ADB៖ វិបត្តិថ្លៃទ្រទ្រង់ជីវភាពកើនឡើងកំពុងធ្វើឱ្យប៉ះពាល់ដល់វឌ្ឍនភាពឆ្ពោះទៅរកការលុបបំបាត់ភាពក្រីក្រ

សង្គម​និង​សេដ្ឋកិច្ច

កំណើននៃវិបត្តិថ្លៃទ្រទ្រង់ជីវភាព ដែលបង្កឡើងដោយអតិផរណាកើនឡើងកាលពីឆ្នាំមុន រួមជាមួយនឹងឥទ្ធិពលរ៉ាំរ៉ៃនៃជំងឺរាតត្បាតកូវីដ១៩ កំពុងបន្តរុញប្រជាជននៅអាស៊ីនិងប៉ាស៊ីហ្វិក ឱ្យធ្លាក់ទៅក្នុងភាពក្រីក្រខ្លាំង នេះបើយោងតាមរបាយការណ៍ថ្មីមួយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមសូចនាករសំខាន់ៗសម្រាប់អាស៊ីនិងប៉ាស៊ីហ្វិកឆ្នាំ ២០២៣ ដែលបានចេញផ្សាយនៅថ្ងៃនេះ បានឱ្យដឹងថា ប្រជាជនប្រមាណ ១៥៥,២ លាននាក់ក្នុងតំបន់ អាស៊ី និងប៉ាស៊ីហ្វិកកំពុងអភិវឌ្ឍ ឬ ៣,៩% នៃចំនួនប្រជាជនសរុបក្នុងតំបន់ បានរស់នៅក្នុងភាពក្រីក្រខ្លាំង គិតត្រឹមឆ្នាំមុន។

របាយការណ៍បានឱ្យដឹងទៀតថាចំនួននេះគឺ ៦៧,៨ លាននាក់ច្រើនជាងចំនួន ក្នុងករណីគ្មានជំងឺរាតត្បាត និងការកើន ឡើងនៃវិបត្តិថ្លៃទ្រទ្រង់ជីវភាព។ ភាពក្រីក្រខ្លាំងត្រូវបានកំណត់ថាជាការរស់នៅក្នុងស្ថានភាពដែលគិតជា ទឹកប្រាក់តិចជាង ២,១៥ ដុល្លារ ក្នុងមួយថ្ងៃ នេះផ្អែកលើមូលដ្ឋានតម្លៃឆ្នាំ ២០១៧ និងដែលត្រូវបានកែសម្រួលលើមូលដ្ឋានអំណាចទិញ និងអតិផរណា។

លោក Albert Park ប្រធានសេដ្ឋវិទូរបស់ ADB បានមានប្រសាសន៍ថា «អាស៊ី និងប៉ាស៊ីហ្វិកកំពុង ងើបឡើងវិញជាបណ្តើរៗពីជំងឺរាតត្បាតកូវីដ១៩ ប៉ុន្តែវិបត្តិថ្លៃទ្រទ្រង់ជីវភាពកើនឡើងកំពុងធ្វើឱ្យប៉ះពាល់ ដល់វឌ្ឍនភាពឆ្ពោះទៅរកការលុបបំបាត់ភាពក្រីក្រ។ តាមរយៈការពង្រឹងសំណាញ់សុវត្ថិភាពសង្គមសម្រាប់ ជនក្រីក្រនិងការជំរុញការវិនិយោគ និង ការច្នៃប្រឌិតដែលបង្កើតឱកាសសម្រាប់កំណើននិងការងារ រដ្ឋាភិបាលក្នុងតំបន់អាចស្តារស្ថានភាពឡើងវិញបាន»។

ប្រជាជនក្រីក្របានរងទុក្ខវេទនាបំផុតដោយសារវិបត្តិថ្លៃទ្រទ្រង់ជីវភាពកើនឡើង ដោយសារពួកគាត់មិនសូវមានលទ្ធភាពចំណាយច្រើនលើតម្រូវការចាំបាច់ដូចជាអាហារ និងប្រេងឥន្ធនៈ។ ការកើនឡើងនៃតម្លៃទំនិញ និងសេវាកម្មជាមូលដ្ឋានធ្វើឱ្យប្រជាជនក្រីក្រជាច្រើនមិនអាចសន្សំប្រាក់ ចំណាយលើការថែទាំសុខភាព ឬ វិនិយោគលើការអប់រំក៏ដូចជាឱកាសផ្សេងទៀតដែលអាចធ្វើឱ្យប្រសើរឡើងនូវស្ថានភាពរបស់ពួកគាត់ក្នុងរយៈពេលវែង។ ស្ត្រីក៏អាចទទួលរងផលប៉ះពាល់លើសពីនេះដែរ ព្រោះពួកគាត់ទំនងជារកចំណូលបានតិចជាងបុរស ខណៈដែលត្រូវទទួលរ៉ាប់រងការងារដែលគ្មានប្រាក់ខែផងដែរ។

របាយការណ៍ក៏កត់សម្គាល់ដែរថាអ្នកក្រមិនត្រឹមតែ រកប្រាក់ចំណូលបានតិចប៉ុណ្ណោះទេ ពួកគាត់ក៏ខាតបុព្វលាភដើម្បីទទួលបានទំនិញ និង សេវាកម្មសំខាន់ៗជាច្រើន ព្រោះត្រូវបង្ខំចិត្តជ្រើសរើសអ្វីដែលអាចនឹងកាន់តែខាតបង់ក្នុងរយៈពេលយូរ។ ជាឧទាហរណ៍ គ្រួសារដែលមានចំណូលទាបអាចត្រូវទិញទំនិញក្នុងបរិមាណតិច ដែលអាចថ្លៃជាងការទិញក្នុងបរិមាណច្រើន។ ពួកគាត់ក៏អាចត្រូវបង្ខំចិត្តរស់នៅក្នុងលំនៅបណ្តោះអាសន្ន ដែលអាចនាំមកនូវបញ្ហាប្រឈមកាន់តែខ្ពស់ដល់សុខភាព ដែលនឹងបង្កើនតម្លៃថែទាំសុខភាពរបស់ពួកគាត់ ហើយដែលពួកគាត់អាចត្រូវធ្វើដំណើរកាន់តែឆ្ងាយ និង ពិបាក។

ADB បានប៉ាន់ប្រមាណកាលពីឆ្នាំ ២០២១ ថាជំងឺរាតត្បាតបានជំរុញឱ្យមនុស្សពី ៧៥ ទៅ ៨០ លាននាក់បន្ថែមទៀតធ្លាក់ចូលទៅក្នុងភាពក្រីក្រខ្លាំងត្រឹមឆ្នាំមុននេះ បើធៀបនឹងការព្យាករមុនជំងឺរាតត្បាត។ ពេលនោះ ភាពក្រីក្រខ្លាំងត្រូវបានកំណត់ថាជាការរស់នៅក្នុងស្ថានភាពដែលគិតជាទឹកប្រាក់តិចជាង ១,៩០ ដុល្លារក្នុងមួយថ្ងៃ ដែលវាមានមូលដ្ឋានលើតម្លៃក្នុងឆ្នាំ ២០១១។

ប្រទេសក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិកកំពុងអភិវឌ្ឍ ត្រូវបានព្យាករថា នឹងបន្តធ្វើឲ្យមានការរីក ចម្រើនប្រឆាំងនឹងភាពក្រីក្រ។ ទោះជាយ៉ាងនេះក្តី នៅឆ្នាំ ២០៣០ ប្រជាជនក្នុងតំបន់ប្រមាណ ៣០,៣% ឬ ប្រហែល ១,២៦ ពាន់លាននាក់ នឹងនៅតែត្រូវបានចាត់ទុកថាងាយរងគ្រោះផ្នែកសេដ្ឋកិច្ច ដែលជាការកំណត់ថា ជាជីវភាពរស់នៅក្នុងស្ថានភាពដែលគិតជាទឹកប្រាក់គឺ ៣,៦៥ ដុល្លារ ទៅ ៦,៨៥ ដុល្លារ ក្នុងមួយថ្ងៃ ផ្អែកលើមូលដ្ឋានតម្លៃឆ្នាំ ២០១៧ ។

បើយោងតាមរបាយការណ៍នេះ ដើម្បីជួយដោះស្រាយវិបត្តិថ្លៃទ្រទ្រង់ជីវភាពកើនឡើងនេះ រដ្ឋាភិបាលក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក អាចពង្រឹងប្រព័ន្ធគាំពារសង្គម បង្កើនការគាំទ្ររបស់ពួកគេសម្រាប់ ការអភិវឌ្ឍកសិកម្ម កែលម្អលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុរបស់ប្រជាជន ផ្តល់អាទិភាពដល់ការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ និងលើកកម្ពស់ការច្នៃប្រឌិតបច្ចេកវិទ្យានិងការអភិវឌ្ឍធនធានមនុស្ស៕ អត្ថបទ៖សារេត