ការចុះបញ្ជីផលិតផល​ក្នុងស្រុកបានច្រើនវាផ្តល់ផលប្រយោជន៍ដល់អ្នកផលិត​និងអ្នកប្រើប្រាស់

សង្គម​និង​សេដ្ឋកិច្ច

អ្នកជំនាញខាងម៉ាកសម្គាល់ភូមិសាស្ត្រទំនិញហៅថាGI យល់ឃើញថាការចុះបញ្ជីផលិតផលក្នុងស្រុកឱ្យបានច្រើនវាមានផលប្រយោជន៍ច្រើនសម្រាប់អ្នកដែលទៅចុះបញ្ជីនិងអ្នកទទួលផលប្រយោជន៍ការចុះបញ្ជី ទន្ទឹមនិងការចុះបញ្ជីម៉ាកសមូហភាពនិងម៉ាកGI ក្នុង១ម៉ាកៗនៅមានចំនួនតិចតួចនៅឡើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព


លោក សុខ សារ៉ង អ្នកជំនាញខាងម៉ាកសម្គាល់ភូមិសាស្ត្រទំនិញឬហៅថាGI មានប្រសាសន៍ថា «កន្លងមកយើងបានដឹងហើយសម្រាប់អ្នកចុះបញ្ជីផលិតផលផ្ទាល់ដូចជាចុះបញ្ជីម៉ាកសហមូភាពនិងម៉ាក GIបានបង្ហាញឱ្យឃើញថាយើងមានម៉ាក១ជាក់លាក់ហើយពេលផ្សព្វផ្សាយទៅលើទីផ្សារមានការទទួលស្គាល់ នោះគេនឹងបន្តទិញផលិតផលបស់យើងរហូត ព្រោះវាមានម៉ាកនិងគុណភាពជាក់លាក់ ធ្វើការរកស៊ីមានភាពប្រសើរ។សម្រាប់អតិថិជនពួកគាត់ងាយស្រួលក្នុងការរកទិញបានផលិតផលពិតនិងមានជម្រើសរើសនៅពេលផលិតផលមានការចុះបញ្ជីមានកាន់តែច្រើន សំខាន់លើសពីនេះវាទាក់ទាញបាននៅទេសចរក្នុងស្រុក ហើយបើនាំចេញទៅខាងក្រៅវាអាចទាក់ទាញទេសចរចូលមកកម្ពុជា»។


បើតាមអ្នកជំនាញខាងម៉ាកGIខាងលើ ផលិតផលកំពុងធ្វើនិងគ្រោងចុះបញ្ជីថែមទៀតនាពេលខាងមុខ សម្រាប់ផលិតផលម៉ាកសមូហភាព ដែលកំពុងសិក្សាយ៉ាងសកម្មមានទឹកមាត់ត្រចៀកកំាកម្ពុជាដោយសារទីផ្សារចិនមានតម្រូវការច្រើន។ដោយឡែកម៉ាកGI មានប្រហុកសៀមរាប,ក្តាមថ្មកោះកុង,អង្ករកំពុងស្ពឺ,ទុរេនកំពត។លើសពីនេះនៅមានចម្លាក់ប្រាក់ស្ពាន់នៅកោះចិនអាចទៅជាម៉ាកGI ហើយស្វាយចន្ទីអាចក្លាយជាម៉ាកសមូហភាពឬម៉ាកGIនៅពេលខាងមុខ។

ទាក់ទងការរៀបចំជាក្រុម សមាគមចុះបញ្ជីផលិតផលនៅក្នុងស្រុក បើតាមលោក សុខ សារ៉ង «ជាទស្សនៈរបស់ខ្ញុំ មកដល់ពេលនេះគឺយើងធ្វើបានតិចតួចមែនទែន ទាមទារឱ្យមានការជំរុញ ការចូលរួមនិងការយល់ដឹង ដោយធ្វើយ៉ាងណាឱ្យផលិតផលរបស់យើងចុះបញ្ជីឱ្យបានកាន់តែច្រើន។ឧទាហរណ៍ផលិតផលសម្គាល់ភូមិសាស្ត្រទំនិញឬGI យើងបានចំណាយពេលតំាងពីឆ្នំា២០០៧រហូតមកដល់សព្វថ្ងៃនេះ បើប្រៀបធៀបជាមួយផលិតផលGIរបស់ថៃគេមានរាប់រយមុខ ហើយនៅវៀតណាមក៏ដូចគ្នាគេចុះបញ្ជីកើនឡើងលឿនណាស់ តែយើងទំាងម៉ាកសមូហភាពនិងម៉ាកGIនៅក្នុង១មុខៗមានមិនទាន់បានដល់១០មុខផង»។

ពាក់ព័ន្ធនិងម៉ាកសម្គាល់ភូមិសាស្ត្រទំនិញនិងម៉ាកសមូហភាពកន្លងទៅនេះ ក្រសួងពាណិជ្ជកម្មបានចុះបញ្ជីសមាគមអ្នកផលិតទឹកត្រីកំពតកែប,សមាគមអ្នកផលិតម៉ាកសម្គាល់ភូមិសាស្ត្រទំនិញអំបិលកំពតកែប,សមាគមបង្កងទឹកសាបខេត្តតាកែវ,ក្រុមអ្នកផលិតនិងអាជីវករដូងខ្ទិះបាត់ដំបង,សមាគមអ្នកផលិតនិងអាជីវករក្រូចថ្លុងកោះពីរ,ក្រុមអ្នកផលិតនិងអាជីវករនំបញ្ចុកសៀមរាបនមិងក្រុមអ្នកផលិតអំបុកកំពង់ធំជាដើម៕

អត្ថបទ៖សារេត