កូនឧបនាយករដ្ឋមន្ត្រី ២រូប ស្ថិតក្នុងក្រសែភ្នែកមជ្ឈដ្ឋានជាតិ ក្រោយរៀបចំអ្នកបន្តវេន

សង្គម​និង​សេដ្ឋកិច្ច

លោក ស សុខា និងលោក ទៀ សីហា ជាអ្នកបន្តវេនដែលត្រូវបានមជ្ឈដ្ឋានជាតិ កំពុងមានការចាប់អារម្មណ៍បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្នប្រកាសរៀបចំសមាសភាពអ្នកបន្តវេនជំនាន់ថ្មី ខណៈសមាសភាពឥស្សរជនកំពុងកាន់អំណាចបច្ចុប្បន្នត្រូវបានផ្លាស់ប្ដូរដោយដាក់ជំនួសឈាមថ្មីដែលភាគច្រើនកើតចេញពីកូនចៅអ្នកជំនាន់មុន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កាលពីពេលថ្មីៗនេះបានបង្ហាញសមាសភាពរាជរដ្ឋាភិបាល និងនាយករដ្ឋមន្ត្រីអាណត្តិទី៧ ដោយឯកឧត្តម ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីអាណត្តិថ្មីនេះ។ បើទោះបីជាសម្តេចតេជោ ហ៊ុន សែន មិនទាន់បង្ហើបឲ្យដឹងពីសមាសភាពរាជរដ្ឋាភិបាលអាណត្តិថ្មីនេះក៏ដោយចុះ ប៉ុន្តែលិខិតមិនផ្លូវការមួយបានបង្ហាញពីការរៀបចំសមាសភាពដឹកនាំរាជរដ្ឋាភិបាលនីតិកាលទី៧នេះ សុទ្ធសឹងតែជាអ្នកបន្តវេនរបស់គណបក្សប្រជាជនកម្ពុជា វ័យក្រោម៦០ឆ្នាំ។

លិខិតចំនួន២ទំព័របង្ហាញពីការរៀបចំសមាសភាពរាជរដ្ឋាភិបាលបម្រុងទុក កាលពីខែមីនាឆ្នាំ២០២៣នេះ តែមិនទាន់ច្បាស់ការនៅឡើយបានឲ្យដឹងថា ឯកឧត្តម ហ៊ុន ម៉ាណែត កាន់តំណែងនាយករដ្ឋមន្ត្រី, លោក ស សុខា កាន់តំណែងនាយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាកូនប្រុសច្បងសម្តេចក្រឡាហោម ស ខេង, លោក ទៀ សីហា ជារដ្ឋមន្ត្រីក្រសួងការពារជាតិ កូនប្រុសសម្តេចពិជ័យសេនា ទៀ បាញ់, លោក សាយ សំអាល់ ជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ជាកូនប្រុសសម្តេចវិបុលភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងមានកូនឥស្សរជនជាច្រើនរូបទៀត។

យោងតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន បង្ហើបពីការរៀបចំអ្នកបន្តវេនអាណត្តិទី៧ ដែលមានឯកឧត្តម ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនោះគឺមានការប្រកាសគាំទ្រយ៉ាងពេញទំហឹង។​ ទន្ទឹមនឹងនេះ មជ្ឈដ្ឋាននានាក៏បាននាំគ្នាជជែកពីរឿងសមាសភាពរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងរដ្ឋមន្រ្តីក្រសួងការពារជាតិ ថាតើអាចនឹងមានការដាក់កូនរបស់ឥស្សរជនជាដឹកនាំក្រសួងនេះឫយ៉ាងណា គឺលោក ស សុខា និងលោក ទៀ សីហា។ ការដែលអ្នកបន្តវេនទាំង២នេះ ទទួលការចាប់អារម្មណ៍ក៏ព្រោះថា នៅក្នុងជួរគណបក្សប្រជាជនកម្ពុជា សម្តេចក្រឡាហោម ស ខេង និងសម្តេចពិជ័យសេនា ទៀ បាញ់ ជាអនុប្រធានគណបក្ស និងជាឥស្សរជនដែលមានអំណាចដឹកនាំកងកម្លាំងនៅប្រទេសកម្ពុជា។

កូនប្រុសច្បងរបស់សម្តេចក្រឡាហោម ស ខេង គឺលោក ស សុខា បញ្ចប់ បញ្ចប់ការសិក្សាថ្នាក់ឧត្តមសិក្សាពីប្រទេសបារាំង បច្ចុប្បន្នជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង លំដាប់លេខរៀងទី២ ហើយមានតួនាទីជារដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ដែលមានក្របខ័ណ្ឌដើមជានាយនគរបាលជាតិថ្នាក់ឧត្តមសេនីយ៍ក្រសួងមហាផ្ទៃ។ លោក ស សុខា ទទួលបានការដំឡើងឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ឯក (ផ្កាយ៣) ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩៩៣ ចុះថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨។

រាជរដ្ឋាភិបាលកាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ សម្រេចតែងតាំងលោក ស សុខ ជាអនុប្រធានក្រុម ការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រៃវែង។ តួនាទីថ្មីនេះលោកមានភារកិច្ចត្រួតពិនិត្យ និងគាំទ្រ ការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល និងជាតំណាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រៃវែង។

ក្រៅពីកិច្ចការនយោបាយ បច្ចុប្បន្នលោក ស សុខា ជាអនុប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជាទទួលបន្ទុកខេត្តព្រៃវែង និងខេត្តបាត់ដំបង។

ចំណែកលោក ទៀ សីហា ជាកូនប្រុសទី២ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បច្ចុប្បន្នលោកកាន់តំណែងជាអភិបាលខេត្តសៀមរាប។ លោកបានបញ្ចប់ការសិក្សាផ្នែកពាណិជ្ជកម្មពីមហាវិទ្យាល័យ Passy Saint-Honoré នាទីក្រុងប៉ារីស ក្នុងឆ្នាំ២០០១ នៅទីក្រុង បារីសនិងសាលាបណ្ឌិត្យសភាយោធាបារាំង។

លោក ទៀ សីហា អតីតមន្ត្រីកងរាជអាវុធរាជធានីភ្នំពេញ ជាអតីតប្រធានក្រុមនិស្សិតស្ម័គ្រចិត្តវាស់វែងដីធ្លីទូទាំងប្រទេស ប្រចាំខេត្តសៀមរាប។ ហើយកាលណោះលោកត្រូវបានលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា តែងតាំងធ្វើប្រធាន ស.ស.យ.ក ខេតសៀមរាបផងដែរ។

លោក ទៀ សីហា ជានាយទាហានជាន់ខ្ពស់នៃកងយោធពលខេមភូមិន្ទក្រសួងការពារជាតិ ទទួលការតែងតាំងជាឧត្តមសេនីយ៍ត្រី កាលឆ្នាំ២០១១ ជាឧត្តមសេនីយ៍ទោ ក្នុងឆ្នាំ២០១៤ និងតែងតាំងជាឧត្តមសេនីយ៍ឯកផ្កាយ ៣ កាលពីថ្ងៃទី ៧ ខែមករាឆ្នាំ ២០២២។ បច្ចុប្បន្ន លោក ទៀ សីហា ជាសមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប៕