សមាគមស្វាយចន្ទីកម្ពុជា ត្រូវការប្រាក់កម្ចី ៣០០លានដុល្លារក្នុង១ឆ្នំាសម្រាប់ធ្វើជាទុនបង្វិល

សង្គម​និង​សេដ្ឋកិច្ច

សមាគមស្វាយចន្ទីកម្ពុជា បានឱ្យដឹងថា តាមរយៈសមាជិកសមាគមត្រូវការប្រាក់កម្ចីយ៉ាងតិច៣០០លានដុល្លារអាមេរិកក្នុង១ឆ្នំាសម្រាប់ធ្វើជាទុនបង្វិលនៅលើវិស័យស្វាយចន្ទី ស្របពេលែលធនាគារ SMEត្រៀមផ្តល់ប្រាក់កម្ចីប្រមាណ១០០លានដុល្លារអាមេរិកបន្ទាប់ពីបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ស្តីពីការជំរុញលទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់សហគ្រាសធុនតូចនិងមធ្យមក្នុងអាជីវកម្មកែច្នៃគ្រាប់ស្វាយចន្ទី កាលពីថ្ងៃទី១ មិថុនា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា មានប្រសាសាន៍ថា «នៅក្នុងវិស័យស្វាយចន្ទីយើងត្រូវការប្រាក់កម្ចីយ៉ាងតិច៣០០លានដុល្លារអាមេរិកក្នុង១ឆ្នំាសម្រាប់ធ្វើជាទុនបង្វិលនៅលើវិស័យស្វាយចន្ទី។ប៉ុន្តែយើងគិតថាបើសិនយើងបានកម្ចី១០០លានដុល្លារអាមេរិកពីធនាគារ SME ដែលមានអត្រាការប្រាក់អនុគ្រោះនេះខ្ញុំគិតថាវាជួយដោះទល់យើងបានច្រើន»។

លោកបន្តថា ប្រាក់កម្ចីដែលមានការប្រាក់អនុគ្រោះនេះវាផ្តល់សារសំខាន់យ៉ាងច្រើនទៅដល់ការកែច្នៃគ្រាប់ស្វាយចន្ទីកម្ពុជា ហើយកន្លងមកយើងមានច្រើនណាស់ដែលកំពុងចាក់ស្រេះដោយសារបញ្ហាខ្វះដើមទុននេះ។កាលណាយើងមិនមានទុនបង្វិលសម្រាប់ទិញគ្រាប់ស្វាយចន្ទីឆៅ វានឹងធ្វើឱ្យលំហូរគ្រាប់ស្វាយចន្ទីយ៉ាងច្រើនទៅក្រៅប្រទេស អ៊ីចឹងហើយវិនិយោគិនក្នុងស្រុក អត់អាចប្រជែងទិញបានដោយសារតែគាត់ខ្វះទុន ជាហេតុធ្វើឱ្យខ្សែច្រវាក់ផលិតកម្មក្នុងរោងចក្ររបស់គាត់ដំណើរការមិនបានពេញបាន១ឆ្នំាទេ។

លោកសង្កត់ធ្ងន់ថា «ដូច្នេះការផ្តល់នៅកម្ចីដែលមានអត្រាការប្រាក់អនុគ្រោះនេះវាមានសារសំខាន់ណាស់ក្នុងការទិញគ្រាប់ស្វាយចន្ទីស្តុកទុក និងការកែច្នៃនិងការនាំចេញ ព្រោះសមាគមស្វាយចន្ទីកម្ពុជាមានសមាជិកទំាងកសិករ សហគ្រិន និងទំាងពាណិជ្ជករដែលពួកគាត់បានកំពុងប្រកបអាជីវកម្មនៅក្នុងឧស្សាហកម្មស្វាយចន្ទី។បើសិនរាជរដ្ឋាភិបាល តាមរយៈធនាគារSMEដែលគាត់ត្រៀមបញ្ចេញថវិកាចំនួន១០០លានដុល្លារអាមេរិកនេះ យើងគិតថាចំនួននេះវាមិនច្រើនណាស់ណាទេ ប៉ុន្តែយើងអាចដោះទល់បាននៅពេលខាងមុខ ហើយយើងសង្ឃឹមថាអាចជួយកសិករបានច្រើន និងជួយទប់ការទម្លាក់តម្លៃតាមតែចិត្តពីឈ្មួញបរទេសជិតខាង»។

លោក អួន ស៊ីឡុត លើកឡើងថាបើសិនជាកម្ពុជាមានរោងចក្រឧស្សាហកម្មប្រហែល៣០នឹងអាចស្តុកទុកគ្រាប់ស្វាយចន្ទីឆៅបាន៣០%ទៅ៤០% ហើយធ្វើការកែច្នៃគ្រាប់ស្វាយចន្ទីទំាងនោះអាចចំណេញរហូតដល់៣០០លានដុល្លារអាមេរិកក្នុងមួយឆ្នំា ហើយបង្កើតការងារបានប្រហែល១ម៉ឺនកន្លែងជូនដល់ពលករក្នុងស្រុក។

ប៉ុន្តែទោះជាយ៉ាងនេះក្តីបើតាមប្រធានសមាគមស្វាយចន្ទីកម្ពុជា មកដល់ពេលនេះខាងសមាគមមិនទាន់បានធ្វើការវាយតម្លៃនៃការហូរចេញគ្រាប់ស្វាយចន្ទីឆៅទៅក្រៅស្រុកថាមានចំនួនប៉ុន្មានឱ្យបានច្បាស់នៅឡើយទេ ប៉ុន្តែនៅក្នុងរយៈពេល៥ឆ្នំាបើសិនជាធនាគារនៅតែបន្តជួយឬបន្តតម្លើងទំហំទឹកប្រាក់កម្ចីថែមទៀត យើងអាចទប់បាន៤០%នៃលំហូរចេញគ្រាប់ស្វាយចន្ទីឆៅទៅក្រៅប្រទេស។

លោកគូសបញ្ជាក់ថា «ក្នុងរយៈពេល៤ខែដើមឆ្នំា២០២៣នេះយើងផលិតបានគ្រាប់ស្វាយចន្ទីប្រមាណ៥១ម៉ឺនតោន ហើយនាំចេញទៅប្រទេសវៀតណាមប្រហែល៤៨ម៉ឺនតោនគិតជាទឹកប្រាក់ប្រមាណ៦៦០លានដុល្លារអាមេរិក»៕ អត្ថបទ៖សារេត