លោក ហ្សង់ ហ្វ្រង់ស័រ តាន់ ប្រកាសដើរចេញពីតំណែងគ្រប់គ្រងវិទ្យុបារាំងអន្តរជាតិ RFI

សង្គម​និង​សេដ្ឋកិច្ច

លោក ហ្សង់ ហ្វ្រង់ស័រ តាន់ ប្រកាសដើរចេញពីតំណែងគ្រប់គ្រងវិទ្យុបារាំងអន្តរជាតិ RFI ជាខេមរភាសា នៅថ្ងៃទី៣១សីហាខាងមុខនេះ ពោលគឺប្រមាណ៣០ថ្ងៃទៀត លោកនឹងបញ្ចប់តួនាទី ក្រោយបំពេញការងារបានប្រមាណ ៣០ឆ្នាំ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួននាយប់ថ្ងៃទី១ ខែសីហានេះ លោក ហ្សង់ ហ្វ្រង់ស័រ តាន់ បានបញ្ជាក់ថា ក្នុងពេលនេះ ទោះជាត្រូវនៅបន្តកិច្ចការបន្តិចបន្តួចនៅវិទ្យុRFIរហូតដល់ចុងខែសីហាក្តី លោកសូមថ្លែងអំណរគុណនិងសរសេរលាឱ្យហើយប្រិយមិត្តទាំងអស់ដែលគាំទ្ររូបលោកជាយូរឆ្នាំកន្លងមកហើយ។

លោក ហ្សង់ ហ្វ្រង់ស័រ តាន់ សរសេរយ៉ាងដូច្នេះថា៖ «ខ្ញុំមិនភ្លេចទេ ប្រិយមិត្តអ្នកគាំទ្រខ្ញុំបាទដំបូងគេបង្អស់នៅប៉ារីសនិងជាយក្រុងប៉ារីសដែល ពីឆ្នាំ១៩៩៣ដល់ឆ្នាំ២០០៥ តាមដានស្តាប់វិទ្យុRFI តាមរលកអាកាសមធ្យមOM។  ខ្ញុំមិនភ្លេចទេ ប្រិយមិត្តអ្នកគាំទ្រខ្ញុំបាទនៅកម្ពុជាដែល ពីឆ្នាំ២០០៥ដល់ឆ្នាំ២០២៣ តាមដានស្តាប់វិទ្យុRFIតាមរលកអាកាសFM។ ខ្ញុំមិនភ្លេចទេ ប្រិយមិត្តអ្នកគាំទ្រខ្ញុំបាទនៅគ្រប់ជ្រុងជ្រយ ក្នុងពិភពលោកដែល ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តាមដានស្តាប់វិទ្យុRFI តាមប្រព័ន្ធឌីជីថល ពិសេស Facebook និងYouTube។ ចំពោះការគាំទ្រនិងសេចក្តី ស្រឡាញ់ទាំងអស់នេះ ខ្ញុំសូមលំឱនកាយសំពះដឹងគុណ»។

ទន្ទឹមគ្នានេះដែរ លោក ហ្សង់ ហ្វ្រង់ស័រ តាន់ ក៏ផ្ញើក្តីនឹករលឹកទៅកាន់សហការីជំនាន់ទីមួយរបស់លោកនៅវិទ្យុRFI ដែលសុទ្ធសឹងជាបញ្ញវន្ត អតីតគ្រូបង្រៀន និងអ្នកកាសែតជើងចាស់សម័យមុន ចំពោះការជួយផ្នែកភាសាខ្មែរកាលសម័យហ្នឹង ភាសាខ្មែរលោកមិនជ្រៅជ្រះ។

ជាមួយគ្នានោះដែរ លោកក៏សូមអរគុណសហការីជំនាន់ទី២ ទី៣ និងទី៤ នៅប៉ារីសក៏ដូចនៅភ្នំពេញ។ ភាគច្រើននៅបន្តការងារក្នុងស្ថាប័នRFIតទៅទៀត។ រីឯមួយចំនួនតូចបានក្លាយជាថ្នាក់ដឹកនាំនយោបាយឬជាឧត្តមមន្ត្រីនៅស្រុកខ្មែរ។ 

លោក ហ្សង់ ហ្វ្រង់ស័រ តាន់ បានឱ្យដឹងថា ក្រោយលោកលាឈប់ពីវិទ្យុបារាំង ចាប់ពីថ្ងៃទី១កញ្ញាខាងមុខនេះតទៅ លោក សេង ឌីណា និងលោក គួច គុន្ធារ៉ា នឹងដើរតួនាទីជាអ្នកដឹកនាំវិទ្យុRFIជាខេមរភាសា គ្រប់គ្រងក្រុមការងារនៅប៉ារីសនិងនៅភ្នំពេញ។

ចុងក្រោយបង្អស់ លោកក៏សូមអរគុណថ្នាក់ដឹកនាំវិទ្យុបារាំងអន្តរជាតិជាបន្តបន្ទាប់ តាំងពីឆ្នាំ១៩៩៣មក។ អរគុណចំពោះទំនុកចិត្ត អរគុណចំពោះតំណែងជាបន្តបន្ទាប់ អរគុណដែលតាមរយៈបង្អួចដ៏តូចមួយនៃស្ថាប័នវិទ្យុRFIជាខេមរភាសា បើកលទ្ធភាពឱ្យលោកបន្លឺសំឡេងផ្សព្វផ្សាយចំណេះដឹងដល់ប្រជាជនខ្មែរដើម្បីប្រយោជន៍នៃកម្ពុជា៕