រដ្ឋាភិបាល ចេញអនុក្រឹត្យពង្រីកទំហំផ្ទៃដីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់បន្ថែម រហូតជាង៤ពាន់ហិកតា

សង្គម​និង​សេដ្ឋកិច្ច

រាជរដ្ឋាភិបាល បានចេញអនុក្រឹត្យស្ដីពីការកែប្រែដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ក្នុងគោលបំណងធានាការថែរក្សា ការពារសោភណភាពធម្មជាតិ និងទេសភាព ប្រព័ន្ធអេកូឡូស៊ី និងជីវៈ ដើម្បីឆ្លើយតបទៅនឹងគោលដៅអភិវឌ្ឍន៍ដោយចីរភាព។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមអនុក្រឹត្យដែលចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងបានផ្សាយចេញនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣ បានឱ្យសម្រេចថា បានកែប្រែដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ពីផ្ទៃដីទំហំ២៥៣ ៧៥០(ពីរសែនប្រាំម៉ឺនបីពាន់ប្រាំពីររយ ហាសិប)ហិកតា មកផ្ទៃដីទំហំ២៥៨ ១៧២(ពីរសែនប្រាំម៉ឺនប្រាំបីពាន់មួយរយចិតសិបពីរ)ហិកតា ពោលចំនួននេះ គឺលើសពីទំហំផ្ទៃដីបច្ចុប្បន្នរហូត៤ ៤២២ ហិកតា ដែលមានទីតាំងស្ថិតក្នុង ភូមិសាស្ត្រខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់។

អនុក្រឹត្រ្យដដែលបន្តថា ផ្ទៃដីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ខាងលើនេះ បានមកពីការបញ្ចូលផ្ទៃដីទំហំ២៥៣ ៧៥០(ពីរសែនប្រាំម៉ឺន បីពាន់ប្រាំពីររយហាសិប)ហិកតា ដែលមានចែងក្នុងព្រះរាជក្រឹត្យ ចុះថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ១៩៩៣ ស្តីពីការបង្កើត តំបន់ការពារធម្មជាតិ និងផ្នែកខ្លះនៃរបៀងអភិរក្សជីវៈចម្រុះជួរភ្នំក្រវាញ ដែលមានផ្ទៃដីទំហំ៤ ៤២២(បួនពាន់ បួនរយម្ភៃពីរ)ហិកតា ដែលមានចែងក្នុងអនុក្រឹត្យលេខ០៧ អនក្រ.បក ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ ស្តីពី ការបង្កើតរបៀងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ។

បើតាមរាជរដ្ឋាភិបាលបញ្ជាក់ថា ការចេញអនុក្រឹត្យនេះមានគោលបំណងធានាការថែរក្សា ការពារសោភណភាពធម្មជាតិ និងទេសភាព ប្រព័ន្ធអេកូឡូស៊ី និងជីវៈចម្រុះ សម្រាប់វិទ្យាសាស្ត្រ ការអប់រំ ការសិក្សាស្រាវជ្រាវ និងការកម្សាន្ត,លើកកម្ពស់តួនាទី សក្តានុពល និងកិត្យានុភាពនៃប្រព័ន្ធអេកូឡូស៊ី ឆ្លើយតបទៅនឹងគោលដៅអភិវឌ្ឍន៍ដោយចីរភាព, រក្សាលំនឹងបរិស្ថាន និងរួមចំណែកកាត់បន្ថយការប្រែប្រួលអាកាសធាតុនិងហានិភ័យគ្រោះមហន្តរាយធម្មជាតិ ,ផ្តល់ផលិតផលនិងសេវាកម្មធម្មជាតិសម្រាប់ការប្រើប្រាស់ប្រកបដោយនិរន្តរភាព, ជំរុញនិងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនិងសហគមន៍មូលដ្ឋាន ដើម្បីរួមចំណែកក្នុងកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ ការការពារធនធានធម្មជាតិ និងការរស់នៅដោយចីរភាព, និងលើកកម្ពស់ការចូលរួមរបស់សហគមន៍មូលដ្ឋាន ក៏ដូចជាសាធារណជនក្នុងការចូលរួមចំណែកដល់ ការគ្រប់គ្រង ការការពារ និងការអភិរក្សជីវៈចម្រុះ និងធនធានធម្មជាតិក្នុងតំបន់ជាដើម។

តាមរយៈអនុក្រឹត្យខាងលើ រាជរដ្ឋាភិបាល ក៏បានសម្រេចឱ្យក្រសួងបរិស្ថានមានសមត្ថកិច្ចរៀបចំ កែប្រែ និងគ្រប់គ្រងតំបន់ឧទ្យានជាតិព្រះមុនីវង្ស«បូកគោ» ដោយ សហការជាមួយក្រសួង ស្ថាប័ន ដ្ឋបាលខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ ដើម្បីធានាដល់ការគ្រប់គ្រងបរិស្ថាន ការអភិរក្សជីវៈចម្រុះ ការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព និង ការរស់នៅដោយចីរភាព ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមានផងដែរ៕

អត្ថបទ៖ ពិសី