គោលនយោបាយជាតិស្វាយចន្ទី និងប្រែក្លាយកម្ពុជាទៅជាប្រទេសកែច្នៃ និងនាំចេញគ្រាប់ស្វាយចន្ទីដ៏ធំ១ក្នុងពេលខាងមុខ

សង្គម​និង​សេដ្ឋកិច្ច

បន្ទាប់ពីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅគោលនយោបាយជាតិស្វាយចន្ទីឆ្នំា២០២២-២០២៧ នៅថ្ងៃទី១៤ ខែមិថុនា រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មមានជំនឿយ៉ាងមុតមំាថា គោលនយោបាយមួយនេះ នឹងជួយជំរុញការអភិវឌ្ឍវិស័យស្វាយចន្ទីកម្ពុជា សំដៅប្រែក្លាយកម្ពុជាទៅជាប្រទេសកែច្នៃនិងនាំចេញគ្រាប់ស្វាយចន្ទីដ៏ធំមួយក្នុងពេលឆាប់ៗខាងមុខ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតី ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថាគោលនយោបាយជាតិនេះ មានចក្ខុវិស័យអភិវឌ្ឍន៍ផលិតកម្ម ការកែច្នៃ និងទីផ្សារស្វាយចន្ទីឱ្យមានលក្ខណៈប្រកួតប្រជែង ធានានូវនិរន្តរភាព និងការធ្វើពិពិធកម្មសេដ្ឋកិច្ច ព្រមទាំងមានគោលបំណងប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសផលិត និងផ្គត់ផ្គង់ផលិតផលស្វាយចន្ទីដ៏សំខាន់មួយ សម្រាប់បម្រើទីផ្សារក្នុងស្រុក តំបន់ និងពិភពលោក។

លោកសង្កត់ធ្ងន់ថា«ការដាក់ចេញនូវគោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧នេះ នឹងដើរតួជាផែនទីបង្ហាញផ្លូវ និងជាកម្លាំងចលករដ៏មានប្រសិទ្ធភាពសម្រាប់ពង្រឹងផលិតភាពនៃផលិតកម្មដំណាំស្វាយចន្ទី និងលើកកម្ពស់ការប្រកួតប្រជែងទាំងទិន្នផល និងគុណភាព ការធ្វើពិពិធកម្ម ការកែច្នៃ ការនាំចេញ និងការបង្កើនតម្លៃបន្ថែម ដល់ភាគីពាក់ព័ន្ធក្នុងខ្សែច្រវាក់តម្លៃ សំដៅជួយគាំទ្រដល់តួអង្គដែលមានស្រាប់និងទាក់ទាញវិនិយោគបន្ថែម ដោយរក្សាទីផ្សារចាស់និងស្វែងរកទីផ្សារថ្មីប្រកបដោយចីរភាព ដែលនឹងបង្កើតឱកាសការងារនិងតម្លៃបន្ថែមជូនប្រជាពលរដ្ឋ ព្រមទាំងចូលរួមកាត់បន្ថយភាពក្រីក្រ និងចំណាកស្រុក និងជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ»។

ប្រធានសមាគមស្វាយចន្ទីកម្ពុជាបានសម្តែងការរីករាយនិងសារទរចំពោះសមិទ្ធផលមួយនេះ ដោយសារសមាគមស្វាយចន្ទីរបានរួមចំណែកបង្កើតគោលនយោបាយជាតិស្វាយចន្ទីកម្ពុជា។

លោក អួន ស៊ីឡុត មានប្រសាសន៍ថា«ខ្ញុំគិតថាពេលគោលនយោបាយជាតិស្វាយចន្ទីចេញមកនេះគ្រប់ភាគីពាក់ព័ន្ធនឹងឱ្យតម្លៃច្រើនទៅលើស្វាយចន្ទី ពីព្រោះថាស្វាយចន្ទីជាដំណាំប្រើដីតូចប៉ុន្តែផ្តល់ផលបានច្រើន ហើយគឺជាដំណំាសក្តានុពលមួយដែលមានប្រទេសតែប៉ុន្មានប៉ុណ្ណោះដែលបានដំាស្វាយចន្ទី។ ក្រោយពីគោលនយោបាយស្វាយចន្ទីកម្ពុជាបានចេញជាផ្លូវការគឺមានធនាគាររដ្ឋចំនួន២(SME Bank, ARDB Bank)ដែលបានយកចិត្តទុកដាក់វិស័យនេះដូចទៅនិងវិស័យស្រូវក្នុងនោះធនាគារ ARDB ក៏ចាប់ផ្តើមផ្តោតមកលើវិស័យស្វាយចន្ទីដែរ»។

បើតាមប្រធានសមាគមស្វាយចន្ទីកម្ពុជា ថានៅក្នុងគោលនយោបាយជាតិស្វាយចន្ទីនេះមានការរាយរ៉ាប់ច្រើនក្នុងនោះជួយរុញច្រាន និងជួយលើកទឹកចិត្តឱ្យមានការកែច្នៃក្នុងស្រុក ព្រោះវាបានផ្តល់តម្លៃបន្ថែមដល់កសិករដោយកាត់ឈ្មួញកណ្តាល និងជួយបង្កើតការងារជូនពលករនៅក្នងសហគមន៍ ។

យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ផលិតកម្មស្វាយចន្ទីឆ្នាំ២០២២ មានផ្ទៃដីដាំដុះ ៤៣៥,៧៣៣ ហិកតា ផ្ទៃដីប្រមូលផលមាន ៣៣០,៨៦១ហិកតា បរិមាណទិន្នផលមាន ៥០៨,២៨៣តោន ហើយការនាំចេញគ្រាប់ស្វាយចន្ទីឆៅបាន ៤៧១,៥២០តោន និងការនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃបាន ១,៥៥៧តោន។

ពាក់ព័ន្ធនិង គោលនយោបាយជាតិស្តីពីស្វាយចន្ទីឆ្នាំ២០២២-២០២៧ បើតាម ក្រសួងពាណិជ្ជកម្មបានដាក់ចេញនូវគោលដៅចម្បងចំនួន ៣ ៖ ទី១)-លើកកម្ពស់ទិន្នផលនៃការផលិត និងផលិតកម្ម ប្រកបដោយគុណភាពប្រកួតប្រជែង ទី២)- ជំរុញការធ្វើឧស្សាហូបនីយកម្ម ដើម្បីបង្កើនតម្លៃបន្ថែមលើការប្រមូលផល និងការកែច្នៃអនុផលស្វាយចន្ទីឱ្យសម្រេចបាន ២៥ភាគរយ នៅឆ្នាំ២០២៧ និងយ៉ាងតិច ៥០ភាគរយ នៅឆ្នាំ២០៣២ និង ទី៣)- ជំរុញការនាំចេញតាមរយៈការធ្វើពិពិធកម្មទីផ្សារ ការផ្សារភ្ជាប់អន្តរវិស័យក្នុងការនាំចេញ កិច្ចសម្រួលពាណិជ្ជកម្មការកាត់បន្ថយថ្លៃដើម និងការលើកកម្ពស់ឧត្តមភាពលើទីផ្សារ។ ទន្ទឹមនឹងនេះ គោលនយោបាយជាតិនេះ បានកំណត់នូវយុទ្ធសាស្រ្តចំនួន៣៖១)-យុទ្ធសាស្រ្តនៃការផលិត ២)-យុទ្ធសាស្រ្តនៃការកែច្នៃ និង៣)-យុទ្ធសាស្រ្តនៃការនាំចេញ ដែលនៅក្នុងនោះបានដាក់ចេញនូវផែនការសកម្មភាពជាក់លាក់ ដែលមានក្រសួង-ស្ថាប័នពាក់ព័ន្ធចូលរួមអនុវត្ត៕

អត្ថបទ៖សារេត