លោក ម៉ិច សីហា គ្រោងសរសេរសៀវភៅចែកជូនពលរដ្ឋខ្មែរ ក្រោយទៅចូលរួមវគ្គសិក្សាមួយលក្ខណៈអន្តរជាតិ

សង្គម​និង​សេដ្ឋកិច្ច

លោក ម៉ិច សីហា អគ្គនាយកវិទ្យាស្ថានអន្តរជាតិ IKEY ​​​​​កំពុង​ត្រៀម​ផលិត​មេរៀន និង​សរសេរ​ជា​សៀវភៅ​ចែក​ជូន​ពលរដ្ឋខ្មែរ ជាពិសេស​សម្រាប់​អ្នក​រកស៊ី​ ឱ្យ​​បាន​យល់​ដឹង​ពី​គន្លឹះ​សំខាន់ៗ​មួយ​ចំនួន​ ​​បន្ទាប់ពី​​​លោក​បាន​ទៅ​ចូល​រួម​វគ្គសិក្សា​​​​មួយ ​ទាក់ទង​នឹង​​ការ​ធ្វើ​ទីផ្សារ និង​ការ​គ្រប់គ្រង​ប្រព័ន្ធឌីជីថល ដែល​មាន​អ្នកចូល​មក​ពី​ ១៩​ប្រទេស ​ទាំង​​តំបន់​អឺរ៉ុប និង​អាស៊ី នៅ​ប្រទេស​ថៃ កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកអគ្គនាយក IKEY ​​​​បាន​ថ្លែង​ប្រាប់​ ឧកញ៉ា ញូស៍ ឱ្យ​ដឹង​ថា លោក​បាន​ទៅ​ចូល​រួម​វគ្គ​សិក្សា​ដ៏​សំខាន់​នេះ​ គឺ​​តាម​រយៈ​ក្រុម​ Warehouse Solution Specialized Co Ltd (WSP) ជា​អ្នក​ផ្តល់​ឱកាស​​​ធ្វើ​ឱ្យ​​រូប​លោក​បាន​រៀន​សូត្រ​ជា​លក្ខណៈ​អន្តរជាតិ ដែល​មាន​​អ្នក​ចូល​រួម​​​មក​ពី​ ១៩​ប្រទេស មក​ពី​តំបន់​អឺរ៉ុប និង​អាស៊ី ដែល​ទៅ​រៀន​នៅ KION Group ប្រទេសថៃ រយៈពេល ៣ថ្ងៃ។

លោក ម៉ិច សីហា បាន​លើក​ឡើង​​​​​ទៀត​ថា ចំណេះដឹង​ដែល​​លោក​បាន​រៀន​ គឺ​ទាក់ទង​ពី​ប្រព័ន្ធ​ទីផ្សារ​ឌីជីថល (System Digital Marketing), ប្រព័ន្ធ​គ្រប់គ្រង​ឌីជីថល (System Digital Management), ភាព​ងាយស្រួល​ក្នុង​ការ​ដាក់​ដំណើរការ​អាជីវកម្ម ដោយ​ប្រើ​បច្ចេកវិទ្យា ព្រម​ទាំង​ម៉ាស៊ីន​ចូល​រួម​កាត់បន្ថយ​​ការ​ចំណាយ​ផ្សេងៗ ដែល​លើស​ពី​បរិមាណ​ដែល​ម្ចាស់​អាជីវកម្ម​គួរ​តែ​​យល់​ដឹង។

លោក​បាន​បន្ត​​ដូច្នេះ​ថា៖ “ក្រោយ​ពេល​ត្រឡប់​មក​វិញ ​​​​ខ្ញុំ​បាន​ទទួល​ចំណេះ​ដឹង​ជា​ច្រើន​ ទាក់ទង​នឹង​ចំណេះដឹង​អន្តរជាតិ ដែល​ចំណេះដឹង​ទាំង​អស់​នោះ វា​បន្ថែម​ទៅ​លើ​ Business Structure ដែល​ខ្ញុំ​មាន​ស្រាប់ ប៉ុន្តែ​គ្រាន់​តែ​​ថា​នៅ​ក្រៅ​ប្រទេស គេ​បន្ថែម​ជាមួយ​ម៉ាស៊ីន និង​បច្ចេកវិទ្យាចូលរួម ដើម្បី​ពន្លឿន លើ​រចនាសម្ព័ន្ធ​នៃ​ការ​រកស៊ី​របស់​គេ​ឱ្យ​ខ្លាំង។ បេសកកម្ម​ដែល​ខ្ញុំ​ត្រឡប់​មក​វិញ​នេះ គឺ​ខ្ញុំ​នឹង​​ចងក្រង​ផលិត​ជា​មេរៀន ពីព្រោះ​​យើង​បាន​ទៅ​ដកស្រង់​បាន​អត្តរូបបុគ្គល ​ព្រម​ទាំង​បុព្វហេតុ​ច្បាស់លាស់ ដូច្នេះ​យើង​យក​វា​មក​ផលិត​ជា​មេរៀន​ ដើម្បី​ចែកជូន​បងប្អូន​កម្ពុជា​យើង​បន្ត​ទៀត ដូច​អ្វី​ដែល​ខ្ញុំ​ធ្លាប់​ធ្វើ​ ​គ្រាន់​តែ​បញ្ហា​ប្រឈម​គឺ ទាក់ទង​នឹង​សមត្ថភាព​ក្នុង​ការ​ផលិត​មេរៀន​ ដោយសារ​ការ​ប្រើ​ថវិកា​​ខ្ពស់​ពេក ហើយ​ថវិកា​របស់​យើង​មាន​កម្រិត​ ដូច្នេះ​យើង​នឹង​ផលិត​ទៅ​តាម​អ្វី​ដែល​យើង​អាច​ធ្វើ​ទៅ​បាន”។

លោក ម៉ិច សីហា ​​បាន​បន្ថែម​ថា អ្នកខ្លះ​និយាយ​ថា ការ​ផលិតមេរៀន​មិន​ចាំបាច់​ប្រើ​លុយ​ទេ ប៉ុន្តែ​តាម​ពិត​ការ​ផលិត​មេរៀន ក៏​ត្រូវ​​ការ​ចំណាយ​លុយ​ដែរ ​​ដោយសារ​យើង​ត្រូវ​ការ​ចំណាយ​ពេល​អង្គុយ​សរសេរ ដោយ​ពុំ​បាន​រកស៊ី​អ្វី​សោះ​ ហើយ​ការ​ថត​ក៏​ត្រូវ​ការ​ក្រុម Media ​​ចូល​រួម ដែល​ត្រូវ​ការ​ចំណាយ​ប្រាក់ខែ​ទាំង​អស់ ព្រម​​​ទាំង​ទីតាំង និង​សម្ភារៈ​ផ្សេងៗ​ទៀត។ ​ជាទូទៅ ក្នុង​មួយខែ ​ក្រុមការងារ​លោក​​ផលិត​ខ្លាំង​បំផុត​ ​បាន​ត្រឹម​តែ ៥​មេរៀន​ទេ ប៉ុន្តែ​វា​មាន​ប្រយោជន៍​ខ្លាំង​សម្រាប់​អ្នក​រកស៊ី​ទាំង​មូល។

​”សម្រាប់​​​ខ្ញុំ​​ ​​ខ្ញុំ​នឹង​ព្យាយាម​ធ្វើ​ឱ្យ​ហើយ ​​នៅ​ពេល​ដែល​ខ្ញុំ​មិន​ទាន់​ខូច​ភ្នែក​ទាំង​សងខាង ព្រោះ​ភ្នែក​របស់​ខ្ញុំ​​ខូច​មួយ​ចំហៀង​ហើយ ហើយ​មួយ​ចំហៀង​ទៀត​​អាច​នឹង​ឆ្លង​ នៅ​ពេល​វា​ទ្រាំទ្រ​លែង​បាន។ ខ្ញុំ​ក៏​មាន​អាយុ​ច្រើន​ដែរ​​ហើយ ទើប​ចង់​ចំណាយ​ពេលវេលា ដើម្បី​សង្គម​ជាតិ​ឱ្យ​បាន​ច្រើន”។ លោក ម៉ិច សីហា ​​បាន​បញ្ជាក់​ដូច្នេះ។ ​ ​​​

គួរ​បញ្ជាក់​ថា ក្រុមហ៊ុន Warehouse Solution Specialized Co Ltd (WSP) គឺជាក្រុមហ៊ុន​មួយ​ ដែល​មាន​សិទ្ធ​ចែកចាយ​ស្របច្បាប់ ( Authorize dealership ) ពីក្រុមហ៊ុន KION Group របស់ប្រទេសអាល្លឺម៉ង់ នៅក្នុង​ប្រទេស​កម្ពុជា នូវប្រភេទម៉ាស៊ីនលើកដាក់ទំនិញ ប្រើអាគុយស្ងូត ( Lithium batteries) អាគុយទឹក( Lead acid) ពីអាល្លឺម៉ង់។ ក្រុមហ៊ុន KION Group ជាក្រុមហ៊ុនយក្ស​របស់​អាល្លឺម៉ង់ ហើយ​ក៏​ជា​ក្រុមហ៊ុន​យក្ស​ទី២ ដែល​ប្រកួត​ប្រជែង​ជាមួយ​ក្រុមហ៊ុន Toyota លើ​ស្ថាបត្យកម្ម​ផលិត​គ្រឿង​ចក្រ​​រថយន្ត ដូចជា​ម៉ាស៊ីន ដែលមាន​ទីតាំង​ផ្គត់ផ្គង់​នៅ​អាស៊ី គឺ​ស្ថិត​នៅ​ប្រទេសថៃ៕