីនតាមដានសញ្ញាជីវិតចំនួន ២០គ្រឿង។

ក្រៅតែពីប្រទេសមីយ៉ាន់ម៉ា កម្ពុជា ក៏បានចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ជាមួយប្រទេសសមាជិកអាស៊ាន និងមិនមែនសមាជិកអាស៊ានមួយចំនួនទៀតផងដែរ ដូចជាវៀតណាមឡាវ នេប៉ាល់ និងទីម័រជាដើម។ កម្ពុជាដ្បិតតែជាប្រទេសតូច តែស្មារតី និងមនោសញ្ចេតនាក្នុងការជួយរំលែកការលំបាកនានាមានលំហរធំទូលាយ ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន តែងពោលថា “កម្ពុជាតូចតែបេះដូងធំទូលាយ”៕