មុនចូលរួមកិច្ចប្រជុំកំពូលអាស៊ាន មេដឹកនាំកម្ពុជា-វៀតណាម និងឡាវ ជួបទទួលទានអាហារពេលព្រឹករួមគ្នា

សង្គម​និង​សេដ្ឋកិច្ច

​មេដឹកនាំកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត, លោក ផាម មីញជីញ នាយករដ្ឋមន្រ្តីវៀតណាម និងនាយករដ្ឋមន្រ្តីឡាវ លោក សនសៃ ស៊ីផាន់ដន បានទទួលទានអាហារពេលព្រឹក និងកិច្ចពិភាក្សាការងារត្រីភាគីនៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី មុនចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ នាព្រឹកថ្ងៃអង្គារ ទី៥ ខែកញ្ញានេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការជួបទទួលទានអាហារពេលព្រឹកនេះ គឺជាការបន្តប្រពៃណី ដែលថ្នាក់ដឹកនាំនៃប្រទេសទាំងបីតែងបានអនុវត្តកន្លងមក នៅមុនពេលបើកកិច្ចប្រជុំកំពូលធំៗ នៅក្នុងតំបន់ ។

នៅក្នុងជំនួបនេះ ថ្នាក់ដឹកនាំនៃប្រទេសទាំងបី បានពិភាក្សា និងបានឯកភាពជាគោលការណ៍ ទី១ បន្តរក្សាប្រពៃណីនៃការជួបទទួលទានអាហារពេលព្រឹក និងពិភាក្សាការងារត្រីភាគី នៅមុនពេលបើកកិច្ចប្រជុំកំពូលធំៗក្នុងតំបន់ ដែលតែងផ្ដល់ផលប្រយោជន៍ជាច្រើនដល់ប្រទេសទាំងបី។ ទី២ បន្តដោះស្រាយជាមួយគ្នា និងជំរុញសម្រេចឱ្យបាននូវលទ្ធផលចំពោះបញ្ហាដែលនៅសេសសល់ទាំងឡាយ។ ទី៣ បន្តអនុវត្តន៍យន្តការនៃការកំណត់ព្រំដែនរវាងប្រទេសទាំងបី ដើម្បីបញ្ចប់ទាំងស្រុង នាពេល ឆាប់ៗខាងមុខ។ ទី៤ បន្តកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី ទាំងក្នុងទិដ្ឋភាពសង្គម-សេដ្ឋកិច្ច, សន្តិសុខ, ការផ្សារភ្ជាប់រវាងប្រជាជន និង ប្រជាជន, វប្បធម៌ និង ប្រពៃណី។ ទី៥ មេដឹកនាំនៃប្រទេសទាំងបី ក៏បានជំរុញបន្ថែមនូវទំនាក់ទំនង និងការផ្សារភ្ជាប់រវាងប្រទេសទាំងបី លើគ្រប់មធ្យោបាយរួមទាំងហេដ្ឋារចនាសម្ព័ន្ធ ដូចជា ស្ពាន ផ្លូវ ផ្លូវដែក និងកំពង់ផែ, ខ្សែច្រវាក់ផ្គត់ផ្គង់, និងទេសចរណ៍ ។

នៅក្នុងជំនួបនេះផងដែរ នាយករដ្ឋមន្ត្រីវៀតណាម បានផ្ដាំផ្ញើការសួរសុខទុក្ខ និងក្តីនឹករលឹកជូនចំពោះ សម្ដេចតេជោ ហ៊ុន សែន ប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងបានបង្ហាញបំណងចង់ជួបសំណេះសំណាលដោយផ្ទាល់ជាមួយសម្តេចតេជោ នៅក្នុងពេលណាមួយខាងមុខ។ ទន្ទឹមនឹងនោះដែរ នាយករដ្ឋមន្ត្រីឡាវ ក៏បានអញ្ជើញសម្តេចមហាបវរធិបតី ទៅបំពេញទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសឡាវនាឆ្នាំ២០២៤ ខាងមុខផងដែរ៕