ដន្លងសម្តេចវិបុលសេនាភក្តី សាយ ឈុំ ដាក់ឲ្យចូលនិវត្តន៍ពីប្រធានតុលាការកំពូល

សង្គម​និង​សេដ្ឋកិច្ច

ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ សម្រេចដាក់ឲ្យលោក ឌិត មុន្ទី ប្រធានតុលាការកំពូល រួមទាំងចៅក្រមតុលាការកំពូល ២រូបទៀតចូលនិវត្តន៍តាមការស្នើសុំរបស់សាមុីខ្លួននៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ព្រះរាជសារព្រះករុណា ព្រះមហាក្សត្រ កាលពីថ្ងៃទី១១ ខែសីហា មានបន្ទូលឲ្យលោក កើត រិទ្ធ សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម និងជារដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ចាត់ចែងតាមនីតិវិធីចំពោះសំណើរសុំចូលនិវត្តន៍ដោយស្ម័គ្រចិត្តពីតួនាទីប្រធានតុលាការកំពូលរបស់លោក ឌិត មុន្ទី ដោយសារតែមានវ័យកាន់ច្រើន និងបញ្ហាសុខភាព។

ព្រះរាជក្រឹត្យ ត្រាស់បង្គាប់ ដាក់ឱ្យចូលនិវត្តន៍ក្នុងឋានន្តរស័ក្តិឧត្តមចៅក្រម នៃក្របខណ្ឌចៅក្រម តាមការស្នើស៉ំរបស់សាមីខ្លួន ចំពោះប្រធានតុលាការកំពូល លោក ឌិត មុន្ទី និងចៅក្រមតុលាការកំពូល លោក សោម សិរិវឌ្ឍ លោក ទី ណេង នឹងត្រូវគិតចាប់ពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣។

លោក ឌិត មុន្ទី ជាសមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ជាឪពុករបស់រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា ដែលជាឈាមថ្មីបន្តវេនរបស់គណបក្សប្រជាជនកម្ពុជា។ លោក ឌិត មុន្ទី ជាដន្លងសម្តេចវិបុលសេនាភក្តី សាយ ឈុំ ជាឪពុកក្មេកលោក សាយ សំអាល់ រដ្ឋមន្រ្តីបរិស្ថានដែលជាភរិយាលោកស្រី ឌិត នីតា ម្ចាស់គ្រឹះស្ថានមីក្រូហិញ្ញវត្ថុ ខេមា និងជាម្ចាស់ក្រុមហ៊ុុនព័ត៌មាន AMS (APSARA MEDIA SERVICES)។

ក្នុងសារសំឡេងឆ្លើយតបនឹងការផ្សាយញុះញង់របស់វិទ្យុអាស៊ីសេរីពាក់ព័ន្ធនឹងការរៀបចំសមាសភាពក្បាលម៉ាស៊ីនរដ្ឋសភា កាលពីថ្ងៃទី៩ ខែសីហា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានបញ្ជាក់ដែរថា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងលោក ឌិត មុន្ទី ប្រធានតុលាការកំពូល សុទ្ធតែបានដាក់ពាក្យសុំចូលនិវត្តន៍ពីតួនាទី ព្រោះតែមានវ័យច្រើន។

ក្រៅតែពីសម្តេច សាយ ឈុំ និងលោក ឌិត មុន្ទី ហើយនោះ សម្តេចតេជោក៏បានប្រកាសឱ្យដឹងផងដែរថា អនុប្រធានព្រឹទ្ធសភាទី១ លោក សឹម កា និងលោកស្រី ទី បូរ៉ាស៊ី ប្រធានគណៈកម្មការកិច្ចការបរទេសសហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មានព្រឹទ្ធសភា ព្រមទាំងសមាជិកព្រឹទ្ធសភាមានវ័យចំណាស់មួយចំនួនទៀត ក៏បានដាក់ពាក្យលាឈប់ពីការងារផងដែរ៕