ពលរដ្ឋខ្ចីលុយធនាគារយកទៅប្រើក្នុងវិស័យកម្មន្តសាល និងទិញផ្ទះផ្ទាល់ខ្លួន មានការកើនឡើង

សង្គម​និង​សេដ្ឋកិច្ច

ធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា ប្រព័ន្ធធនាគារនៅតែទទួលបានជំនឿទុកចិត្តពីវិនិយោគិន និងសាធារណជន និងបានបន្តពង្រីកវិសាលភាពក្រោយវិបត្តិកូវីដ-១៩។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

របាយការណ៍លទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២៣ របស់ធនាគារជាតិនៃកម្ពុជា ផ្សព្វផ្សាយនៅថ្ងៃទី៣១ ខែកក្កដានេះ បានឲ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០២៣នេះ សម្រាប់វិស័យធនាគារ ឥណទានត្រូវបានផ្ដល់ទៅកាន់វិស័យសំខាន់ៗក្នុងសេដ្ឋកិច្ច ដោយមានកំណើន ១១,៩% ថមថយធៀបនឹងគ្រាដូចគ្នាឆ្នាំមុន (២៥%)។ វិស័យដែលមានកំណើនខ្ពស់ជាងគេ រួមមាន៖ វិស័យកម្មន្តសាល (២២,២%), ការទិញផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួន (១៧,៥%), ការជួញដូរអចលនទ្រព្យ (១៣,៦%), កសិកម្ម (១៣,៤%)។ល។

ដោយឡែក វិស័យមីក្រូហិរញ្ញវត្ថុបន្តផ្តល់ហិរញ្ញប្បទានដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម ព្រមទាំងប្រជាពលរដ្ឋនៅតាមទីជនបទ ដោយឥណទានបានកើនឡើង ១៤,៨% ថមថយបន្តិចធៀបនឹងគ្រោះដូចគ្នាឆ្នាំមុន (១៦,២%)។ វិស័យដែលមានកំណើនខ្ពស់ជាងគ រួមមាន៖ កម្មន្តសាល (៣០,៨%), អង្គភាពគ្រួសារ (១៨,៤%), ពាណិជ្ជកម្មនិងជំនួញ (១៥%), សំណង់ (១៤%), កសិកម្ម (១៣,២%)។ល។

បើតាមធនាគារជាតិនៃកម្ពុជា បច្ចុប្បន្ន គ្រឹះស្ថានហិរញ្ញវត្ថុទទួលប្រាក់បញ្ញើមាន៖ ធនាគារពាណិជ្ជចំនួន ៥៩ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើចំនួន ៥។ ចំណែក គ្រឹះស្ថានហិរញ្ញវត្ថុមិនទទួលប្រាក់បញ្ញើ មាន៖ ធនាគារឯកទេសចំនួន ៩ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនទទួលប្រាក់បញ្ញើចំនួន ៨២ គ្រឹះសា្ថនភតិសន្យាហិរញ្ញវត្ថុចំនួន ១៧ (កើន១គ្រឹះស្ថាន) គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ចំនួន ៣៥ (កើន១គ្រឹះស្ថាន) គ្រឹះស្ថានឥណទានជនបទចំនួន ១១៨ (ថយចុះ ១០៥ គ្រឹះស្ថាន) អ្នកដំណើរការតតិយភាគីចំនួន ៦ អាជីវកម្មប្តូរប្រាក់ចំនួន ២៨៩០ (កើន២៤ អាជីវកម្ម) និង ការិយាល័យតំណាងធនាគារបរទេសចំនួន ៦៕