«រក្សាចាស់ បង្កើតថ្មី» ជាសារនយោបាយសម្តេចតេជោ ហ៊ុន សែន ក្រើនរំលឹកអ្នកបន្តវេនប្រុងប្រយ័ត្នរៀបចំមន្ត្រីក្នុងអាណត្តិថ្មី

សង្គម​និង​សេដ្ឋកិច្ច

«រក្សាចាស់ បង្កើតថ្មី» នេះជាសារនយោបាយរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខគណបក្សប្រជាជនកម្ពុជា ក្នុងអង្គប្រជុំនាដើមអាណត្តិទី៦ ឆ្នាំ២០១៨ ហើយត្រូវបានរំលឹកឡើងវិញសារជាថ្មីក្នុងបណ្តាញសង្គមតេឡេក្រាមនាព្រឹកថ្ងៃពុធ ទី៣០ ខែសីហានេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងសារបន្ថែមពីលើខ្លិបវីដេអូដែលបានបង្ហោះពាក់ព័ន្ធនឹងសារនយោបាយ «រក្សាចាស់ បង្កើតថ្មី» សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ដើម្បីជាការរំលឹកដល់មន្ត្រីបន្តវេនតាមស្ថាបន័សូមមានការប្រុងប្រយ័ត្នលើភាពអគុណធម៍សម្រាប់ការរៀបចំមន្ត្រីក្នុងអាណត្តិថ្មីបន្ថែមលើបណ្តាំរបស់សម្តេចតេជោ កាលពីល្ងាចថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ ពេលជួបជុំមុនពេលគណៈរដ្ឋមន្ត្រីថ្មីត្រូវបានរៀបចំ។

សម្តេចតេជោប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានសរសេរយ៉ាងដូច្នេះថា «ខ្ញុំគាំទ្រការកែទម្រង់ តែមិនគាំទ្រការរៀបចំណាដែលខ្វះការឲ្យតម្លៃសម្រាប់មនុស្សដែលខំធ្វើការក្នុងរយៈពេលកន្លងមកហើយត្រូវបានដកចេញដោយគ្មានមូលហេតុដែរ»។

អមដោយសាររំឭកជាថ្មីនេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា បើធ្វើនយោបាយ ដោយគ្រាន់តែកែទម្រង់ ដើម្បីតែដោះដូរមនុស្ស គឺគណបក្សនយោបាយនោះ នឹងស្លាប់។ ទន្ទឹងនឹងនោះសម្ដេចតេជោក៏បានរំឭកពីសមិទ្ធផលដែលសម្រេចបានកន្លងមក គឺផ្ដើមចេញពីមនុស្ស៥នាក់ ដែលអមដំណើរជាមួយសម្ដេចទៅសុំជំនួយពីវៀតណាម មករំដោះប្រទេសជាតិពីរបបខ្មែរក្រហម។ ត្រង់ចំណុចនេះហើយ ទើបសម្ដេចតេជោរំឭកឱ្យអ្នកបន្តវេនជំនាន់ក្រោយ ត្រូវអនុវត្តតាមទ្រឹស្តី «រក្សាចាស់ បង្កើនថ្មី» នេះ ទើបអាចសម្រេចជោគជ័យ។

ក្រោយកាន់តំណែងអស់ជាង៣៨ឆ្នាំ សម្តេចតេជោ ហ៊ុន សែន សម្រេចចាកចេញពីតំណែងនាយករដ្ឋមន្រ្តី ហើយដាក់អ្នកបន្តវេនគឺឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី។

បន្ទាប់ពីចាកចេញពីតំណែងនាយករដ្ឋមន្រ្តីកាលពីថ្ងៃទី២២ ខែសីហាកន្លងទៅ បច្ចុប្បន្នជាប្រធានគណបក្សកាន់អំណាច ជាប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ហើយនៅដើមឆ្នាំ២០២៤ខាងមុខ សម្តេចតេជោក៏រំពឹងគ្រោងកាន់តំណែងព្រឹទ្ធសភាជាតិ បន្តពីសម្តេចវិបុលសេនាភក្តី សាយ ឈុំ ដែលត្រូវចូលនិវត្តន៍៕