សម្តេចតេជោ ហ៊ុន សែន ជឿថា កម្ពុជានឹងដើរចេញពីប្រទេសអភិវឌ្ឍន៍តិចតួច ទៅជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០២៧

សង្គម​និង​សេដ្ឋកិច្ច

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតបញ្ចប់ការ សិក្សា ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ចសរុបជិត ៦ពាន់នាក់ នៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ បានបង្ហាញក្តីជឿជាក់ថា ប្រទេសកម្ពុជា នឹងដើរចេញពីប្រទេសអភិវឌ្ឍន៍តិចតួចទៅជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០២៧ ខាងមុខនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ទៀតថា៖«កម្ពុជាកំពុងធ្វើដំណើរឆ្ពោះទៅដើរចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតួច និងកំពុងដើរឆ្ពោះទៅរកប្រទេសដែលមានការអភិវឌ្ឍ ព្រោះថាទោះបីជាស្ថានភាពពិភពលោក និងតំបន់កំពុងមានភាពមិនច្បាស់លាស់ ហើយបើយើងមើលអង្គការណាតូ ធ្លាប់តែនៅទិសខាងលិច ឥឡូវណាតូកំពុងបែរឆ្ពោះមកកាន់តំបន់អាស៊ីជាបណ្តើរផងដែរ។ ប៉ុន្ដែយ៉ាងណា សម្រាប់ខ្ញុំ នៅតែជឿជាក់ថា ប្រទេសកម្ពុជា នឹងដើរចេញពីប្រទេសអភិវឌ្ឍន៍តិចតួចទៅជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០២៧»។

ជាមួយគ្នានេះ សម្តេចតេជោ បានបន្តថា នៅដំណាក់កាលបច្ចុប្បន្ននេះ គឺជាដំណាក់កាលសេដ្ឋកិច្ចឌីជីថល ដូច្នេះគ្រប់ភាគីពាក់ព័ន្ធត្រូវខិតខំអភិវឌ្ឍន៍ខ្លួន និងស្ថាប័នរបស់ខ្លួនបន្ថែម ឱ្យទាន់សភាពការណ៍នេះដោយទាញយកបទពិសោធន៍ និងស្វែងយល់មេរៀនពីអតីតកាល។ សម្ដេចតេជោបន្តថា យើងមិនអាចផ្លាស់ប្ដូរអតីតកាលបានទេ ប៉ុន្ដែអតីតកាលប្រាប់យើងពីចំណុចដែលជាកំហុសដែលត្រូវជៀសវាង និងចំណុចដែលត្រូវធ្វើបន្តទៀត។

ហេតុនេះ សម្តេចតេជោ បានបន្តថា អះអាងដែរថា ដើម្បីឈានទៅសម្រេចាចក្ខុវិស័យប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ គឺទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ និងគ្រប់តួអង្គរផ្សេងទៀតក៏ត្រូវបន្តរៀនសូត្របន្ថែមផងដែរ ដើម្បីដើរឱ្យទាន់សភាពការពិភពលោក៕

អត្ថបទ៖ ពិសី